ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​បះបោរ​ស៊ីរី​ដកថយ​ចេញ​ពី​តំបន់​ដែល​មាន​ការ​ការពារ​រឹង​មាំ


សមាជិក​កងទ័តព​សេរី​ស៊ីរី (Free Syrian Army)​ ដែល​រង​របួស​សម្រាក​នៅ​ក្នុង​មន្ទីពេទ្យ​បណ្តោះ​អាសន្ន​មួយ​នៅ​ក្នុង​ខេត្ត​ Idlib កាល​ពី​ថ្ងៃ​ទី​០១ ខែ​មិនា​ ឆ្នាំ​២០១២។
សមាជិក​កងទ័តព​សេរី​ស៊ីរី (Free Syrian Army)​ ដែល​រង​របួស​សម្រាក​នៅ​ក្នុង​មន្ទីពេទ្យ​បណ្តោះ​អាសន្ន​មួយ​នៅ​ក្នុង​ខេត្ត​ Idlib កាល​ពី​ថ្ងៃ​ទី​០១ ខែ​មិនា​ ឆ្នាំ​២០១២។

កម្លាំង​បះបោរ​នៅ​ស៊ីរី​និយាយ​ថា​ ពួកគេ​បាន​ដកថយ​ចេញ​ពី​ស្រុក​ បាបា អាមរ៍ (Baba Amr) នៃ​ទី​ក្រុង​ហូម (Homs) ក្រោយពី​មាន​ការ​វាយ​សម្រុក​មួយ​វគ្គ​ដោយ​កង​កម្លាំង​សន្តិសុខ​របស់​លោក​ប្រធានាធិបតី​ បាស្សា អាល់ អាសាដ (Bashar al-Assad)។

ដោយ​ហៅ​ខ្លួន​ឯង​ថា​ ជា​កងពល​តូច​បដិវត្តន៍​ បាបា អាមរ៍ ក្រុម​បះបោរ​នេះ​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ គេ​បាន​ចាកចេញ​ដើម្បី​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជនស៊ីវិល​ប្រមាណ​៤​ពាន់​នាក់​ ដែល​មិន​ព្រម​ចាកចេញ​ពីផ្ទះ​សម្បែង​របស់​គេ។ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ទូរទស្សន៍​រដ្ឋ​ស៊ីរី​បាន​ផ្សាយ​រូបភាព​អំពី​ការ​បំផ្លេច​បំផ្លាញ​នៅ​ក្រុង​ហូម ។ ក្រុម​បះបោរនិយាយ​ថា ការ​ដកទ័ព​របស់​គេ​គឺ​ជា​កលយុទ្ធ​ដែល​បង្ហាញ​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ឡើងៗ​ ដូចជា​ការ​ខ្វះ​ចំណី​អាហារ​ ថ្នាំពេទ្យ ទឹក​ប្រើប្រាស់​ អគ្គិសនី​ និង​ការ​ខ្វះ​បណ្តាញ​ទំនាក់ទំនង​ក្នុង​ទីក្រុង​នេះ។

ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​ផ្សេងៗ​ទៀត៖

ស.រ.អា/កូរ៉េ​ខាងត្បូង៖ នាវា​របស់​ស.រ.អា.​រួម​មាន​ United States Navy’s 7th Fleet និង USS Blue Ridge បាន​ទៅ​ដល់​ក្រុង​ ដុងហេ (Donghae) ប្រទេស​កូរ៉េ​ខាងត្បូង​នៅ​ថ្ងៃ​សុក្រ​នេះ ដើម្បី​ដាក់​កងទ័ព​សម្រាប់​ចូលរួម​សមយុទ្ធ​ដែល​កំពុង​ដំណើរការ។ នោះ​ជា​សមយុទ្ធ​ប្រចាំ​ឆ្នាំ​រវាង​ស.រ.អា.​ និង​កូរ៉េ​ខាងត្បូង។ សមយុទ្ធ​នេះ​មាន​ឈ្មោះ​ថា​ សមយុទ្ធ​ដំណោះស្រាយ​គន្លឹះ (Key Resolve)។

លោក Vladimir Putin នាយករដ្ឋមន្ត្រី​រុស្សី ជួប​និស្សិត​នៅ​ក្នុង​អំឡុង​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ក្លឹប​កីឡា​យុវជន​មួយ​នៅ​ទី​ក្រុង​ Tambov កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០១២។
លោក Vladimir Putin នាយករដ្ឋមន្ត្រី​រុស្សី ជួប​និស្សិត​នៅ​ក្នុង​អំឡុង​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ក្លឹប​កីឡា​យុវជន​មួយ​នៅ​ទី​ក្រុង​ Tambov កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០១២។

រុស្ស៊ី៖ លោក​ វ្លាឌីមៀ ពូទីន (Vladimir Putin) នាយក​រដ្ឋមន្ត្រី​ប្រទេស​រុស្ស៊ី​កំពុង​សម្តែង​ក្តី​សង្ឃឹម​ដ៏​ទុកចិត្ត​ថា លោក​នឹង​ឈ្នះ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ថ្ងៃ​អាទិត្យ​នេះ។

គុយបា៖ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ លោក ហ្វីដែល កាស្ត្រូ (Fidel Castro) អតីត​ប្រធានាធិបតី​ប្រទេស​គុយបា​ បាន​ជួប​ជាមួយ​គណៈប្រតិភូ​នៃ​សកម្មជន​ជប៉ុន​និង​អ្នក​រួច​ជីវិត​ពី​គ្រោះថ្នាក់​នៃ​គ្រោះថ្នាក់​នុយក្លេអ៊ែរ​និង​ការ​វាយ​ប្រហារ។

ចិន៖ មន្ត្រី​បរិស្ថាន​ជាន់​ខ្ពស់​ម្នាក់​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា គុណភាព​ខ្យល់​អាកាស​ក្នុង​ទីក្រុង​ពីរ​នៃ​ទីក្រុង​ចំនួន​៣​នៅ​ប្រទេស​ចិន​ មិន​មាន​គុណភាព​តាម​ស្តង់ដារ​ ដែល​អាជ្ញាធរ​កំណត់​ក្នុង​ពេល​៤​ឆ្នាំ​ខាង​មុខ​នេះ​ទេ។

ជប៉ុន៖ ប្រទេស​ជប៉ុន​បាន​បញ្ចប់​ការ​សាងសង់​អគារ​ខ្ពស់​បំផុត​ទី​ពីរ​ក្នុង​ពិភពលោក​នៅ​ថ្ងៃ​សុក្រ​នេះ គឺ​ធ្វើ​ហើយ​២​ខែ​មុន​ផែនការ​ដែល​គ្រោង​សម្ពោធ​នៅ​ថ្ងៃ​ទី​២២​មិនា។

អ៊ីរ៉ង់៖ ការ​បោះឆ្នោត​បាន​ចាប់​ផ្តើម​ហើយ​សម្រាប់​ជ្រើសរើស​សភា​ជាតិ​អ៊ីរ៉ង់​ ជា​អ្វី​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ការ​សាកល្បង​មើល​ជំហរ​ក្រុម​អភិរក្ស​និយម​ដែល​គាំទ្រ​ឬ​ប្រឆាំង​នឹង​លោក​ប្រធានាធិបតី​ ម៉ាមូដ អាម៉ាឌីនេចាដ (Mahmoud Ahmadinejad)។

បាគីស្ថាន៖ មន្រ្តី​បាគីស្ថាន​និយាយ​ថា​ក្រុម​សកម្ម​ប្រយុទ្ធ​បាន​ប្រយុទ្ធ​គ្នា​នឹង​កងកម្លាំង​សន្តិសុខ​នៅ​ ក្នុង​តំបន់​ភាគ​ពាយ័ព្យ​ប្រទេសដែល​ជា​តំបន់​មាន​រឿងរ៉ាវ​ចម្រូងចម្រាស​ ហើយ​បាន​បណ្តាល​ឱ្យស្លាប់​ទាហាន​ចំនួន​១០​នាក់​និង​ពួក​សកម្ម​ប្រយុទ្ធ​២៣​នាក់។

អូស្ត្រាលី៖ លោកស្រី ជូលៀ ហ្គីឡាដ (Julia Gillard) នាយក​រដ្ឋមន្រ្តី​អូស្រ្តាលី​បាន​តែងតាំង​លោក​ បប់ ខារ (Bob Carr) ដែល​ជា​អតីត​នាយក​រដ្ឋ​មន្ត្រី​ប្រចាំ​រដ្ឋនោះ ជា​រដ្ឋមន្រ្តី​ការបរទេស​ដើម្បី​ជំនួស​លោក ខេវីន រ៉ាដ (Kevin Rudd) ដែល​បាន​លា​ឈប់​ពី​តំណែង​កាល​ពី​សប្តាហ៍​មុន​ហើយ​បាន​ចាញ់​ក្នុង​ការ​បោះឆ្នោត​ប្រកួត​ប្រជែង​ជាមួយ​នឹង​លោក​ស្រី​ហ្គីឡាដ​កាល​ពី​ថ្ងៃ​ច័ន្ទ​នេះ។

ស.រ.អា៖ លោក​ប្រធានាធិបតី​ស.រ.អា​ បារ៉ាក់ អូបាម៉ា បាន​អំពាវនាវ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​សុំ​ឲ្យ​សភា​អាមេរិក​បញ្ចប់​ប្រាក់​ជំនួយ​សម្រាប់​ឧស្សាហកម្ម​ដែល​មាន​ទឹក​ប្រាក់​ចំនួន​៤​ពាន់​លាន​ដុល្លារ។ លោក​ថ្លែង​ថា​ក្រុមហ៊ុន​ប្រេង​និង​ឧស្ម័ន​កំពុង​តែ​ចំណេញ​ប្រាក់​យ៉ាង​ច្រើន​ឥត​គណនា​ ទោះបី​ជា​មាន​អស្ថិរភាព​នៅ​មជ្ឈឹម​បូព៌ា​ដែល​ជា​រឿង​ជំរុញ​ឲ្យ​សាំង​ឡើង​ថ្លៃ​យ៉ាង​ខ្លាំង​ក៏​ដោយ។

XS
SM
MD
LG