លទ្ធផលដំបូងៗនៃការបោះឆ្នោតនៅទីម័រ ខាងកើតបញ្ជាក់ថាប្រទេសនេះនឹងមានការបោះឆ្នោតប្រធានាធិបតីជាថ្មី ដោយគ្មានលោក ចូសេ រ៉ាម៉ូស ហរតា ដែលជាមេដឹកនាំកំពុងកាន់អំណាចជាបេក្ខជនសម្រាប់ការបោះឆ្នោតជុំទីពីរទេ។
ដោយសន្លឹកឆ្នោតជាង៦០ភាគរយបានត្រូវរាប់រួចហើយ ពួកមន្ត្រីរៀបចំការបោះឆ្នោតនិយាយថាលោក រ៉ាម៉ូស ហរតា Ramos-Horta នៅពីក្រោយគេដោយមានសន្លឹកឆ្នោតគាំទ្រថ្នាក់ទីបី។
លទ្ធផលដំបូងៗបង្ហាញថាលោក ហ្វ្រង់ស៊ីស្កូ ហ្គូតេរ៉េស Francisco Guterres មកពីគណបក្ស ហ្វ្រេទីលីន Fretilin ដែលជាគណបក្សប្រឆាំងធំជាងគេបានឈានមុខគេដោយមានសន្លឹកឆ្នោតគាំទ្រប្រមាណ២៨ភាគរយ។ បន្ទាប់មក លោក ចូសេ ម៉ារីយ៉ា ដឹ វាស្កូសេឡូស Jose Maria de Vasconcelos អតីតអគ្គមេបញ្ជាការយោធាមានសន្លឹកឆ្នោតគាំទ្រ២៥ភាគរយ។
លោកប្រធានាធិបតី រ៉ាម៉ូស ហរតា Ramos-Horta ដែលជាជ័យលាភីរង្វាន់ណូបែលសន្តិភាពបានទទួលសន្លឹកឆ្នោតគាំទ្រតែជាង១៨ភាគរយប៉ុណ្ណោះ។
រុស្ស៊ី៖ ពួកប៉ូលីសរុស្ស៊ីទប់ទល់នឹងកុបកម្មបានឃាត់ខ្លួនពួកបាតុកររាប់សិបនាក់ដែលបានធ្វើបាតុកម្មនៅខាងមុខស្ថានីយ៍ទូរទស្សន៍មួយ បន្ទាប់ស្ថានីយ៍នេះបានផ្សាយឯកសារមួយដែលបានបង្ហាញថាមានគេចំណាយប្រាក់លើកុបករដើម្បីឱ្យចូលរួមក្នុងការប្រជុំមហាជនប្រឆាំងនឹងលោកវ៉្លដឹមៀរ ពូទីន ដែលជាប្រធានាធិបតីជាប់ឆ្នោត។
ស៊ីរី៖ គ្រាប់បែកមួយគ្រាប់បានផ្ទុះនៅក្នុងក្រុងអាឡេប៉ូ ដែលជាក្រុងធំទីពីរនៅស៊ីរី មួយថ្ងៃក្រោយពីមានការផ្ទុះគ្រាប់ដាក់ក្នុងទ្បាន២គ្រឿងក្នុងរដ្ឋធានីដាម៉ាស់ដែលបានបណ្តាលឱ្យមនុស្ស២៧នាក់ស្លាប់និងមានមនុស្សជាង១០០នាក់ទៀតត្រូវរបួស។
លីប៊ី៖ អង្គការប៉ូលីសអន្តរជាតិ បានចេញផ្សាយឯកសារព្រមានស្វះស្វែងចាប់ខ្លួននិងបញ្ជូនខ្លួនអតីតមេចារកម្មរបស់ម៉ូអាម៉ា ហ្កាដាហ្វី Moammar Gadhafi នៅក្រោយការចាប់ខ្លួនគាត់ក្នុងប្រទេស ម៉ូរីតានី Mauritanie។
យេម៉ែន៖ ក្រុមសកម្មប្រយុទ្ធយេម៉ែនមួយដែលមានចំណងទាក់ទងជាមួយពួក អាល់កៃដា និយាយថាពួកគេបានបាញ់សម្លាប់គ្រូបង្រៀនអាមេរិកាំងម្នាក់ក្នុងភាគខាងត្បូងនៃប្រទេស ពីព្រោះលោកបានផ្សព្វផ្សាយគ្រឹស្តសាសនា។ ពួកជនសកម្មប្រយុទ្ធដែលជិះម៉ូតូមួយគ្រឿងបានបាញ់បុរសនេះក្នុងរថយន្តរបស់លោកក្នុងក្រុង តៃស៍ កាលពីថ្ងៃអាទិត្យ។
ឥណ្ឌូនេស៊ី៖ ទីភ្នាក់ងារព័ត៌មានបារាំង AFP បានផ្សាយថាពួកប៉ូលីសឥណ្ឌូនេស៊ី បាននិយាយថាពួកប៉ូលីសប្រឆាំងភេរវកម្មបានសម្លាប់ជន៥នាក់ជាប់សង្ស័យថាជាភេរវជននៅក្នុងការវាយឆ្មក់២លើកកាលពីយប់ថ្ងៃអាទិត្យនៅលើកោះលំហែបាលី។
ហ្គីនី ប៊ីសូ៖ កាលពីថ្ងៃអាទិត្យ ក្រុមអ្នកបោះឆ្នោតក្នុងប្រទេសហ្គីនី ប៊ីសូ Guinee Bissau នាប៉ែកខាងលិចនៃទ្វីបអាហ្វ្រិកដែលមានរដ្ឋប្រហារញឹកញាប់បានបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីម្នាក់។
អាល្លឺម៉ង់៖ ពួកសមាជិកសភានៃប្រទេសអាល្លឺម៉ង់បានបោះឆ្នោតជ្រើសតាំងលោកចូអាឈីម ហ្កូក Joachim Gauck ដែលជាអតីតសកម្មជនសិទ្ធិមនុស្សអាល្លឺម៉ង់ខាងកើតឱ្យកាន់តំណែងជាប្រធានាធិបតីថ្មីរបស់ប្រទេស។