ថៃ៖ Cobra Gold ឆ្នាំ២០១២ ដែលជាសមយុទ្ធចម្រុះជាតិប្រចាំឆ្នាំដ៏ធំបំផុតនៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ដឹកនាំដោយសហរដ្ឋអាមេរិកបានចាប់ផ្តើមកាលពីថ្ងៃអង្គារ នៅប្រទេសថៃ។ បុគ្គលិកចំនួន១៣,១៨០នាក់ ពីប្រទេសថៃ សហរដ្ឋអាមេរិក សិង្ហបូរី ជប៉ុន សាធារណរដ្ឋកូរ៉េ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី បានចូលរួមក្នុងសមយុទ្ធនេះ។ ក្នុងនោះមានសមាជិកអាមេរិកាំងប្រមាណ៩០០០នាក់ និងថៃជាង៣៦០០ នាក់។
ជប៉ុន៖ មន្រ្តីជប៉ុននិងអាមេរិកនិយាយថា កងទ័ពជើងទឹកអាមេរិកាំងជាច្រើនពាន់នាក់អាចដកចេញពីកោះអូគីណាវ៉ារបស់ជប៉ុន នៅមុនការបិទមូលដ្ឋានមួយដែលមានរឿងចម្រូងចម្រាស់នៅលើកោះនេះ។
ចិន៖ របាយការណ៍បាននិយាយថា មន្រ្តីថ្នាក់ខ្ពស់ល្បីល្បាញម្នាក់នៅក្នុងប្រទេសចិនភាគនិរតី ស្រាប់តែបានសុំឈប់សម្រាកបន្ទាប់ពីមានលេចចេញពាក្យចចាមអារ៉ាមកាន់តែខ្លាំងឡើងអំពីរឿងអាស្រូវនយោបាយមួយដែលអាចកើតមានឡើងជាមួយនឹងអ្នកមានតួនាទីសំខាន់នៅក្នុងថ្នាក់ដឹកនាំគណបក្សកុម្មុយនិស្ត។
ស៊ីរី៖ កងទ័ពស៊ីរីបន្តធ្វើការវាយលុកលើកន្លែងធ្វើបាតុកម្មនៅទីក្រុងហូមHoms ដែលគេរាយការណ៍ថាបានសម្លាប់ជនស៊ីវិលរាប់សិបនាក់។ តួកគីនិយាយថាខ្លួនមានផែនការបង្កើតក្រុមអន្តរជាតិមួយសម្រាប់ស៊ីរី «ក្នុងពេលឆាប់បំផុត» ដើម្បីសម្របសម្រួលគោលនយោបាយក្នុងរវាងប្រទេសក្នុងតំបន់ និងមហាអំណាចពិភពលោក។
សហរដ្ឋអាមេរិក៖ លោកអនុប្រធានាធិបតីអាមេរិក ចូ បៃដេន Joe Biden និងលោកអនុប្រធានាធិបតីចិនស៊ី ជីងពីង Xi Jingping ដែលគេគ្រប់គ្នាប្រមើលឃើញថានឹងឡើងជាប្រធានាធិបតីចិនអណត្តិក្រោយ បានពិភាក្សាគ្នារបៀបវារៈដែលត្រូវឡើងនៅក្រុងវ៉ាស៊ីនតោននៅសប្តាហ៍ក្រោយ។
សហរដ្ឋអាមេរិក៖ បេក្ខជនប្រធានាធិបតីគណបក្សសាធារណរដ្ឋរិក សានតូរ៉ុម Rick Santorum មានកម្លាំងចិត្តយ៉ាងខ្លាំងកាលពីថ្ងៃពុធ បន្ទាប់ពីបានឈ្នះការប្រកួតដើម្បីការតែងតាំងនៅក្នុងរដ្ឋបី ដែលអាចប៉ះពាល់ដល់ស្ថានភាពជាអ្នកនាំមុខនៃលោកមិត រមនី Mitt Romney អតីតអភិបាលរដ្ឋ Massachusetts។
ប៉ាគីស្ថាន៖ កងយោធាប៉ាគីស្ថាននិងមន្រ្តីអង្គការ អូតង់ កំពុងធ្វើកិច្ចចរចាអំពីសន្តិសុខតាមព្រំដែន បន្ទាប់ពីមានការវាយប្រហារឆ្លងព្រំដែនមួយរបស់កងកម្លាំងចម្រុះកាលពីខែវិច្ឆិកាមុន ដែលបានសម្លាប់ទាហានប៉ាគីស្ថាន២៤នាក់។
ប៉ាគីស្ថាន៖ លោកនាយករដ្ឋមន្រ្តី ប៉ាគីស្ថាន យូស៊ូហ្វ រ៉ាហ្សា ជីឡានី Yusuf Raza Gilani បានដាក់ពាក្យបណ្តឹងឧទ្ធរប្រឆាំងនឹងដីការបស់តុលាការកំពូលដែលកោះហៅលោកឲ្យបង្ហាញខ្លួនក្នុងតុលាការ ដើម្បីប្រឈមនឹងបទចោទថាមិនស្តាប់បង្គាប់តុលាការ។
សូម៉ាលី៖ ក្រុមសកម្មប្រយុទ្ធអាល់ សាបាប់ al-Shabab នៅសូម៉ាលីបានប្រកាសទទួលខុសត្រូវលើការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតមួយក្នុងរថយន្ត កាលពីថ្ងៃពុធ នៅក្រៅសណ្ឋាគារមួយនៅក្នុងរដ្ឋធានីម៉ូហ្កាដេស៊ូ Mogadishu។