ភូមា៖ ទីភ្នាក់ងារព័ត៌មានបារាំង AFP បានផ្សាយថាកាលពីថ្ងៃអង្គារមន្ត្រីភូមាជាន់ខ្ពស់ម្នាក់បានស្នើឲ្យតម្លើងប្រាក់បៀវត្សសម្រាប់ពួកបុគ្គលិកនៃសេវាកម្មស៊ីវិលដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅក្នុងចំណាត់វិធានការមួយដែលមានប្រជាប្រិយភាព នៅពេលដែលប្រទេសធ្វើចលនាឆ្ពោះទៅកាន់ការបោះឆ្នោតដ៏សំខាន់មួយ។ លោក ស្វេ ម៉ាន Shwe Mann ប្រធានសភាជាន់ទាបដែលជាសមាជិកទីបីនៃអតីតក្រុមប្រឹក្សាយោធាដែលបានត្រូវចាត់ទុកថាជាអ្នកកែទម្រង់សំខាន់ម្នាក់របស់ប្រទេសបាននិយាយថាប្រាក់បៀវត្សរបស់មន្រ្តីរាជការមិនទាន់គ្រប់គ្រាន់សម្រាប់«ចំណាយជាមូលដ្ឋានប្រចាំថ្ងៃទេ»។
ចិន៖ លោកអនុប្រធានាធិបតីចិនស៊ី ជីងពីង Xi Jinping មានគំរោងនឹងមកធ្វើទស្សនកិច្ចរដ្ឋធានីវ៉ាស៊ីនតោននៅសប្តាហ៍ក្រោយ។ បុគ្គលដែលគេជឿជាក់ថានឹងក្លាយទៅជាមេដឹកនាំប្រទេសចិននឹងអញ្ជើញមកដល់សហរដ្ឋអាមេរិក នៅពេលមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនអំពីប្រទេសស៊ីរីនិងដែនដីទីបេត៍។
ភូមា៖ លោកស្រីអងសាន ស៊ូជី មេដឹកនាំគាំទ្រលទ្ធិប្រជាធិបតេយ្យភូមាបានធ្វើដំណើរទៅកាន់តំបន់ដីសណ្តទន្លេឥរ៉ាវ៉ាឌី ជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៨៩មក ដោយមានមហាជនប្រកបដោយក្តីសោមនស្សរីករាយអបអរសាទរទទួលលោកស្រី នៅពេលលោកស្រីប៉ុនប៉ងប្រមែប្រមូលការគាំទ្រសម្រាប់គណបក្សលោកស្រីនៅក្នុងការបោះឆ្នោតខាងមុខនេះ។
ស៊ីរី៖ លោករដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ីបាននិយាយថាប្រធានាធិបតីស៊ីរីបាសារ អាល់ អាសាដ Bashar al-Assad នឹងជំរុញឲ្យមានការកែទម្រង់តាមការសន្យាហើយក្នុងពេលឆាប់ៗនេះលោកនឹងកំណត់កាលបរិច្ឆេទសម្រាប់ធ្វើការបោះឆ្នោតប្រជាមតិអំពីរដ្ឋធម្មនុញ្ញថ្មីមួយដែលមានគោលដៅពង្រីកការចូលរួមខាងនយោបាយ។
ក្រិក៖ កាលពីថ្ងៃអង្គារពួកប៉ូលីសក្រិកបានប៉ះទង្គិចជាមួយពួកកម្មករមួយចំនូនក្នុងចំណោមក្រុមកម្មកររាប់ពាន់នាក់ដែលធ្វើបាតុកម្មនៅក្នុងក្រុងអាថែន ដែលតវ៉ាអំពីវិធានការត្បិតត្បៀតកាលពីពេលថ្មីៗបំផុតនេះដោយរដ្ឋាភិបាលបានស្វះស្វែងដាក់កំហិតដើម្បីបំពេញតាមបំណងរបស់ពួកម្ចាស់ឥណទានរបស់ប្រទេស។