ស្រ្តីសកម្មជនឈានមុខជាងគេ១០រូបក្នុងពិភពលោក បានទទួលកិត្តិយសសម្រាប់កិច្ចប្រឹងប្រែងរបស់ពួកគេដើម្បីបង្កើនជីវភាពរបស់ស្រ្តី ទោះជាមានឧបសគ្គនិងការគំរាមលើសុវត្ថិភាពរបស់ខ្លួនក៏ដោយ។
រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោកស្រីហ៊ីឡារី គ្លីនតុន និងលោកជំទាវប៊ីសែល អូបាម៉ា បានជូនរង្វាន់អន្តរជាតិឆ្នាំ២០១២ សម្រាប់សេចក្តីក្លាហានរបស់ស្រ្តី នៅក្នុងពិធីមួយនាទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍។
លោកស្រីគ្លីនតុន បានថ្លែងថាអ្នកទទួលជ័យលាភីទាំងអស់ខាងលើបានខិតខំធ្វើការឥតខ្លាចនឿយហត់ ដើម្បីបង្កើនជីវភាពរបស់ស្រ្តីនិងនារី ទោះជាជួនកាលពួកគេត្រូវជាប់គុកឬទទួលរងការរំលោភសិទ្ធិក៏ដោយ។
លោកជំទាវ អូបាម៉ា ថ្លែងសរសើរស្រ្តីដែលបានប្រកែកមិនព្រមទទួលយកពិភពលោកមួយដូចសព្វថ្ងៃ ហើយសុខចិត្តធ្វើការតស៊ូដើម្បីរចនាពិភពលោកថ្មីមួយទៀត «ដូចដែលពួកគេចង់បាន»។
សហរដ្ឋអាមេរិក៖ ធនាគារអាមេរិកបានប្រកាសនៅថ្ងៃព្រហស្បតិ៍អំពីការចាប់ផ្តើមកម្មវិធីមួយដែលគេរៀបចំឡើងដើម្បីជួយដល់ស្រ្តីដែលមានទេពកោសល្យនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ឱ្យមានឱកាសបានសិក្សារៀនសូត្រដោយផ្ទាល់ពីស្រ្តីដែលមានជោគជ័យនៅក្នុងវិស័យជំនួញ រដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងក្នុងបណ្តាញព័ត៌មាន។
ចិន៖ រដ្ឋសភាចិនបានបោះបង់ចោលផែនកាចម្រូងចម្រាស់មួយដែលចង់ដាក់ការឃុំខ្លួនជនជាប់សង្ស័យនៅកន្លែងសម្ងាត់ឲ្យទៅជាទង្វើស្របច្បាប់ បន្ទាប់ពីមានការតវ៉ាប្រឆាំងយ៉ាងខ្លាំងពីសាធារណជន អំពីការឡើងចំនួនមនុស្សបាត់ខ្លួនដោយបង្ខំដោយកងនគរបាល។
កូរ៉េខាងជើង៖ ប្រេសិតកំពូលម្នាក់របស់អាមេរិកនិយាយថា កិច្ចចរចាជាមួយ កូរ៉េខាងជើងអំពីការបញ្ជូនជំនួយស្បៀងរបស់ស.រ.អ ចំនួន២៤ម៉ឺនតោន បានទទួលការជឿនលឿនតែជំហានជាក់លាក់នៅត្រូវពិភាក្សាគ្នាទៀត។
អ៊ីរ៉ង់៖ ប្រទេសមហាអំណាចទាំង៦នៃពិភពលោកបានអំពាវនាវឲ្យអ៊ីរ៉ង់ ចូលធ្វើការចរចាអំពីកម្មវិធីនុយក្លេអ៊ែរដ៏ចម្រូងចម្រាស់របស់ខ្លួននិងអនុញ្ញាតឲ្យអធិការអន្តរជាតិអាចចូលពិនិត្យមូលដ្ឋានយោធាមួយនៅពេលដែលមានសេចក្តីរាយការណ៍ថា អ៊ីរ៉ង់កំពុងតែបោសសម្អាតភស្តុតាងដែលមានទាក់ទងទៅនឹងការពិសោធន៍អាវុធនុយក្លេអ៊ែររបស់ខ្លួន។
ស៊ីរី៖ ប្រេសិតពិសេសរបស់សម្ព័ន្ធអារ៉ាប់និងអង្គការសហប្រជាជាតិសម្រាប់ប្រទេសស៊ីរី លោក កូហ្វី អាណាន់ បានព្រមានប្រឆាំងការបន្ថែមកងយោធានៅក្នុងការបះបោរនៅស៊ីរី ដែលលោកថ្លែងថានេះនឹងធ្វើឲ្យស្ថានការណ៍រិតតែ«ធ្ងន់ធ្ងរឡើងទៀត»។
ភូមា៖ លោកស្រី អោងសាន ស៊ូជី មេដឹកនាំប្រជាធិបតេយ្យភូមា បានព្រមានអំពីការអាចមានរឿងលួចបន្លំនៅក្នុងការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា នៅខែក្រោយដោយបានថ្លែងថា បញ្ជីអ្នកបោះឆ្នោតរបស់រដ្ឋាភិបាលសម្រាប់ការបោះឆ្នោតនេះហាក់ដូចជាមានឈ្មោះ«មនុស្សស្លាប់ជាច្រើននាក់»។
ប៉ាគីស្ថាន៖ អាជ្ញាធរប៉ាគីស្ថានបានចោទភរិយាមេម៉ាយបីនាក់របស់អូសាម៉ា ប៊ីនឡាឌីន អំពីការលួចចូលនិងរស់នៅក្នុងប៉ាគីស្ថានដោយខុសច្បាប់។