ក្រុមអ្នកសង្កេតការណ៍បោះឆ្នោតពីប្រទេសអឺរ៉ុបនិយាយថា ការបោះឆ្នោតប្រធានាធិបតីនៅក្នុងប្រទេសរុស្ស៊ី បានត្រូវមើលឃើញច្បាស់ថាលម្អៀងទៅរក នាយករដ្ឋមន្ដ្រី វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ដែលបានយកជ័យជម្នះធំធេង។
សេចក្ដីថ្លែងការណ៍មួយពី អង្គការសន្ដិសុខនិងសហប្រតិបត្ដិការអឺរុប (Organization for Security and Cooperation in Europe)និយាយថា គេមិនឃើញមានការប្រកួតប្រជែងពិតប្រាកដណាមួយទេ។ អង្គការនេះនិយាយទៀតថា ការបំពានដោយប្រើប្រាស់ធនធានរបស់រដ្ឋាភិបាល ធ្វើឡើងដើម្បីធានាឲ្យលោកពូទីនយកជ័យជម្នះបាន។
អង្គការនេះនិយាយថា លោក ពូទិន បានត្រូវអនុញាតឲ្យប្រើប្រាស់បណ្ដាញព័ត៌មាន រួចអ្នកបោះឆ្នោតមិនមានជម្រើសរកបេក្ខជនច្រើនទេ ដោយសារតែការតម្រូវដ៏តឹងតែងក្នុងការចុះឈ្មោះបេក្ខជន។ អង្គការនោះក៏បានរាយការណ៍ថា មានភាពមិនប្រក្រតីមួយភាគបី កើតឡើងនៅស្ថានីយ៍បោះឆ្នោត។
អតីតមេដឹកនាំសហភាពសូវៀត លោក Mikhail Gorbachev ថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Interfax ថា លោកមានការសង្ស័យថាលទ្ធផលនៃការបោះឆ្នោតមិនបានបង្ហាញឆន្ទៈពិតប្រាកដរបស់ពលរដ្ឋរុស្ស៊ីទេ។
ប្រតិកម្មរបស់ប្រទេសជិតខាងនៅអាស៊ី
ប្រទេសអាស៊ីជិតខាងនៃប្រទេសរុស្ស៊ី និយាយថា ខ្លួនរំពឹងថាទំនាក់ទំនងគ្នានឹងបានត្រូវពង្រឹងដោយការជ្រើសតាំងលោក វ៉្លាឌីមៀរ ពូទីន ជាប្រធានាធិបតីរុស្ស៊ីជាថ្មីម្តងទៀត។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លូ វៃមិញ (Liu Weimin) ថ្លែងប្រាប់ក្រុមអ្នកកាសែតក្នុងក្រុងប៉េកាំងនៅថ្ងៃច័ន្ទនេះថា ទំនាក់ទំនងចិនជាមួយរុស្ស៊ីបានរក្សាទុកនូវ«សម្ទុះរឹងមាំនៃការអភិវឌ្ឍជាវិជ្ជមាន» ហើយរដ្ឋាភិបាលប៉េកាំងសង្ឃឹមថានឹងធ្វើដូច្នេះតទៅទៀតនៅក្រោមការដឹកនាំរបស់ប្រធានាធិបតីពូទីន។
លោក លូ កត់សម្គាល់ថា រដ្ឋាភិបាលប៉េកាំងនិងមូស្គូមានទស្សនៈដូចគ្នាមកលើនយោបាយការបរទេស។
លោក លូ ថ្លែងថា «ចិននិងរុស្ស៊ីមានការទាក់ទងគ្នាដ៏ល្អ ព្រមទាំងមានកិច្ចសហការគ្នាដ៏ប្រសើរអំពីកិច្ចការអន្ដរជាតិ ហើយមានគោលជំហរដូចគ្នានៅលើរឿងអន្ដរជាតិជាច្រើន។ ចិននិងរុស្ស៊ីជាប្រទេសសមាជិករបស់អង្គការ BRICS ហើយបន្ដសហការគ្នា នៅលើកិច្ចការអន្ដរជាតិ»។
ព័ត៌មានអន្តរជាតិសំខាន់ៗដទៃទៀត៖
ឥណ្ឌា៖ ការរញ្ជួយផែនដីមួយមានកម្រិត ៥,២ បានធ្វើឲ្យកក្រើករដ្ឋធានីនៃប្រទេសឥណ្ឌា។ មនុស្សភិតភ័យរត់ប្រសាចនៅលើផ្លូវនៃទីក្រុង ញូវដែលី និងជាយក្រុង កាលពីល្ងាចថ្ងៃច័ន្ទ ធ្វើឲ្យកក្រើកដីអស់រយៈពេល១០វិនាទី។
ភូមា៖ កាលពីថ្ងៃច័ន្ទ ក្រុមបះបោរអំបូរភាគតិចការេន (Karen) នៃប្រទេសភូមាបានអំពាវនាវឲ្យមានសន្ដិភាពពិតប្រាកដនៅក្នុងប្រទេសភូមា និងការផ្សះផ្សាជាតិដែលនឹងនាំទៅរកការបង្កើតសាមគ្គីភាពសហព័ន្ធ។
អ៊ីរ៉ាក់៖ ប៉ូលីសអ៊ីរ៉ាក់និយាយថា ជនប្រដាប់អាវុធស្លៀកពាក់យោធា បានបាញ់កាំភ្លើងមកលើទីកន្លែងឆែកឆេរពីរនៅក្នុងក្រុងខាងលិចហាឌិថា (Haditha) កាលពីព្រឹកថ្ងៃច័ន្ទ ដោយបានសម្លាប់មនុស្សយ៉ាងតិច២៧នាក់។
អ៊ីស្រាអែល-អាមេរិក៖ ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ត្រូវកំណត់នឹងទទួលនាយករដ្ឋមន្ដ្រីអ៊ីស្រាអែលលោក Benjamin Netanyahu ដើម្បីចរចាគ្នាអំពីកម្មវិធីនុយក្លេអ៊ែរ អ៊ីរ៉ង់ មួយថ្ងៃក្រោយពីលោកថ្លែងថា លោកចង់បានការដោះស្រាយតាមការទូតមិនមែនកម្លាំងយោធាទៅនឹងរឿងអ៊ីរងនោះ។
ស.រ.អ.៖ បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋបានធ្វើចលនាគ្រប់ទីកន្លែងនៃរដ្ឋសំខាន់ៗ ដើម្បីទទួលយកការគាំទ្រនៅពេលមុនទិវាមួយហៅ Super Tuesday ដែលរៀបចំការបោះឆ្នោតបឋម និងកិច្ចប្រជុំគណបក្សហៅ ខឃឹស (Caucus)។
យេម៉ែន៖ មន្ដ្រីនៃប្រទេសយេម៉ែន និយាយថា ការប្រយុទ្ធដ៏សាហាវកើតមានឡើងរវាងទាហានរដ្ឋាភិបាល និងក្រុមអាល់កៃដា នៅក្នុងតំបន់ភាគខាងត្បូងប្រទេស បណ្ដាលឲ្យទាហាន ៧៨នាក់ស្លាប់ និងជនសកម្មប្រយុទ្ធ អាលកៃដា ១០នាក់ស្លាប់។
ប៉ាគីស្ថាន៖ ប៉ាគីស្ថាននិយាយថា ខ្លួនបានធ្វើតេស្ត បាញ់មីស៊ីលរង្វង់ខ្លី ដែលអាចភ្ជាប់ក្បាលបរមាណូ និងអាវុធធម្មតាបាន។
កុងហ្គោ-ចិន៖ ស្ថានទូតចិនប្រចាំទីក្រុង Brazzaville នៃប្រទេសកុងហ្គោ និយាយកាលពីថ្ងៃច័ន្ទថា ជនជាតិចិន៦នាក់ស្លាប់ និងជាង១២នាក់របួសនៅពេលដែលដេប៉ូរំសេវ ផ្ទុះនៅក្នុងរដ្ឋធានីនៃសាធារណរដ្ឋកុងហ្គោ។
ចិន៖ នាយករដ្ឋមន្ដ្រីនៃប្រទេសចិនបានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យបង្កើនការប្រើប្រាស់វត្ថុធ្វើនៅក្នុងស្រុក ដើម្បីជួយសេដ្ឋកិច្ចឲ្យរីកធំចម្រើន។
ម៉ិចស៊ិក-ស.រ.អ.៖ អនុប្រធានាធិបតីស.រ.អ. លោក ចូហ បៃឌិន (Joe Biden) បានធ្វើដំណើរមកដល់ទីក្រុងម៉ិកស៊ីកូ កាលពីថ្ងៃអាទិត្យ ដោយលោកកំណត់នឹងជួបប្រជុំដាច់ឡែកជាមួយប្រធានាធិបតី ហ្វេលីព កាលដេរូន (Felipe Calderon) និងបេក្ខជនប្រធានាធិបតីបីនាក់ទៀត ប្រាថ្នាចង់ឡើងជំនួស លោក កាលដេរូន ក្នុងការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំនេះ។
វ៉េណេស៊ុយអេឡា៖ ប្រធានាធិបតីនៃប្រទេសវ៉េណេស៊ុយអេឡាបានបង្ហាញឲ្យដឹងថាដុំសាច់មានជំងឺមហារីកដែលត្រូវកាត់ចេញពីកន្លែងត្រគាកកាលពីសប្ដាហ៍មុន មានទំហំប៉ុនដំបងBaseball ដូចសាច់កាត់ចេញកាលពីឆ្នាំមុន។