ប្រទេសកូរ៉េខាងជើងប្រាប់ឲ្យដឹងថា ខ្លួននឹងប្រើប្រាស់គ្រាប់កាំជ្រួចរ៉ុកកែតរយៈចំងាយឆ្ងាយមួយដើម្បីបាញ់បង្ហោះផ្កាយរណបមួយនៅខែក្រោយដើម្បីផ្តល់កិត្តិយសដល់ខួបមរណៈទី១០០ឆ្នាំរបស់អតីតប្រធានាធិបតីលោក គីម អ៊ីល ស៊ុង (Kim Il Song) ដែលត្រូវនឹងថ្ងៃទី១៥ ខែមេសា។
ក្នុងសេចក្តីថ្លែងការណ៍ដែលបានធ្វើឡើងដោយបណ្តាញផ្សាយព័ត៌មានផ្លូវការណ៍ អ្នកនាំពាក្យគណៈកម្មាធិការសម្រាប់បច្ចេកវិទ្យាអវកាសរបស់កូរ៉េខាងជើងនិយាយថាកាំជ្រួចរ៉ុកកែតរយៈចំងាយឆ្ងាយធុន Unha – 3 នឹងបាញ់បង្ហោះផ្កាយរណបអង្កេតការណ៍មួយ។
កូរ៉េខាងត្បូង បានហៅការបាញ់បង្ហោះនេះថាជាការរំលោភយ៉ាងច្បាស់ដល់សេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិលេខ១៨៧៤ ដែលហាមឃាត់ការបង្ហោះទាំងអស់ដែលប្រើប្រាស់បច្ចេកវិទ្យាកាំជ្រួចផ្លោងរយៈចំងាយឆ្ងាយ។
ព័ត៌មានអន្តរជាតិផ្សេងៗទៀត៖
ស៊ីរី៖ លោក កូហ្វី អាណាន់ (Kofi Annan) បេសកជនសន្តិភាពអន្តរជាតិ នឹងថ្លែងត្រួសៗទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃសុក្រនេះអំពីកិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលកាលពីពេលថ្មីៗនេះរបស់លោកនៅក្នុងប្រទេសស៊ីរី នៅពេលដែលវិបត្តិនោះបានចូលក្នុងឆ្នាំទី២ដោយមិនមានសញ្ញាពីការបញ្ចប់ឡើយ។ចិន៖ នៅសប្តាហ៍នេះ ប្រទេសចិនបានប្រកាសថាខ្លួន នឹងបន្តកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដែលមានរយៈពេលជិតមួយឆ្នាំ បន្ទាប់ពីគម្រោងជាច្រើនបានត្រូវផ្អាកបន្ទាប់ពីឧបទ្ទវហេតុនុយក្លេអ៊ែរ ហ៊្វូគូស៊ីម៉ា (Fukushima) នៃប្រទេសជប៉ុន។
ស.រ.អា/អាហ្វហ្គានីស្ថាន៖ មេធាវីស៊ីវិលតំណាងទាហានអាមេរិកាំងម្នាក់ដែលបានរងការចោទប្រកាន់ពីការបាញ់ប្រហារកម្រោលដ៏ប្រល័យនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននិយាយថាកូនក្តីរបស់លោកទំនងជាមានការតានតឹងក្នុងចិត្តបន្ទាប់ពីឃើញផ្ទាល់នឹងភ្នែកពីរបួសដ៏ធ្ងន់ធ្ងររបស់ទាហានដែលជាយុទ្ធមិត្តរបស់ខ្លួន។
តួកគី៖ យោធានៃប្រទេសតួកគីនិយាយថាឧត្ថម្ភាគចក្រមួយគ្រឿងរបស់ខ្លួន បានបើកបុកផ្ទះមួយខ្នងនៅខាងក្រៅរដ្ឋធានីកាប៊ុល (Kabul) នៃប្រទេសអាហ្វហ្គានីស្ថានដោយសម្លាប់ទាហានតួកគី១២នាក់។
អូស្ត្រាលី៖ អតីតមន្រ្តីអន្តោប្រវេសន៍អូស្រ្តាលីប្រាប់ឲ្យដឹងថាដំណើរការឲ្យទទួលបានសិទ្ធិសុំរស់នៅក្នុងប្រទេសអូស្រ្តាលីត្រូវបានគេបោកបន្លំដោយពួកអ្នកដាក់ពាក្យសុំមកពីប្រទេសចិន។ មន្រ្តីចិននិងអូស្រ្តាលីមានជាប់ពាក់ព័ន្ធក្នុងផែនការបោកបន្លំនោះ។
អ៊ីរ៉ង់៖ ប្រព័ន្ធបើកប្រាក់តាមម៉ាស៊ីនអេឡិចត្រូនិកដ៏ធំបង្អស់របស់ពិភពលោកប្រាប់ឲ្យដឹងថាខ្លួននឹងកាត់ផ្តាច់ធនាគារអ៊ីរ៉ង់ដែលមានឈ្មោះក្នុងបញ្ជីខ្មៅរបស់សហភាពអឹរ៉ុប ដែលជាវិធានការណ៍មួយទៀតនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសលោកខាងលិចដើម្បីបន្តបន្ថយសមត្ថភាពរបស់រដ្ឋាភិបាលក្រុងតេហេរ៉ង់ (Tehran) ដើម្បីផ្តល់ហិរញ្ញវត្ថុដល់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
ស.រ.អា៖ រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងយ៉ាងសំខាន់មួយដើម្បីកាត់បន្ថយអត្រាការជក់បារីនៅក្នុងប្រទេសដែលរូបភាពតាមក្រាភិកបង្ហាញថាមនុស្សដែលបង្ហាញពីបញ្ហាសុខភាពបន្ទាប់ពីការជក់បារីរយៈពេល២ខែ។
ហៃទី៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសហៃទី និយាយថាគេនឹងចំណាយពេលរាប់សិបឆ្នាំដើម្បីបញ្ចប់កិច្ចខិតខំប្រឹងប្រែងស្ថាបនាប្រទេសនោះឡើងវិញដែលបានបំផ្លាញខ្ទេចខ្ទីពីការរញ្ជួយដីនៅឆ្នាំ២០១០។
នីហ្សេរីយ៉ា៖ គេនិយាយថាប្រទេសនីហ្សេរីយ៉ាបានបើកការចរចាបទឈប់បាញ់ជាមួយនិកាយអ៊ីស្លាម បូកូ ហារ៉ាម (Boko Haram) ដែលគេបានស្តីបន្ទោសចំពោះការស្លាប់មនុស្សរាប់រយនាក់នៅក្នុងការបំផ្ទុះគ្រាប់បែកនិងការបាញ់ប្រហារកាលពី១៨ខែមុន។