លោកចៅក្រមស៊ើបអង្កេត Laurent Kasper-Ansermet បានដាក់ពាក្យលាលែងទៅលោកអគ្គលេខាអង្គការសហប្រជាជាតិ គឺមានរយៈពេលប៉ុន្មានខែប៉ុណ្ណោះក្រោយពីលោកបានចូលកាន់តំណែងនេះដោយគ្មានការទទួលស្គាល់ពីភាគីកម្ពុជា។
នៅក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយដោយសាលាក្តីខ្មែរក្រហមឱ្យដឹងថា លោក Kasper-Ansermet នឹងបញ្ចប់ការងារនៅត្រឹមថ្ងៃទី០៤ខែឧសភាខាងមុខនេះ។
ចៅក្រមសញ្ជាតិស្វ៊ីសរូបនេះបានបង្កឱ្យមានការមិនសប្បាយចិត្តក្នុងភាគីកម្ពុជានិងរដ្ឋាភិបាលកម្ពុជាដោយសារតែលោកជម្នះក្នុងការស៊ើបអង្កេតករណី០០៣និង០០៤ ដែលរដ្ឋាភិបាលបានជំទាស់យ៉ាងខ្លាំង។
សាលាក្តីបានឱ្យដឹងថា ក្នុងតួនាទីជាចៅក្រមស៊ើបអង្កេតលោក Kasper-Ansermet បានជូនដំណឹងទៅជនសង្ស័យនៅក្នុងសំណុំរឿង០០៣និង០០៤អំពីសិទ្ធិរបស់ពួកគេហើយនឹងស្តាប់ចម្លើយដើមបណ្តឹងរដ្ឋប្បវេណីនៅក្នុងសប្តាហ៍ខាងមុខនេះ។
ឌុចធ្វើសក្ខីកម្មក្នុងសំណុំរឿងអតីតមេៗរបស់គាត់
កម្ពុជា៖ អតីតមេគុកដ៏ល្បីឈ្មោះរបស់ខ្មែរក្រហម បានមកថ្លែងជាកសិណសាក្សីនៅថ្ងៃច័ន្ទនេះ ប្រឆាំងនឹងមេដឹកនាំខ្មែរក្រហមបីនាក់ ដែលសាបព្រោះ ការបំភ័យទូទាំងប្រទេសកម្ពុជាកាលពីចុងទសវត្សរ៍ឆ្នាំ១៩៧០។
កាំង កាំង ហ្គេចអ៊ាវ ហៅ ឌុច ជាជនម្នាក់គត់ដែលបានត្រូវវិនិច្ឆ័យទោសដោយតុលាការអន្ដរជាតិ អំពីឧក្រិដ្ឋកម្មរបស់ក្រុមខ្មែរក្រហម។ ក្នុងសំណួរនៅថ្ងៃច័ន្ទ ឌុចនិយាយរ៉ាយរ៉ាប់ថា មេបញ្ជាការផ្ទាល់របស់គាត់បានបញ្ជាឲ្យគាត់សួរចម្លើយ អ្នកទោស ហើយបង្ហាញរបៀបប្រើខ្សែភ្លើងឆក់ ចាក់ទឹកលើក្បាល និងធ្វើឲ្យថប់ដង្ហើម។
អាជ្ញាធរនិយាយថា ឌុចបានផ្ដល់ភស្ដុតាងច្រើនប្រឆាំងនឹងប្រមុខរដ្ឋមានតែឈ្មោះរបស់ខ្មែរក្រហម គឺ ខៀវ សំផន មេមនោគមន៍វិជ្ជាដ៏ល្បីឈ្មោះ នួន ជា និង អតីតរដ្ឋមន្ដ្រីការបរទេស អៀង សារី ដែលអ្នកទាំងអស់នោះប្រឈមនឹងការចោទប្រកាន់ដ៏ច្រើនសន្ធឹកពាក់ព័ន្ធនឹងការគ្រប់គ្រងរដ្ឋរបស់ជនទាំងនោះ។
គេរំពឹងថា ជនទាំងអស់នោះនឹងចូលមកក្នុងសាលសវនាការទីក្រុងភ្នំពេញ ដើម្បីស្ដាប់ចម្លើយរបស់ឌុចដែលបានទទួលស្គាល់ថា បានសហការនិងឆ្លើយទៅនឹងសំណួររបស់តុលាការ។
ព័ត៌មានអន្តរជាតិសំខាន់ៗដទៃទៀត៖
ទីម័រខាងកើត៖ ប្រធានាធិបតីនៃប្រទេសទីម័រខាងកើត លោក ហូហ្សេ រ៉ាម៉ុស ហ័រតា (Jose Ramos Horta) បានសារភាពចាញ់ឆ្នោតនៅថ្ងៃច័ន្ទនេះ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាណត្ដិទីពីរ។
ដោយមានសំឡេងឆ្នោត៧០ភាគរយរាប់រួច លទ្ធផលបង្ហាញថា លោក Francisco Guterres ពីគណបក្សជំទាស់ Fretilin ទទួលសន្លឹកឆ្នោតលើស២៨ភាគរយ។ ហើយបន្ទាប់មានអតីតមេទ័ព Jose Maria de Vasconcelos ទទួលសំឡេង២៥ភាគរយ។ការបោះឆ្នោតវគ្គទីពីរត្រូវកំណត់នៅពាក់កណ្ដាលខែមេសា។
ប្រធានាធិបី រាម៉ុស ហ័រតា ដែលជាជ័យលាភីរង្វាន់ណូបែលសន្ដិសភាព ស្ថិតនៅពីក្រោយតាមសំឡេង១៨ភាគរយ។ នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃច័ន្ទ លោកហ័រតាបានសរសើរបេក្ខជនពីរនាក់ ដោយលោកថ្លែងថា លោកប្រុងនឹងចុះចេញពីតំណែង។
កូរ៉េ៖ ភាពតានតឹងកើនខ្ពស់ កាលពីថ្ងៃច័ន្ទនេះនៅឧបទ្វីបកូរ៉េ ដោយសាររដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានផ្សព្វផ្សាយវីដេអូបង្ហាញការហាត់សមយុទ្ធយោធាធំៗ ហើយរដ្ឋាភិបាលទីក្រុងសេអ៊ូលចោទកូរ៉េខាងជើងថា បានប្រើតារាសិប្បនិមិ្មត ជាលេសដើម្បីធ្វើតេស្តមកលើប្រព័ន្ធដឹកនាំអាវុធនុយក្លេអ៊ែរ។
ថៃ៖ កងកម្លាំងអាកាសរបស់ប្រទេសថៃ ស.រ.អ. និង សិង្ហបូរីនឹងធ្វើតេស្តសាកល្បងភាពប្រុងប្រៀប និងសមត្ថភាពធ្វើកិច្ចប្រតិបត្ដិការរួមក្នុងសមយុទ្ធយោធាឯមូលដ្ឋានយោធារបស់កងកម្លាំងយោធាថៃនៅខ្ពង់រាបនគរាជ(កូរ៉ាត)។
ស៊ីរី៖ ទូរទស្សន៍ជាតិស៊ីរីនិយាយថា មនុស្សបីនាក់ដែលគេហៅថាជាភេរវជន បានត្រូវបាញ់សម្លាប់ក្នុងពេលប្រយុទ្ធកាលពីថ្ងៃច័ន្ទរវាងក្រុមបះបោរ និងកងកម្លាំងរដ្ឋាភិបាលនៅក្នុងតំបន់អ្នកមាននៃទីក្រុងដាម៉ាស។
ឥណ្ឌូនេស៊ី៖ អាជ្ញាធរឥណ្ឌុនេស៊ីនិយាយថា ប៉ូលីសនៃកោះរមនីយដ្ឋានបាលី បានបាញ់សម្លាប់ជនសង្ស័យជាជនសកម្មប្រយុទ្ធ៥នាក់ ដែលកំពុងរៀបចំបើកការវាយប្រហារ រាប់ទាំងការប្លន់ផ្សេងៗមកលើសម្បត្ដិទ្រព្យនៅលើកោះ។
ចិន៖ បណ្ដាញព័ត៌មានរដ្ឋចិនរាយការណ៍ថា ហាងទំនិញលក់វត្ថុប្រណីតក្នុងរដ្ឋធានីប៉េកាំងបានលក់ដាច់អស់នូវវត្ថុប្រណីត នៅពេលដែលមានកិច្ចប្រជុំរបស់អង្គការនីតិបញ្ញតិចិននិងអង្គការទីប្រឹក្សាជាតិ។
អាស៊ី៖ ធនាគារអភិវឌ្ឍន៍អាស៊ីថ្លែងថា ការតំឡើងតម្លៃនៃអាហារដូចជាអង្ករនិងស្រូវសាឡីអាចរុញច្រានឲ្យមនុស្សជាង១០លាននាក់ធ្លាក់ចូលទៅក្នុងភាពក្រីក្រតោកយ៉ាកយ៉ាងជ្រៅបំផុតនៅតំបន់អាស៊ីភាគខាងត្បូង។
ពិភពលោក៖ ធនាគារពិភពលោកបានអំពាវនាវដល់រដ្ឋាភិបាលអាហ្វ្រិកនិងអ្នកផ្តល់អំណោយអន្ដរជាតិបង្កើនកិច្ចប្រឹងប្រែងដើម្បីការពារជំងឺឆ្លងថ្មី HIV ក្នុងគោលបំណងនឹងត្រួតត្រាមកលើតម្លៃព្យាបាលជំងឺ។
អាមេរិក៖ បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋដែលនាំមុខគេគឺ លោក មិត រ៉មនី (Mitt Romney) បានយកជ័យជម្នះក្នុងការបោះឆ្នោតបឋមនៅក្នុងដែនដីPuerto Rico ដោយពង្រឹងគោលជំហររបស់លោក ដើម្បីតទល់នឹងប្រធានាធិបតី បារ៉ាក់ អូបាម៉ា ក្នុងការបោះឆ្នោតជាតិនៅខែវិច្ឆិកា។
ហ្គីណេប៊ីស្សូ៖ បេសកម្មរបស់អ.ស.ប.នៅក្នុងប្រទេសហ្គីណេប៊ីស្សូ (Guinea Bissau) និយាយថា អង្គការពិភពលោកនោះនិងប្រទេសដៃគូអន្ដរជាតិ ពេញចិត្ដចំពោះការបោះឆ្នោតប្រធានាធិបតីនៅក្នុងប្រទេសនៃតំបន់អាហ្វ្រីកខាងលិចមួយនោះ ដែលធ្លាប់តែរងគ្រោះពីរដ្ឋប្រហារ។
អ៊ុយរូហ្គាយ៖ មន្រ្ដីតុលាការនៅក្នុងប្រទេសអ៊ុយរូហ្គាយ (Uruguay) បានដាក់ពាក្យបណ្ដឹងប្រឆាំងគិលានុប្បដ្ឋាយិកាប្រុសពីរនាក់ តាមបទឃាតកម្មមកលើអ្នកជំងឺនៅក្នុងមន្ទីរពេទ្យពីរ។ មន្ដ្រីផ្លូវការនិយាយថា ស្រ្ដីគិលានុប្បដ្ឋាយិកាម្នាក់បានលាក់បាំងព័តមានអំពីករណីនេះ។