ស៊ីរី៖ រុស្ស៊ីនិងចិនបានបោះឆ្នោតវ៉េតូជំទាស់នឹងការសម្រេចចិត្តមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលើស៊ីរីដែលធ្វើការថ្កោលទោសលោកប្រធានាធិបតីបាសាទ អាល អាសា (Bashar al-Assa) ពីការប្រើប្រាស់អំពើហិង្សាក្នុងការបង្ក្រាបជិតមួយឆ្នាំលើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល។
ចិន៖ លោកចន ម៉ាកខេន (John Mc Cain) សមាជិកព្រឹទ្ធសភាស.រ.អ.សំខាន់ម្នាក់និងធ្លាប់ជាបេក្ខជនប្រធានាធិបតីផងដែរបានព្រមានប្រទេសចិនថា «និទាឃរដូវអារ៉ាប់ជិតមកដល់ហើយ»។
រស្ស៊ី៖ ក្នុងធាតុអាកាសត្រជាក់យ៉ាងខ្លាំង មានក្រុមបាតកររាប់ម៉ឺននាក់បានចេញទៅធ្វើការតវ៉ានៅក្រុងម៉ូស្គូ និងក្រុងឯទៀតៗនៃប្រទេសរុស្សីកាលពីថ្ងៃសៅរ៍ ដើម្បីធ្វើការជំទាស់នឹងបេក្ខភាពរបស់លោកនាយករដ្ឋមន្ត្រី វីឡាឌីមែរ ផូទីន (Vladimir Putin) នៅក្នុងការបោះឆ្នោតប្រធានាធិបតីក្នុងរយៈពេល១ខែទៀត។
អាហ្វហ្គានីស្ថាន៖ លោកឧត្តមសេនិយ ចន អេឡិន (John Allen) មេបញ្ជាការយោធាកំពូលអាមេរិកនៅអាហ្វហ្គានីស្ថានអំពាវនាវដល់ពួកតាលីបាន់ឱ្យឈប់សម្លាប់ពួកបុរស ស្ត្រីនិងកុមារស្លូតត្រង់គ្មានទោសពៃ ឆ្លើយតបទៅនឹងទិន្នន័យថ្មីស្តីពីការស្លាប់នៃពួកជនស៊ីវិលដ៏ច្រើនពីការវាយប្រហាររបស់ពួកប៉ះបោរ។
អាហ្វហ្គានីស្ថាន៖ កុមារ២២នាក់នៅក្រោមអាយុ៥ឆ្នាំ ដែលមានរួមបញ្ចូលទារិកាភ្លោះអាយុ៣ខែនិងទារកម្នាក់អាយុ១ខែផង បានស្លាប់ដោយសារធាតុអាកាសត្រជាក់កាលពីខែមុននៅក្នុងជំរុំជនភៀសខ្លួន២កន្លែងក្នុងរដ្ឋធានីកាប៊ុល ក្រោយពីបានរត់គេចខ្លួនជាមួយគ្រួសារពួកគេចេញពីតំបន់មានសង្គ្រាម។
អាហ្វហ្គានីស្ថាន៖ លោកឧត្តមសេនិយ ចន អេឡិន (John Allen) មេបញ្ជការនៃកងកម្លាំងអន្តរជាតិនៅអាហ្វហ្គានីស្ថាននិយាយថាកាលវិភាគសម្រាប់អន្តរកាលពីក្រុមចម្រុះទៅកាន់ការត្រួតត្រាខាងសន្តិសុខពេញលេញដោយអាជ្ញាធរអាហ្វហ្គានីស្ថានគ្មានការប្រែប្រួលទេ គឺក្រុមទាហានអាមេរិកាំងនឹងបញ្ចប់កិច្ចប្រតិបត្តិការប្រយុទ្ធរបស់ពួកគេមិនហួសពីឆ្នាំ២០១៣ទេ គឺមួយឆ្នាំមុនពេលព្រៀងទុកពីមុន។