នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសចិនបានច្រានចោលព្រឹត្តិការណ៍ទាក់ទងនឹងអ្នកនយោបាយជាន់ខ្ពស់ម្នាក់ដែលបានទៅស្ថានកុងស៊ុលសហរដ្ឋអាមេរិក (U.S. consulate) បន្ទាប់ពីមានរឿងអាស្រូវនយោបាយ។
កាលពីថ្ងៃពុធម្សិលមិញ មន្ត្រីសហរដ្ឋអាមេរិកបានបញ្ជាក់អះអាងថាលោក វ៉ាង លីជុន (Wang Lijun) ចៅហ្វាយក្រុងរង និងជាអតីតស្នងការប៉ូលិសខេត្ត ចុងស៊ីង (Chongqing) បានទៅស្ថានកុងស៊ុលសហរដ្ឋអាមេរិកក្នុងទីក្រុង ចេងទូ (Chengdu) កាលពីដើមសប្តាហ៍មុន ប៉ុន្តែមិនបានបញ្ជាក់ថាតើការជួបប្រជុំនោះផ្តោតទៅលើរឿងអ្វីទេ។ សេចក្តី រាយការណ៍សារព័ត៌មានខ្លះទស្សន៍ទាយថា គឺជាការសុំសិទ្ធិជ្រកកោន។
នៅថ្ងៃព្រហស្បតិ៍នេះ លោក កៅ តាំងកៃ (Cui Tiankai) អនុរដ្ឋមន្រ្តីក្រសួងការបរទេសចិនបានបដិសេធចោលឧប្បទ្វហេតុនោះ ដោយនិយាយថារឿងរ៉ាវបានដោះស្រាយចប់សព្វគ្រប់ ហើយមិនប៉ះពាល់ដល់ដំណើរទស្សនកិច្ចរបស់លោក ស៊ី ចិនពីង (Xi Jinping) អនុប្រធានាធិបតីចិនទៅសហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយទេ។
ព័ត៌មានអន្តរជាតិសំខាន់ៗផ្សេងទៀត៖
ស៊ីរី៖ សកម្មជនសិទ្ធិមនុស្សស៊ីរីនិយាយថា កងកម្លាំងរបស់រដ្ឋាភិបាលនៅតែបន្តការវាយប្រហារលើទីក្រុងហូម ដែលនៅភាគកណ្តាលប្រទេស ហើយបានសម្លាប់មនុស្សយ៉ាងតិច២៤នាក់។ នេះជាការបន្តប្រើអំពើហិង្សាប្រឆាំងនឹងការងើបបះបោរ ដែលមានរយៈពេល១១ខែមកហើយ។
ស៊ូដង់៖ អង្គការលើកលែងទោសអន្តរជាតិបាននិយាយថា អាវុធមកពីប្រទេសរុស្ស៊ី និងចិនកំពុងត្រូវបានប្រើប្រាស់ដោយរដ្ឋាភិបាលស៊ូដង់ ក្នុងទង្វើរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរប្រឆាំងនឹងជនស៊ីវិល។
ស.រ.អ.៖ ក្រុមអ្នកតាក់តែងច្បាប់ក្នុងរដ្ឋវ៉ាស៊ីនតោនបានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ដែលទទួលស្គាល់ផ្លូវច្បាប់ចំពោះការរៀបការមនុស្សដែលមានភេទដូចគ្នា។
ក្រិក៖ ការពិភាក្សារវាងក្រុមអ្នកនយោបាយក្រិកលើបញ្ហា ថាតើនឹងត្រូវទទួលយកតាមការទាមទាររបស់សហភាពអឺរ៉ុបសុំឱ្យកាត់បន្ថយការចំណាយទៀត ឬយ៉ាងណានោះ បានជាប់គាំងនាថ្ងៃព្រហស្បតិ៍នេះ ដោយនៅសល់តែបញ្ហាចម្បងមួយទៀតដែលត្រូវដោះស្រាយប៉ុណ្ណោះ។
ចិន៖ មន្ត្រីជាន់ខ្ពស់របស់ប្រទេសចិននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋបាលទីក្រុងប៉េកាំងនឹងបន្តគោលនយោបាយនាពេលថ្មីៗនេះ ដែលអនុញ្ញាតិឱ្យតម្លៃប្រាក់យ័ន (yuan) របស់ខ្លួនបន្តឡើងថ្លៃជាលំដាប់។