នៅក្នុងគម្រប់ខួបឆ្នាំទីមួយនៃការរញ្ជួយផែនដីនិងការមានមហារលកសមុទ្រស៊ូណាមីដែលបានកើតមានទ្បើងក្នុងប្រទេស លោកនាយករដ្ឋមន្ត្រីជប៉ុន យូស៊ីហ៊ីកូ ណូដា (Yoshihiko Noda) បានសរសេរក្នុងកាសែត ដឺ វ៉ាស៊ីនតោន ផូស្ត៍ថាប្រទេសជប៉ុនមិនភ្លេចទេដល់មនុស្សជិត២ម៉ឺននាក់ដែលបានស្លាប់នៅក្នុងមហន្តរាយនេះនិងដឹងគុណជានិច្ចចំពោះការគាំទ្រពីប្រទេសជាតិនានានៅក្រោយហេតុការណ៍នោះ។
អ៊ីស្រាអែល៖ មានការវាយប្រហារមួយកើតឡើងនៅជិតព្រំដែនរវាងអ៊ីស្រាអែលនិងតំបន់កាហ្សា នៅក្នុងអំពើហិង្សាអាក្រក់បំផុតក្នុងរយៈពេលជិតមួយឆ្នាំ។ កាលពីថ្ងៃសៅរ៍ ពួកជនសកម្មប្រយុទ្ធប៉ាទ្បេស្ទីននៅក្នុងតំបន់កាហ្សា បានបាញ់គ្រាប់រ៉ុក្កែតជាង៩០គ្រាប់ចូលក្នុងភាគខាងត្បូងប្រទេសអ៊ីស្រាអែល ដែលធ្វើឲ្យជនជាតិអ៊ីស្រាអែលម្នាក់បានត្រូវរងរបួសធ្ងន់។ នេះជាផ្នែកជាការឆ្លើយតបនឹងការវាយប្រហារតាមអាកាសដោយអ៊ីស្រាអែល ដែលបានបណ្តាលឱ្យជនសកម្មប្រយុទ្ធ១៥នាក់ស្លាប់ ដោយមានរួមបញ្ចូលទាំងលោក ចូហារ អាល កៃស៊ី (Zohar al-Qaisi) មេដឹកនាំនៃគណៈកម្មាធិការតស៊ូប្រជាប្រិយដែលហៅកាត់ថា PRCផងដែរ។
ស៊ីរី៖ ក្រោយជំនួបមួយកាលពីថ្ងៃសៅរ៍នៅក្នុងក្រុងដាម៉ាស់ជាមួយលោក កូហ្វី អាណាន់ អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ មេដឹកនាំប្រទេសស៊ីរី លោក អាសាទ ដែលមានបញ្ហាបានសន្យាថានឹងគាំទ្រអ្វីដែលលោកហៅថា"កិច្ចខិតខំប្រឹងប្រែងដ៏ស្មោះត្រង់ណាមួយ"ដើម្បីធ្វើឱ្យមានសន្តិភាពដល់ប្រទេសលោកដែលពោរពេញទៅដោយអំពើហិង្សា ប៉ុន្តែលោក Assad ក៏បានព្រមានដែរថាមិនអាចមានដំណោះស្រាយនយោបាយទេដរាបណាពួកភេរវជនបានត្រូវអនុញ្ញាតឱ្យបង្កើតចលាចលនៅក្នុងផ្លូវ។
រុស្ស៊ី៖ ក្រុមបាតុកររាប់ពាន់នាក់បាននាំគ្នាទៅកាន់ផ្នែកកណ្តាលនៃក្រុងម៉ូស្គូកាលពីថ្ងៃសៅរ៍ដើម្បីតវ៉ាប្រឆាំងនឹងអណត្តិទីបីរបស់លោកប្រធានាធិបតីជាប់ឆ្នោត វ្ល៉ាដឺមែរ ផូទីន។ តែបាតុកម្មនេះគ្មានជោគជ័យក្នុងការទ្បើងដល់កម្រិតនៃបាតុកម្មកាលពីពេលថ្មីៗនេះ ដែលជាសញ្ញាមួយថាក្រុមប្រឆាំងប្រហែលបាត់បង់សន្ទុះ។
សហរដ្ឋអមេរិក៖ ជនសកម្មប្រយុទ្ធតាលីបាន់សំខាន់ៗ៥នាក់ដែលជាប់ឃុំឃាំងនៅក្នុងគុកយោធាអាមេរិកនៅឯឆកសមុទ្រ គាន់តាណាម៉ូ ប្រហែលត្រូវផ្ទេរទៅឱ្យជាប់ឃុំឃាំងក្នុងប្រទេសកាតាវិញ។
ស្លូវ៉ាគី៖ បានធ្វើការបោះឆ្នោតទូទៅកាលពីថ្ងៃសៅរ៍ដោយគេរំពឹងថាលោកអតីតនាយករដ្ឋមន្ត្រី រ៉ូប៊ឺត ហ្វីកូ នឹងទទួលជ័យជំនះ។
កែនយ៉ា៖ ការផ្ទុះក្នុងរដ្ឋធានី ណៃរ៉ូប៊ីនៃប្រទេសបានបណ្តាលឱ្យមនុស្សយ៉ាងតិចណាស់បីនាក់ស្លាប់។