ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អំពើ​ហិង្សា​ក្នុង​ប្រទេស​អេហ្ស៊ីប​ផ្ទុះ​ឡើង​ក្នុង​ថ្ងៃ​ទី​បួន។


បាតុករ​ រត់​គេច​ចេញ​ពីគ្រាប់​បែក​ផ្សែង​ក្នុង​អំឡុង​ពេល​នៃ​ការ​ប៉ះ​ទង្គិច​ជាមួយ​កង​កម្លាំង​សន្តិសុខ​នៅ​ជិត​ក្រសួង​មហាផ្ទៃ​​ក្នុង​រដ្ឋ​ធានី​ឡឺគែ​ ថ្ងៃទី​៥ ខែ​កុម្ភៈ​ ឆ្នាំ​២០១២។
បាតុករ​ រត់​គេច​ចេញ​ពីគ្រាប់​បែក​ផ្សែង​ក្នុង​អំឡុង​ពេល​នៃ​ការ​ប៉ះ​ទង្គិច​ជាមួយ​កង​កម្លាំង​សន្តិសុខ​នៅ​ជិត​ក្រសួង​មហាផ្ទៃ​​ក្នុង​រដ្ឋ​ធានី​ឡឺគែ​ ថ្ងៃទី​៥ ខែ​កុម្ភៈ​ ឆ្នាំ​២០១២។

ហ្វូង​បាតុករ​និង​ប៉ូលិស​នៅ​ក្នុង​ប្រទេស​អេស្ស៊ីប​បាន​ប៉ះ​ទង្គិច​គ្នា​កាល​ពីថ្ងៃ​អាទិត្យ​នេះ​ ជា​ថ្ងៃ​ទី​៤​ជាប់​គ្នា​ហើយ នៅ​ក្នុង​រដ្ឋធានី​គែរ (Cairo)។ កងកម្លាំង​សន្ដិសុខ​បាន​កំពុង​តែ​ខិតខំ​រារាំង​ក្រុម​បាតុករ​មិន​ឲ្យ​ចូល​ទៅ​ជិតអគារ​រដ្ឋាភិបាល​នៅ​ក្នុង​រដ្ឋធានី​នេះ។

ក្រុម​បាតុករ​ កំពុងតែ​អំពាវនាវ​ឲ្យ​ក្រុម​ប្រឹក្សា​យោធា​ដែល​កាន់​អំណាច ប្រគល់​អំណាច​ទៅ​ឲ្យ​រដ្ឋាភិបាល​ស៊ីវិល​វិញ។

ពួក​មន្ដ្រី​បាន​និយាយ​ថា មាន​មនុស្ស​យ៉ាងតិច​ណាស់​១២​នាក់​បាន​ស្លាប់ និង​២៥០០ នាក់​ផ្សេង​ទៀត​បាន​រង​របួស​ចាប់​តាំង​ពី​អំពើ​ឃោរឃៅ​បាន​ផ្ទុះ​ឡើង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ។

អំពើ​ហិង្សា​នោះ​បាន​ផ្ទុះ​ឡើង​ដោយសារ​តែ​កំហឹង​ចំពោះ​កង​កម្លាំង​សន្ដិសុខ​ដែល​ខកខាន​មិន​បាន​បញ្ចៀស​មិន​ឲ្យ​មាន​ការ​វាយ​តប់​គ្នា​និង​ការ​រត់​ជាន់​គ្នា​ស្លាប់ បន្ទាប់​ពី​ចប់​ការ​ប្រកួត​បាល់ទាត់ កាល​ពី​ថ្ងៃ​ពុធ ក្នុង​ទីក្រុង​កំពង់ផែ សាអ៊ីដ (Port Said) បណ្ដាល​ឲ្យ​មនុស្ស​៧៤​នាក់​បាន​ស្លាប់។

កាល​ពី​ថ្ងៃ​សៅរ៍ ប៉ូលិស​នៅ​ក្នុង​រដ្ឋធានី​គែរ បាន​បាញ់​ផ្សែង​បង្ហូរ​ទឹកភ្នែក​និង​បាញ់​បង្អើល​មក​លើ​ហ្វូង​បាតុករ ដែល​ស្រែក​ហើយ​ចោល​ដុំ​ថ្ម​នៅ​ជិត​អាគារ ក្រសួង​មហាផ្ទៃ​ដែល​មាន​ការ​ការពារ​យ៉ាង​មាំមួន។

ព័ត៌មាន​អន្តរជាតិ​សំខាន់​ៗ​ដ៏ទៃទៀត៖

ស.រ.អា៖ អតីត​អភិបាល​រដ្ឋ​ម៉ាស្សាឈូស្សេត (Massachussetts) លោក មីត រូមនី (Mitt Romney) បាន​យក​ជ័យជំនះ​យ៉ាង​ងាយ​ស្រួល​នៅ​ក្នុង​ការបោះឆ្នោត​ក្នុង​គណបក្ស​ក្នុង​រដ្ឋ​ណេវ៉ាដា (Nevana) កាល​ពី​ថ្ងៃ​សៅរ៍នេះ ដោយ​បាន​ពង្រឹង​គោល​ជំហរ​របស់​លោក​ ជា​អ្នក​ដឹក​មុខ​ក្នុង​ការ​ប្រកួត​យក​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ស.រ.អា. ​របស់​គណបក្ស​សាធារណរដ្ឋ ដើម្បី​ប្រកួត​ជាមួយ​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) នៅខែ​វិច្ឆិកា​ខាង​មុខ​នេះ។ នៅ​ក្នុង​សុន្ទរកថា​ជ័យជំនះ​របស់​លោក​ រូមនី គាត់​បាន​បែរ​ទៅ​ទិតៀន​លោក អូបាម៉ា ដោយ​ចោទ​ថា​លោក​អូបាម៉ា​មិន​អើពើ​មក​លើ​រដ្ឋ​ ណេវ៉ាដា​ទេ នៅពេល​ដែល​រដ្ឋនោះ​មានសេដ្ឋកិច្ច​ដុនដាប​បំផុត។

អ.ស.ប/ស៊ីរី៖ កាល​ពី​ថ្ងៃ​សៅរ៍​ប្រទេស​រុស្ស៊ី​និង​ប្រទេស​ចិន​បាន​បោះឆ្នោត​វ៉េតូ​ជំទាស់​នឹង​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​អំពី​ប្រទេស​ស៊ីរី​ដែល​បាន​ថ្កោល​ទោស​ការ​បង្ក្រាប​ជិត​មួយ​ឆ្នាំ​មក​ហើយ​របស់​លោក​ប្រធានាធិបតី​បាស្សា អាល អាសាដ (Bashar al-Assad) លើ​ប្រជាពលរដ្ឋ​របស់​លោក​ហើយ​អំពាវនាវ​ឱ្យ​លោក​ចុះចេញ​ពី​តំណែង។

អ៊ឺរ៉ុប៖ អាកាសធាតុ​ធ្ងន់ធ្ងរ​នៅ​រដូវ​រងារ​នេះ​ បាន​បន្ត​កាន់កាប់​តំបន់​ជាច្រើន​នៃ​ប្រទេស​អឺរ៉ុប​ដោយ​ផ្លូវ​អាកាស​និង​ដង​ផ្លូវ​បាន​ត្រូវ​រំខាន​ហើយ​ការ​ផ្គត់ផ្គង់​ឧស្ម័នបាន​ចុះទាប។

កូរ៉េខាងជើង៖ បើ់​តាម​សេចក្ដី​រាយការណ៍​របស់​បណ្ដាញ​ព័ត៌មាន​រដ្ឋ​របស់​កូរ៉េ​ខាងជើង​ថា​មាន​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​នេះ​បាន​ចាប់ផ្ដើម​ធ្វើ​ធម្មយាត្រា​ទៅ​កាន់​ស្រុក​កំណើត​របស់​ លោក គីម ចុង អ៊ីល ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​កំណើត​របស់​មេដឹកនាំ​របស់​ពួកគេ​ដែល​បាន​ស្លាប់​ទៅ​ហើយ​នោះ ហើយ​បាន​នាំ​គ្នា​សច្ចា​ស្មោះត្រង់​ទៅ​នឹង​កូន​របស់​លោក។

ប៉ាឡេស្ទីន៖ មន្ដ្រី​បាឡេស្ទីន​ម្នាក់​និយាយ​ថា​ប្រធានាធិបតី​បាឡេស្ទីន​ លោក​ ម៉ាមូដ​ អាបាស​និង​មេដឹកនាំ​ក្រុម​ហាមាស​ លោក​ ខាលីដ​ ម៉ាស៉ាអាល ​(Khaled Mashaal) បាន​ចាប់​ផ្ដើម​ចរចា​គ្នា​នៅ​ក្នុង​រដ្ឋធានី​កាតា ​កាល​ពី​ថ្ងៃ​អាទិត្យ​នេះ​ស្ដី​ពី​ការ​បង្កើត​រដ្ឋាភិបាល បាឡេស្ទីន​បណ្ដោះ​អាសន្ដ ហើយ​នឹង​រៀបចំ​ឱ្យ​មាន​ការ​បោះឆ្នោត។

អាហ្វហ្គានីស្ថាន៖ ពួក​មន្ត្រី​អាហ្វហ្គានីស្ថាន​បាន​និយាយ​ថា​ការ​ដាក់​គ្រាប់​បែក​ក្នុង​ទ្បាន​មួយ​គ្រឿង​បាន​ផ្ទុះ​នៅ​ខាង​ក្រៅ​ទី​ស្នាក់ការ​ធំ​របស់​ពួក​ប៉ូលីស​ក្នុង​ក្រុង​កាន់ដាហារ ​បណ្តាល​ឱ្យ​ប៉ូលីស​៥​នាក់​និង​ជន​ស៊ីវិល​២​នាក់​បាន​ស្លាប់​នៅ​ថ្ងៃ​អាទិត្យ​នេះ។

រុស្ស៊ី៖ ទោះបីជា​មាន​ធាតុអាកាស​ត្រជាក់​ខ្លាំង​ក៏​ដោយ​ ក៏​ពួក​បាតុករ​រាប់​ម៉ឺន​នាក់​បាន​ធ្វើការ​តវ៉ា​នៅ​ក្នុង​រដ្ឋធានី​ម៉ូស្គូ​និងក្នុង​ទីក្រុង​រុស្ស៊ី​ឯ​ទៀត​ៗ​កាល​ពី​ថ្ងៃ​សៅរ៍​នេះ​ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​បោះឆ្នោត​ដោយ​យុត្តិធម៌​ក៏​ប៉ុន្តែ​ក៏​មាន​បាតុករ​ខ្លះ​គាំទ្រ​រដ្ឋាភិបាល​ដែរ។

កូរ៉េខាងជើង៖ សេចក្តី​រាយការណ៍​មួយ​បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា​ប្រទេស​កូរ៉េខាង​ជើង​កំពុង​អភិវឌ្ឍ​យន្តហោះ​ប្រយុទ្ធ​គ្មាន​មនុស្ស​បើក​ជា​ទី​ដៅ​នៃ​ការ​វាយ​ប្រហារ​ដែល​បាន​ត្រូវ​នាំ​ចូល​ពី​ភូមិភាគ​មជ្ឈឹម​បូព៌ា។

XS
SM
MD
LG