ពួកសកម្មជនស៊ីរីនិយាយថាសាកសពស្រ្តីនិងកូនក្មេងយ៉ាងហោចណាស់ក៏៤៥នាក់ដែរ បានត្រូវគេរកឃើញនៅក្នុងទីក្រុងហូមស៏។
ពួកសកម្មជននិយាយទៀតថាសាកសពខ្លះ បានដាច់ខ្ទេចខ្ទីយ៉ាងខ្លាំងហើយថាសាកសពស្រ្តីខ្លះបានត្រូវគេចាប់រំលោភ។ ពួកគេបានស្តីបន្ទោសទៅកងកម្លាំងដែលគាំទ្ររដ្ឋាភិបាលចំពោះការសម្លាប់រង្គាលនេះ។
ពួកមន្រ្តីស៊ីរីបានបញ្ជាក់ពីការស្លាប់នេះ ប៉ុន្តែ បានទម្លាក់កំហុសការសម្លាប់នោះទៅលើអ្វីដែលពួកគេហៅថាភេរវករប្រដាប់អាវុធ។
មិនមានការបញ្ជាក់ឯករាជ្យណាមួយពីការសម្លាប់នោះទេ។
សេចក្តីរាយការណ៍ពីការចោទប្រកាន់នៃអំពើព្រៃផ្សៃបានកើតមានឡើងនៅពេលដែលរដ្ឋមន្រ្តីក្រសួងការបរទេសរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រុងប្រៀបជួបគ្នានៅក្នុងទីក្រុងញូវយ៉ក បន្ទាប់ពីបេសកជនសន្តិភាពទៅប្រទេសស៊ីរីបានបញ្ចប់ដោយបរាជ័យ។
ព័ត៌មានអន្តរជាតិសំខាន់ៗផ្សេងទៀត៖
កម្ពុជា៖ លោក នួន ជា អតីតបងធំទីពីរនៃរបបខ្មែរក្រហមបានស្នើឱ្យប្រធានមន្ទីរឃុំឃាំងនៃសាលាក្តីខ្មែរក្រហមចាក់សោរបន្ទប់របស់គាត់ដោយព្រួយបារម្ភថាអាចនឹងត្រូវឌុចអតីតមេគុកទួលស្លែងមានចេតនាប្រព្រឹត្តអាក្រក់មកលើជីវិតគាត់។
ស.រ.អា/កូរ៉េខាងត្បូង៖ បណ្តាញផ្សាយព័ត៌មានកូរ៉េខាងត្បូង បានឲ្យដឹងថាលោកប្រធានាធិបតីស.រ.អា កំពុងពិចារណាអញ្ជើញទៅបំពេញទស្សនកិច្ចតំបន់គ្មានយោធាដែលមានការតានតឹងដែលបានបែងចែករវាងប្រទេសកូរ៉េខាងជើងនិងខាងត្បូងក្នុងអំឡុងពេលនៃដំណើរបំពេញទស្សនកិច្ចដែលបានគ្រោងទុកទៅកាន់រដ្ឋធានីសេអ៊ូល (Seoul) នៅចុងខែនេះ។វៀតណាម៖ រដ្ឋមន្រ្តីនិងមន្រ្តីជាន់ខ្ពស់មកពីប្រទេស៤៤បានស្ថិតនៅក្នុងទីក្រុងហាណូយនៅថ្ងៃច័ន្ទនេះដើម្បីចាប់ផ្តើមសន្និសិទរយៈពេល៥ថ្ងៃដែលរៀបចំឡើងដោយអង្គការម្ហូបអាហារនិងកសិកម្មរបស់អង្គការសហប្រជាជាតិ (U.N. Food and Agriculture Organization)។
អាហ្វហ្គានីស្ថាន៖ ពួកតាលីបង់ (Taliban) បានសន្យាស្វះស្វែងធ្វើការសងសឹកដល់ភាពឃោរឃៅរបស់អាមេរិកាំងបន្ទាប់ពីទាហានសហរដ្ឋអាមេរិកម្នាក់ បានដើរចូលក្នុងផ្ទះជនជាតិអាហ្វហ្គានីស្ថានដែលកំពុងទទួលទានដំណេកកាលពីថ្ងៃអាទិត្យហើយបានសម្លាប់ពួកគេ។
អ៊ីស្រាអែល/ប៉ាឡេស្ទីន៖ ក្រុមបុគ្គលិកសុខាភិបាលនិយាយថាការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានសម្លាប់កងជីវពលប៉ាឡេស្ទីន២នាក់ថែមទៀតនៅក្នុងតំបន់ហ្គាស្សា (Gaza) នៅថ្ងៃច័ន្ទនេះ ដែលជាការឆ្លើយតបមួយទៀតរបស់អ៊ីស្រាអែលចំពោះការវាយប្រហារដោយគ្រាប់រ៉ុកកែតនោះ។
ស.រ.អា៖ នាវាផ្ទុកយន្តហោះប្រើដោយកម្លាំងថាមពលនុយក្លេអ៊ែរលើកទី១របស់កងនាវាសហរដ្ឋអាមេរិកបានចាកចេញដើម្បីបំពេញបេសកម្មចុងក្រោយរបស់ខ្លួន។
ចិន៖ ធនាគារកណ្តាលចិនបានប្រាប់ឲ្យដឹងថាខ្លួនកំពុងពិចារណាវិធានការបន្ធូរបន្ថយឥណទានដែលទើបតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសនេះបានចុះផ្សាយឱនភាពពាណិជ្ជកម្មដ៏ធំបំផុតនៅក្នុងរយៈពេលជាង១ទសវត្សរ៍នេះ។
ស.រ.អា/អាហ្វហ្គានីស្ថាន៖ ការស្ទង់មតិរបស់បណ្តាញសារព័ត៌មាន ABC News និងកាសែត Washington Post បង្ហាញឲ្យដឹងថាពលរដ្ឋអាមេរិកាំង៦០ភាគរយជឿជាក់ថាសង្គ្រាមក្នុងប្រទេសអាហ្វហ្គានីស្ថាន គឺគ្មានតម្លៃទេ។ ការស្ទង់មតិបានរកឃើញថាប្រជាពលរដ្ឋអាមេរិកាំង៣៥ភាគរយតែប៉ុណ្ណោះ ជឿជាក់ថាកិច្ចខិតខំប្រឹងប្រែងរយៈពេល១ទសវត្សរ៍បានធ្វើឲ្យមានការចំណាយនិងបាត់បង់ជីវិតច្រើន។
ពិភពលោក៖ បាតុករប្រឆាំងនុយក្លេអ៊ែររាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅក្នុងទីក្រុងនានានៅជុំវិញពិភពលោកកាលពីថ្ងៃអាទិត្យដើម្បីប្រារព្ធខួបលើកទីមួយនៃការរញ្ជូយផែនដីនិងរលកយក្ស ស៊ូណាមី (Stunami) នៅក្នុងប្រទេសជប៉ុនដែលបានធ្វើឲ្យមនុស្សជាង២ម៉ឺន២ពាន់នាក់ស្លាប់ឬក៏បាត់ខ្លួន ហើយបាននាំឲ្យមានវិបត្តិនុយក្លេអ៊ែរដ៏អាក្រក់អាក្រីបំផុតមួយនៅក្នុងប្រវត្តិសាស្រ្ត។
សេណេហ្គាល់៖ ពួកអ្នកគាំទ្រគណបក្សប្រឆាំងរាប់ពាន់នាក់ បានធ្វើការប្រជុំមហាជននៅក្នុងរដ្ឋធានីនៃប្រទេសសេណេហ្គាល់ (Senegal) ដើម្បីគាំទ្រលោក ម៉ាកឃី សល (Macky Sall) បេក្ខជនប្រធានាធិបតី ក៏ប៉ុន្តែយុទ្ធនាការបោះឆ្នោតរបស់ប្រធានាធិបតី អាប់ឌូឡេ វ៉ាឌី (Abdoulaye Wade) ប្រាប់ឲ្យដឹងថាលោកមានយុទ្ធសាស្រ្តដើម្បីឲ្យឈ្នះការបោះឆ្នោតលើកទី២នៅចុងខែនេះ។