ក្រុមមន្រ្តីចិននិយាយថាសន្តិសុខតាមទន្លេមេគង្គមានភាពប្រសើរឡើងយ៉ាងខ្លាំងដោយសារកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង៣នៅតំបន់អាស៊ីអាគ្នេយ៍។
កាសែត China Daily នៅថ្ងៃអង្គារនេះបានដកស្រង់សម្តីលោក ម៉េង សូទី (Meng Sutie) នាយកមន្ទីរសន្តិសុខសាធារណៈនៅក្នុងខេត្ត យុនណាន (Yunnan) មកចុះផ្សាយថាចោរប្លន់តាមទន្លេអាចវាយប្រហារម្តងម្កាលហើយនឹងវាយប្រហារដាច់ដោយឡែកចាប់តាំងពីកិច្ចសហប្រតិបត្តិការបានចាប់ផ្តើមកាលពីចុងឆ្នាំទៅមក។
លោក ម៉េង និយាយថាប្រទេសចិន ឡាវ ភូមានិងប្រទេសថៃកំពុងធ្វើការយាមល្បាតរួមគ្នាអមកប៉ាល់ដោយប្រដាប់អាវុធហើយនឹងចែកព័ត៌មានស៊ើបការណ៍សម្ងាត់នៅតាមទន្លេ។ លោកនិយាយបន្តទៀតថាប្រទេសនានាក៏កំពុងធ្វើសហប្រតិបត្តិការគ្នាដើម្បីវាយប្រហារចោរប្រដាប់អាវុធហើយនឹងពួកអន្តពាលជួញដូរគ្រឿងញៀននៅក្នុងតំបន់ត្រីកោណមាសនៃទន្លេនេះ។
ការដឹកជញ្ជូនតាមទន្លេបានត្រូវបញ្ឈប់អស់រយៈពេល២ខែបន្ទាប់ពីការវាយប្រហារកាលពីខែតុលាដែលធ្វើឡើងដោយពួកជនសង្ស័យជាអ្នកជួញដូរថ្នាំញៀន។
ព័ត៌មានអន្តរជាតិសំខាន់ៗផ្សេងទៀត៖
ស.រ.អា៖ ពួកអ្នកបោះឆ្នោតនៅក្នុងរដ្ឋ អាឡាបាម៉ា (Alabama) និង ម៊ីស៊ីស៊ីពី (Mississippi) ភាគខាងត្បូងប្រទេស កំពុងធ្វើការបោះឆ្នោតនៅក្នុងការប្រកួតប្រជែងជ្រើសរើសបឋមបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋនៅថ្ងៃអង្គារនេះ ដែលការបោះឆ្នោតស្ទង់មតិបង្ហាញថាអ្នកប្រកួតប្រជែងកំពូល៣នាក់បានស្ថិតនៅក្នុងការប្រណាំងប្រជែងប្រកៀកគ្នា។ លោក មីត រ៉ូមនី (Mitt Romney), រីក សានធ្រូម (Rick Santrum) និងលោក ញូត ហ្គីងរីច (Newt Gingrich) បានធ្វើយុទ្ធនាការដើម្បីស្វែងរកការគាំទ្រនៅក្នុងរដ្ឋអភិរក្សនិយមទាំងនោះកាលពីថ្ងៃច័ន្ទ។អាស៊ី៖ ធនាគារអភិវឌ្ឍន៍អាស៊ីកំពុងព្រមានថាអាកាសធាតុដ៏អាក្រក់ដែលពាក់ព័ន្ធនឹងការផ្លាស់ប្តូរអាកាសធាតុនឹងធ្វើឲ្យមនុស្សរាប់លាននាក់ថែមទៀតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកគ្មានកន្លែងរស់នៅនៅក្នុងរយៈពេលប៉ុន្មានឆ្នាំទៀតនេះ។
អាហ្វហ្គានីស្ថាន៖ ពួកជនប្រដាប់អាវុធបានបាញ់ប្រហារលើគណៈប្រតិភូរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថានដែលចុះទៅបំពេញទស្សនកិច្ចក្នុងភូមិមួយដែលទាហានអាមេរិកាំងម្នាក់បានរងការចោទប្រកាន់ពីការសម្លាប់ជនស៊ីវិល១៦នាក់។
អេហ្ស៊ីប/ប៉ាឡេស្ទីន៖ អេហ្ស៊ីបប្រាប់ឲ្យដឹងថាខ្លួនបានចរចាបទឈប់បាញ់គ្នាមួយរវាងអ៊ីស្រាអែលនិងកងជីវពលប៉ាឡេស្ទីននៅក្នុងតំបន់ ហ្គាហ្សា ស្ត្រាប (Gaza Strip) បន្ទាប់ពីការបាញ់ប្រហារគ្នាអស់រយៈពេល៤ថ្ងៃដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ក៏២៥នាក់ដែរ។
ស៊ីរី៖ សហរដ្ឋអាមេរិក អង់គ្លេស និងប្រទេសរុស្ស៊ីបានអំពាវនាវឲ្យបញ្ឈប់អំពើហិង្សានៅក្នុងប្រទេសស៊ីរី ប៉ុន្តែក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅតែបែកបាក់គ្នាលើរបៀបដោះស្រាយវិបត្តិនៅក្នុងប្រទេសនោះ។
ស.រ.អា/ចិន៖ ពួកមន្រ្តីរបស់រដ្ឋបាលលោកអូបាម៉ា និយាយថាសហរដ្ឋអាមេរិក នឹងដាក់ពាក្យបណ្តឹងនៅក្នុងរឿងក្តីពាណិជ្ជកម្មថ្មីមួយប្រឆាំងនឹងចិនលើបញ្ហាការកម្រិតរបស់ខ្លួនលើការនាំចេញនូវអ្វីដែលហៅថារ៉ែកម្រ។
ស.រ.អា/ចិន៖ សហរដ្ឋអាមេរិក និយាយថាខ្លួនចង់ធ្វើការងារជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំងដើម្បីពង្រឹងស្ថាប័នតំបន់នានានៅក្នុងទ្វីបអាស៊ី។
អេស្ប៉ាញ៖ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុតំបន់ចាយប្រាក់អ៊ឺរ៉ូ (Euro) បានផ្តល់ពេលវេលាបន្ថែមទៀតដល់ប្រទេសអេស្ប៉ាញនៅពេលដែលប្រទេសនោះតស៊ូដើម្បីបញ្ចុះឱនភាពថវិកាដ៏ធំសម្បើមរបស់ខ្លួន។
បារាំង៖ លោកស្រី ម៉ារីន ឡឺ ប៉ង់ (Marine Le Pen) មេដឹកនាំនយោបាយស្តាំនិយមបារាំង និយាយថាលោកស្រីទទួលបានការគាំទ្រល្មមគ្រប់គ្រាន់ដើម្បីក្លាយជាបេក្ខជននៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែក្រោយនេះ។