ចិន-ឥណ្ឌា៖ កងនគរបាលឥណ្ឌាបាននាំយកជននិរទេសជាតិទីបេត៍ចេញពីកន្លែងធ្វើបាតុកម្មកាលពីថ្ងៃព្រហស្បត៍នេះនៅក្នុងក្រុងញូដែលី នៅខាងក្រៅកិច្ចប្រជុំមួយរវាងរដ្ឋមន្រ្តីការបរទេសចិននិងឥណ្ឌា នៅពេលក្រុមបាតុករបានទាមទារឲ្យចិនដកខ្លួនចេញពីទឹកដីជម្លោះ នៅក្នុងតំបន់ហេមពាន្តនិងទាមទារឲ្យសម្តេច ដាឡៃ ឡាម៉ា និមន្តត្រឡប់ទៅវិញ តាំងពីព្រះអង្គបានភៀសខ្លួនចេញពីមាតុភូមិ ក្រោយការបះបោរមិនបានជោគជ័យមួយប្រឆាំងនឹងការគ្រប់គ្រងចិនក្នុងឆ្នាំ១៩៥៩។
ចិន៖ មេដឹកនាំកំពូលរបស់ចិននៅក្នុងដែនដីទីបេត៍បានអំពាវនាវឲ្យអជ្ញាធរក្នុងតំបន់តាមដានការប្រើបណ្តាញអ៊ីនធឺណែត និងទូរសព្ទចល័តក្នុងតំបន់ នៅពេលដែលក្រុងប៉េកាំងរៀបចំបើកសមាជជាតិរបស់ប្រជារាស្រ្តប្រចាំឆ្នាំរបស់ខ្លួន និងនៅពេលដែលពលរដ្ឋទីបេត៍សម្តែងការគោរពដល់មនុស្សដែលបានបូជាជីវិតតវ៉ាប្រឆាំងនឹងការគ្រប់គ្រងរបស់ចិន។
ព័ត៌មានអន្តរជាតិសំខាន់ៗដទៃទៀត៖
ភូមា៖ លោក ធាន សៀន ប្រធានាធិបតីភូមា បានអំពាវនាវសុំសេចក្តីអត់ធ្មត់ នៅពេលដែលរដ្ឋាភិបាលលោកអនុវត្តកម្មវិធីកំណែទម្រង់ប្រជាធិបតេយ្យមួយចំនួន ដែលបានចាប់ផ្តើមធ្វើកាលពីជិតមួយឆ្នាំមុន។ លោកប្រធានាធិបតីបានថ្លែងថាភូមាប្រឈមមុខនឹងមាគ៌ាដ៏វែងនិងលំបាកមួយ ដើម្បីធ្វើការផ្លាស់ប្តូរឲ្យបានពេញលេញ កិច្ចការច្រើនទៀតដែលត្រូវធ្វើ និងត្រូវការចូលរួមពីពលរដ្ឋភូមាទាំងអស់ក្នុងអន្តរកាលនេះ។
ស៊ីរី៖ យុទ្ធជនឧទ្ទាមស៊ីរីនិយាយថាពួកគេបានដកថយចេញពីសង្កាត់បាបា អាម ដែលមានការឡោមព័ទ្ធនៃទីក្រុងហោមស៍ (Homs) នៅក្រោយការវាយលុកយោធាដ៏ខ្លាំងក្នុងរយៈពេលមួយខែរបស់កងកម្លាំងសន្តិសុខរបស់លោកប្រធានាធិបតី បាសារ អាលអាសាដ។
កួរ៉េខាងជើង៖ សេចក្តីសម្រេចរបស់កូរ៉េខាងជើងដើម្បីបញ្ឈប់ការសាកល្បងនុយក្លេអ៊ែរ និងកាំជ្រួចអន្តរទ្វីបវង់ប្រតិបត្តិការឆ្ងាយបានទទួលស្វាគមន៍ដោយប្រុងប្រយ័ត្ន នៅពេលអ្នកស្រុកជាច្រើននាក់នៅចាំប្រវត្តិនៃការមិនធ្វើតាមពាក្យសន្យា។ មន្ត្រីសហរដ្ឋអមេរិកបានថ្លែងឲ្យដឹងថា នេះជាជំហានទីមួយប៉ុណ្ណោះ សកម្មភាពធ្វើបន្តត្រូវតែមានដើម្បីបញ្ជាក់ថាកូរ៉េខាងជើងធ្វើតាមពាក្យសន្យា។
អាហ្វហ្គានីស្ថាន៖ អង្គការអូតង់និយាយថា ទាហានខ្លួនពីរនាក់បានត្រូវគ្រាប់ស្លាប់ នៅក្នុងការវាយប្រហារមួយកាលពីថ្ងៃព្រហស្បតិ៍នេះនៅភាគខាងត្បូង ដោយជនជាតិអាហ្វហ្គានីស្ថានពីរនាក់ដែលគេជឿថាម្នាក់ជាទាហាន។
អ៊ីរ៉ង់៖ នៅក្នុងការបោះឆ្នោតមួយ ដែលមានអ្នកបោះឆ្នោតជាច្រើនលាននាក់ និងបេក្ខជនជាច្រើនរយនាក់ចូលរួម ឈ្មោះមន្រ្តីសំខាន់ជាងគេពីរនាក់ គឺលោកប្រធានាធិបតី ម៉ាមោដ អាហម៉ាឌីនីជេត និងមេដឹកនាំកំពូល អាយ៉ាតូឡា អាលី ខាមេនី នៅក្នុងសន្លឹកឆ្នោតដើម្បីជ្រើសរើសសមាជិករដ្ឋសភាអ៊ីរ៉ង់នឹងមិនបានឈរឈ្មោះដើម្បីប្រជែងយកតំណែងទេ។