ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូបាម៉ា​​​និយាយ​​​ថា​​​អ៊ីស្រាអែល​​​មិន​​​ទាន់​​​សម្រេច​​​ចិត្ត​​​វាយ​​​ប្រហារ​​​អ៊ីរ៉ង់


លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់ អូបាម៉ា មាន​ប្រសាសន៍​អំពី​​អ៊ីស្រាអែល។
លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់ អូបាម៉ា មាន​ប្រសាសន៍​អំពី​​អ៊ីស្រាអែល។

ប្រធានាធិបតី​ បារ៉ាក់ ​អូបាម៉ា​មាន​ប្រសាសន៍ថា​លោកមានជំនឿថា​អ៊ីស្រាអែល​មិនទាន់​សម្រេច​ចិត្ដ​អ្វី​មូយ​ទេ អំពី​ថាតើ​នឹង​ចាត់​វិធានការ​យោធា​ប្រឆាំង​កម្មវិធី​នុយក្លេអែរ អ៊ីរ៉ង់ ឬទេ?

មន្ដ្រី​អាមេរិកាំង​បាន អំពាវនាវ​ដល់​អ៊ីស្រាអែល ដែល​ជា​សម្ព័ន្ធ​មិត្ដ​សំខាន់​របស់​ខ្លួន ឲ្យ​ទុក​ពេល​វេលា​ច្រើន​ទៀត សម្រាប់​ទណ្ឌកម្ម​លោក​ខាងលិច ដើម្បី​កៀប​សង្កត់​អ៊ីរ៉ង់​ឲ្យ​បញ្ឈប់​ដំណើរ​ទៅ​រក​ការផលិត​គ្រាប់បែក​នុយក្លេអ៊ែរ។ អ៊ីរ៉ង់​នៅ​តែ​ទទូច​ថា​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន មាន​គោលដៅ​សន្ដិភាព។

ថ្លែង​ក្នុង​សេចក្ដី​សម្ភាសន៍​ជាមួយ​បណ្ដញ​ទូរទស្សន៍ NBC កាល​ពី​ថ្ងៃ​អាទិត្យ​លោក អូបាម៉ា មាន​ប្រសាសន៍​ថា ស.រ.អ. ជាមួយ​អ៊ីស្រាអែល​នឹង​ធ្វើការ​រួមគ្នា​ក្នុង​វិធីសាស្រ្ត«ជំហានចាក់សោរ» (Lockstep) ដែល​លោក​សង្ឃឹម​ថា​ជា​ដំណោះ​ស្រាយ​តាម​រយៈ​ការទូត​ចំពោះ​បញ្ហា​អ៊ីរ៉ង់។ ចំណែក​អ៊ីស្រាអែល​មើល​ឃើង​អ៊ីរ៉ង់​ដែល​បំពាក់​ដោយ​អាវុធ​នុយក្លេអ៊ែរ​ថា ជា​ការ​គំរាមកំហែង​លើ​ភាព​រស់នៅ​របស់ខ្លួន ពីព្រោះ​ជាញឹកញាប់ មេដឹកនាំ​អ៊ីរ៉ង់​ប្រកាស​រក​ការ​កំទេច​នៃ​រដ្ឋ ជាតិជូរ (Jewish State)។

ព័ត៌មានអន្តរជាតិ​សំខាន់​ផ្សេងៗទៀត៖

ស៊ីរី៖ ក្រុម​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​ស៊ីរី​និយាយ​ថា​ មាន​មនុស្ស​យ៉ាង​តិច​១៧​នាក់​ស្លាប់ ហើយ​ច្រើន​នាក់​ទៀត​របួស​ដោយសារ​គ្រាប់​ផ្លោង ដោយ​កង​កម្លាំង​ស៊ីរី បាញ់​ទម្លាក់​មក​លើ​ចំណុច​ក្តៅ​នៃ​ក្រុង​ហូម (Homs)។

ប៉ាឡេស្ទីន៖ ក្រុមប្រជែង​ប៉ាឡេស្ទីន មាន​ក្រុម​ហ្វាតាហ​ (Fatah) និង​ក្រុម​ហាម៉ាស (Hamas) បាន​យល់​ស្របគ្នា​រៀបចំ​បង្កើត​រដ្ឋាភិបាល​សាមគ្គីភាព​មូយ​ដឹកនាំ​ដោយ​ប្រធានាធិបតី​បច្ចុប្បន្ន​ លោក​ មាហមូឌ​ អាបាស (Mahmoud Abbas)។

ហ្វីលីពីន៖ មន្ដ្រី​ហ្វីលីពីន​និយាយ​ថា មាន​ការ​រញ្ជួយ​ផែនដី​មូយ​ដ៏​ខ្លាំង ដែល​ធ្វើ​ឲ្យ​កក្រើក​តំបន់​កណ្ដាល​ប្រទេស​ហ្វីលីពីន បណ្ដាល​ឲ្យ​មនុស្ស​១៣​នាក់​ស្លាប់ ហើយ​ច្រើន​នាក់​បាត់​ខ្លួន។

អង់គ្លេស៖ ព្រះ​មហាក្សត្រី អ៊ីលីហ្សាបែត (Elizabeth) នៃ​ប្រទេស​អង់គ្លេស​បាន​ប្រារព្ធ​ពិធី​បុណ្យ​ខួប​គម្រប់​៦០​ឆ្នាំ នៃការ​សោយរាជ្យ​របស់​ព្រះអង្គ។

បាគីស្ថាន៖ មន្ដ្រី​បាគីស្ថាន និយាយ​ថា រោងចក្រ​បី​ជាន់​មួយ បាន​ដួល​រលំ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​១២​នាក់ រួម​ទាំង​កុមារ​ម្នាក់​អាយុ​១០​ឆ្នាំ។

រូម៉ានី៖ នាយក​រដ្ឋមន្ដ្រី​នៃ​ប្រទេស​រូម៉ានី (Romania) បាន​លាលែង​ចេញពី​តំណែង ក្រោយពី​មាន​បាតុកម្ម​តវ៉ា​ទូទាំង​ប្រទេស​ជា​ច្រើន​សប្ដាហ៍ ដោយសារ​តែ​រដ្ឋាភិបាល​របស់​លោក​បាន​ចាត់​វិធានការ​តឹងរឹង​ក្នុង​ការ​ចំណាយ​ថវិកាជាតិ។

អេហ្ស៊ីប៖ ស.រ.អ. បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ជ្រាល​ជ្រៅ​ចំពោះ​ប្រទេស​អេហ្ស៊ីប ដែល​សម្រេច​នឹង​កាត់​ទោស​មនុស្ស​៤៣​នាក់ ពី​បទ​ផ្តល់​ជំនួយ​ថវិកា​ខុសច្បាប់​ឲ្យ​ទៅ​ក្រុម​និយម​លទ្ធិ​ប្រជាធិបតេយ្យ។

ចិន៖ អាជ្ញាធរ​ចិន​និយាយ​ថា ខ្លួនបាន​ទាក់ទង​ជាមូយ​កម្មករ​ចិន​២៩​នាក់ ​ដែល​បាន​ត្រូវ​ចាប់ខ្លួនធ្វើជាចំណាប់ខ្មាំងនៅក្នុងប្រទេសស៊ូដង់។

XS
SM
MD
LG