ប៉ាគីស្ថាន៖ យោងតាមខ្សែវីដេអូបង្ហោះតាមប្រព័ន្ធអ៊ិនធឺណិត មេដឹកនាំ អាល់កៃដា ឈ្មោះ អាយមែន អាល ហ្សាវ៉ាហ៊ីរី (Ayman al-Zawahiri) បានសុំដល់ពលរដ្ឋប៉ាគីស្ថានឱ្យធ្វើតាមឧទាហរណ៍នៃពួកអ្នកកាន់សាសនាអ៊ីស្លាមក្នុងប្រទេសអេហ្ស៊ីបនិងប្រទេសទុយនេស៊ី ហើយធ្វើការបះបោរ «ងើបឈរទ្បើងប្រឈមមុខនឹងរដ្ឋាភិបាលស៊ីសំណូក... និងពួកឧត្តមសេនីយ៍ក្បត់ទាំងនេះ» ដែល «បង្ហូរឈាមរបស់ពួកអ្នកកាន់សាសនាអ៊ីស្លាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងប្រទេសប៉ាគីស្ថានដើម្បីបំពេញហោប៉ៅរបស់ពួកមេដឹកនាំប៉ាគីស្ថាន ហើយនិងមិនប្រយុទ្ធដើម្បីការពារលោកអ្នកទេ។»
អាហ្វហ្គានីស្ថាន៖ លោកប្រធានាធិបតីអាហ្វហ្គានីស្ថាន ហាមីត កាហ្សាយ (Hamid Karzai) បានចោទប្រកាន់សហរដ្ឋអាមេរិកថាមិនបានធ្វើកិច្ចសហប្រតិបត្តិការនៅក្នុងការស៊ើបអង្កេតអំពីការសម្លាប់រង្គាលនៃអ្នកស្រុកអាហ្វហ្គានីស្ថាន១៦នាក់ដោយទាហានអាមេរិកម្នាក់ទេ នៅពេលដែលគណៈប្រតិភូដែលលោកបានបញ្ជូនឱ្យទៅស៊ើបអង្កេតអំពីការសម្លាប់ទាំងនេះមិនបានទទួលកិច្ចសហប្រតិបត្តិការដែលពួកគេបានរំពឹងថានឹងមានពួកមន្ត្រីអាមេរិកទេ ហើយនេះជាអាកប្បកិរិយាដែលមិនអាចអត់អោនឲ្យបាន។
តួកគី៖ ពួកយោធាតួកគីបាននិយាយថាឧទ្ធម្ភាគចក្រមួយគ្រឿងធុន Sikorsky របស់ខ្លួនបានធ្លាក់លើផ្ទះមួយខ្នងនៅក្នុងស្រុក បាក្រាមី (Bagrami) រដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន បណ្តាលឱ្យទាហានតួកគី១២នាក់ដែលជិះក្នុងនោះនិងមនុស្សយ៉ាងតិចណាស់២នាក់នៅឯដីបានស្លាប់។ យោងតាមពួកមន្ត្រីអាហ្វហ្គានីស្ថានបាននិយាយថា កុមារពីរនាក់បានបាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់។
ស៊ីរី៖ កាលពីថ្ងៃសុក្រ លោក កូហ្វី អាណាន់ ប្រេសីតរបស់អង្គការសហប្រជាជាតិនិងសម្ព័ន្ធអារ៉ាប់បានអំពាវនាវដល់ពួកសមាជិកនៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ឱ្យបំបែកភាពទាល់ច្រករបស់ពួកគេក្នុងការបង្ខិតបង្ខំប្រទេសស៊ីរីអំពីការបង្ក្រាបដ៏ប្រល័យទៅលើក្រុមអ្នកប្រឆាំង។
កូរ៉េខាងជើង៖ កាលពីថ្ងៃសុក្រអាមេរិក ជប៉ុននិងកូរ៉េខាងត្បូងបានថ្កោលទោសគម្រោងការបង្ហោះផ្កាយវិទ្យាសាស្ត្រមួយគ្រឿងដោយប្រើរ៉ុកកែត មួយមានវង់ប្រតិបត្តិការឆ្ងាយ ក្នុងខែមេសា ដោយនិយាយថាវាជាការរំលោភលើការហាមប្រាមមួយ ក្នុងកិច្ចយល់ព្រមជាមួយអាមេរិកថាខ្លួនផ្អាកការបាញ់ពិសោធន៍កាំជ្រួចមានវង់ប្រតិបត្តិការឆ្ងាយជាថ្នូរនឹងជំនួយម្ហូបអាហារគ្រាមានអាសន្ន ចំនួន២សែន៤ម៉ឺនតោន។
ឥណ្ឌា៖ ស្វះស្វែងរកដីកាអន្តរជាតិដើម្បីចាប់ខ្លួនជនជាតិអ៊ីរ៉ង់បីនាក់ដែលជាប់សង្ស័យថាជាផ្នែកមួយនៃការលបធ្វើអំពើអាក្រក់ក្នុងការវាយប្រហារលើពួកអ្នកការទូតអ៊ីស្រាអែល។
សេដ្ឋកិច្ចអ៊ឺរ៉ុប៖ ប្រទេសជាតិទាំង១៧ដែលស្ថិតនៅក្នុងប្លុកប្រើប្រាស់ប្រាក់អឺរ៉ូហាក់ដូចជាប្រុងប្រៀបហើយដើម្បីបង្កើនទំហំនៃមូលនិធីជំនួយសង្គ្រោះហិរញ្ញវត្ថុរបស់ទ្វីបអឺរ៉ុប ដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុគ្រាមានអាសន្នក្នុងពេលអនាគតរបស់ប្រទេសពួកគេដែលមានប្រាក់បំណុលច្រើន។
សហរដ្ឋអាមេរិក៖ ក្រសួងការងារអាមេរិកបាននិយាយថាកំណើនតម្លៃសាំងបានបង្កើនតម្លៃគ្រឿងឧបភោគបរិភោគក្នុងប្រទេសក្នុងខែកុម្ភៈដែលជាតម្លែខ្ពស់បំផុតក្នុងរយៈពេល១០ខែ។
សហរដ្ឋអាមេរិក៖ លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានកំពុងតែផ្តោតការយកចិត្តទុកដាក់លើយុទ្ធនាការឱ្យបានជាប់ឆ្នោតជាថ្មីជាមួយពួកអ្នកអង្គាសប្រាក់ច្រើនៗ។ ចំណែកឯពួកអ្នកសាធារណរដ្ឋដែលសង្ឃឹមថានឹងយកជ័យជំនះលើលោកប្រធានាធិបតីកំពុងរៀបចំការប្រកួតប្រជែងនៅពេលខាងមុខដើម្បីទទួលការតែងតាំងជាបេក្ខជនរបស់គណបក្ស។