ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសហ្វីលីពីនបានចាត់វិធានការមួយដើម្បីរំងាប់ការភ័យខ្លាចអំពីលទ្ធភាពនៃការប្រឈមមុខយោធានៅលើមហាសមុទ្រប៉ាស៊ីហ្វិក ដែលប្រទេសទាំងពីរពើបប្រទះនឹងភាពតានតឹងក្នុងការដណ្ដើមដែនទឹក។
ហ្វីលីពីនបានឆ្លើយតបទៅនឹងអ្វីដែលខ្លួនហៅថា ការបំពានដោយប្រទេសចិនហើយបានអំពាវនាវឲ្យមានការទាក់ទងយោធាជាមួយស.រ.អ.។
ហ្វីលីពីននឹងបើកឲ្យមានការធ្វើសមយុទ្ធយោធាជាមួយស.រ.អនៅសប្ដាហ៍ក្រោយ នៅលើកោះធំគឺកោះលូស្សន (Luzon) និង កោះប៉ាឡាវ៉ាន (Palawan) ភាគនីរតីនៃប្រទេស ដែលស្ថិតនៅទល់មុខសមុទ្រចិនខាងត្បូង។
ឯកអគ្គរដ្ឋចិន លោក ម៉ា កេហ្គិញ (Ma Keqing) ថ្លែងថា ទំនាក់ទំនងយោធារបស់ហ្វីលីពិន ជារឿងផ្ទៃក្នុង ហើយពេលនេះចិនមានបំណងចង់អភិវឌ្ឍរួមនៅតំបន់ជម្លោះលើដែនទឹកសមុទ្រចិនភាគខាងត្បូង។
ព័ត៌មានអន្តរជាតិសំខាន់ៗដទៃទៀត៖
ស៊ីរី៖ ថ្ងៃព្រហស្បតិ៍នេះ កត់សម្គាល់ខួបទីមួយនៃការបះបោរប្រឆាំងនឹងប្រធានាធិបតីស៊ីរី លោក បាស្សា អាល អាសាដ (Bashar Al Assad) ដែលប្រើកងកម្លាំងយោធា មិនបានបង្ហាញការបង្អង់ដៃ វាយបង្រ្កាបមកលើទីក្រុងសំខាន់ៗរបស់ក្រុមប្រឆាំង។
ឥណ្ឌូនេស៊ី៖ ភេរវជនជាតិឥណ្ឌូនេស៊ីដែលមានពិរុទ្ធភាពម្នាក់ ថ្លែងថាជនសង្ស័យដាក់គ្រាប់បែកនៅលើកោះបាលី លោក អ៊ូម៉ា ប៉ាតិក (Umar Patek) ក៏បានរៀបចំគ្រាប់បែកផ្ទុះ ដែលបានត្រូវយកទៅប្រើប្រាស់ដើម្បីវាយប្រហារមកលើវិហារកាតូលិកនានា ក្នុងទីក្រុងហ្សាការតា (Jakarta) ចាប់តាំងពីឆ្នាំ២០០០មក។ នេះបើយោងទៅតាមសវនាការតុលាការកាលពីថ្ងៃព្រហស្បតិ៍នេះ។
ស.រ.អា/អាហ្វហ្គានីស្ថាន៖ រដ្ឋមន្ដ្រីការពារជាតិស.រ.អា លោក ឡេអុន ផានេតា (Leon Panetta) បានបើកកិច្ចចរចា ជាមួយប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក ហាមិឌ កាសៃ (Hamid Karzai) កាលពីថ្ងៃព្រហស្បតិ៍នេះ អំពីសេចក្ដីសម្រេចចិត្ដរបស់ស.រ.អដើម្បីដកទាហានអាមេរិកាំងចេញពីប្រទេសអាហ្វហ្គានីស្ថានដែលបានវាយប្រហារឥតរើសមុខ។
បង់ក្លាដែស៖ ប្រទេសបង់ក្លាដែសថ្លែងថា តុលាការអ.ស.បមួយ បានចេញសេចក្ដីសម្រេចដែលគាំទ្រខ្លួនក្នុងជម្លោះព្រំដែនសមុទ្រដ៏យូរអង្វែងជាមួយប្រទេសភូមា។
ចិន៖ លោក បូ ស្សីឡៃ (Bo Xilai) មេដឹកនាំគណបក្សកុម្មុយនីស្ដចិនដ៏មានប្រជាប្រិយភាពនៅក្នុងក្រុង ចុងគិញ (Chongqing) បានត្រូវដកចេញពីដំណែងក្រោយពីមានរឿងអាស្រូវពាក់ព័ន្ធនឹងអតីតអ្នកជំនួយការរបស់លោក។
ស.រ.អា/កូរ៉េខាងត្បូង៖ ប្រធានាធិបតី បារ៉ាក់ អូបាម៉ា និង សមភាគីរបស់លោកពីប្រទេសកូរ៉េខាងត្បូងបានចេញសេចក្ដីសរសើរដល់ការសម្ពោធពិធីនៃកិច្ចព្រមព្រៀងមួយ ខាងពាណិជ្ជកម្មសេរី ដែលបានត្រូវជាប់គាំងជាយូរមកហើយ កាលពីថ្ងៃព្រហស្បតិ៍នេះ។
ស.រ.អា/កូរ៉េខាងជើង៖ ការសម្របសម្រួលរបស់កូរ៉េខាងជើង មកលើកម្មវិធីនុយក្លេអ៊ែរ ប្រហែលជាលទ្ធផលនៃការបដិសេធរបស់រដ្ឋបាលលោកអូបាម៉ា មិនយល់ស្របទៅតាមការទាមទាររបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។ នេះបើតាមការឱ្យដឹងរបស់អតីតជំនួយការរបស់សេតវិមានអំពីនយោបាយស.រ.អទៅកាន់អាស៊ី។
ភូមា៖ អង្គការការពារសិទ្ធិមនុស្សនាំមុខគេមួយនិយាយថា ច្បាប់ថ្មីរបស់ប្រទេសភូមាអំពីការជួបជុំគ្នាដោយសន្ដិវិធីមិនគ្រប់គ្រាន់ស្មើនឹងបទដ្ឋានអន្ដរជាតិទេ។
ពិភពលោក៖ នាយករបស់អង្គការស្បៀងអាហារនិងកសិកម្មពិភពលោក (FAO) កំពុងអំពាវនាវឲ្យតំឡើងផលិតកម្មកសិកម្ម ដើម្បីជួយទប់ទល់នឹងអាហារឡើងថ្លៃ និងប្រយុទ្ធនឹងទុរភិក្សសកល។
ចិន៖ សហនាយករបស់គណកម្មការការពារសិទ្ធិមនុស្សរបស់សភាស.រ.អា ថ្លែងថាប្រទេសចិន បានបំពានធ្ងន់ធ្ងរមកលើសិទ្ធិមនុស្សរបស់ជនរត់ចោលប្រទេសកូរ៉េខាងជើង ដោយបញ្ជូនជនទាំងនោះ ឲ្យវិលត្រឡប់ទៅកូរ៉េខាងជើងវិញ។