ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជាង​២០០​នាក់​បាន​ស្លាប់​បន្ទាប់​ពី​ការ​បាញ់​ផ្លោង​ក្នុង​ទីក្រុង​នៃ​ប្រទេស​ស៊ីរី


ទិដ្ឋភាព​ផ្ទះ​ដែល​អ្នកស្រុក​និយាយ​ថា​ត្រូវ​បាន​ខូច​ខាត​ក្នុង​អំឡុងពេល​នៃ​ការ​បង្ក្រាប​របស់​ពួក​យោធា​លើ​បាតុករ​ប្រឆាំង​ប្រធានាធិបតី​ស៊ីរី​ Bashar al-Assad​ក្នុង​ទីក្រុង​ Rasten​ ថ្ងៃ​ទី​០៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០១២។
ទិដ្ឋភាព​ផ្ទះ​ដែល​អ្នកស្រុក​និយាយ​ថា​ត្រូវ​បាន​ខូច​ខាត​ក្នុង​អំឡុងពេល​នៃ​ការ​បង្ក្រាប​របស់​ពួក​យោធា​លើ​បាតុករ​ប្រឆាំង​ប្រធានាធិបតី​ស៊ីរី​ Bashar al-Assad​ក្នុង​ទីក្រុង​ Rasten​ ថ្ងៃ​ទី​០៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០១២។

ពួក​សកម្មជន​សិទ្ធិ​មនុស្ស​និយាយ​ថា​ កងកម្លាំង​ប្រដាប់​អាវុធ​ស៊ីរី​បាន​បាញ់សម្លាប់មនុស្ស​យ៉ាង​តិច​ណាស់ ២១៧​នាក់​នៅ​ក្នុង​ទី​ក្រុង​ហូម (Homs) នៅ​ក្នុង​អំពើ​ហិង្សា​ដែល​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស ចាប់​តាំង​ពី​ថ្ងៃ​សុក្រ​មក ខណៈ​ដែល​អ.ស.ប​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​បោះឆ្នោត​លើ​សេចក្ដី​សម្រេច​ដែល​មាន​គោលដៅ​នឹង​បញ្ឈប់​ការ​បង្ហូរ​ឈាម​នេះ។

អង្គការ​សង្កេតការណ៍​សិទ្ធិ​មនុស្ស​ស៊ីរី ​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​នេះ​ថា មនុស្ស​រាប់រយ​នាក់​ត្រូវ​បាន​របួស ​ហើយ ​អាគារ​ជា​ច្រើន​ខ្នង​ត្រូវ​បាន​បំផ្លាញ​ចោល​។ ការ​បាញ់​គ្រាប់​ផ្លោង​ភាគ​ច្រើន​បាន​ធ្លាក់​ក្នុង​សង្កាត់ ខាលីឌីយ៉ា (Khalidiya) ក្នុង​ក្រុង​ហូម ដែល​មាន​ទឹក​ចិត្ត​ប្រឆាំង​រដ្ឋាភិបាល​ខ្លាំងខ្លា។ ទីក្រុង​នោះ​ស្ថិត​នៅ​ភាគ​ខាងលិច​នៃ​ប្រទេស​ស៊ីរី​ជិត​ព្រំដែន​ជាមួយ​ប្រទេស​លីបង់ ដែល​ជា​ចំណុច​ក្ដៅ​របស់​ក្រុម​ប្រឆាំង​របប​នយោបាយ​ក្នុង​អំឡុង​ពេល​នៃ​ការ​បះបោរ ដែល​ចាប់ផ្ដើម​អស់​ជិត ១១​ខែ​មក​ហើយ។

នៅ​ពេល​ដែល​ចំនួន​មនុស្ស​ស្លាប់​កាន់តែ​កើន​ឡើង ក្រុម​ប្រឹក្សា​សន្ដិសុខអ.ស.ប​បាន​ថ្លែង​ថា​ខ្លួន​នឹង​បោះឆ្នោត​នៅថ្ងៃសៅរ៍​នេះ មក​លើ​សេចក្ដីសម្រេច​ដែល​បាន​ព្រាង​ទុក​លើ​ប្រទេស​ស៊ីរី។ រុស្ស៊ី​គម្រាម​នឹង​ដាក់​វេតូ​ប្រឆាំង​ទៅ​លើ​សេចក្ដីព្រាង​ដំបូង

ហើយ រដ្ឋបាល​លោក​ប្រធានាធិបតី អូបាម៉ា (Obama) បាន​ធ្វើ​ការ​បញ្ចុះ​បញ្ចូល​ឲ្យ​គាំទ្រ​សេចក្តី​ព្រាង​ដំបូង​ដែល​មាន​ភាព​ធូលស្រាល ក្នុង​ការ​ដាក់​ទណ្ឌកម្ម​មក​លើ​ស៊ីរី។

ព័ត៌មាន​អន្តរជាតិ​សំ​ខាន់​ៗ​ដ៏ទៃទៀត​៖

អេហ្ស៊ីប៖ ការ​ប៉ះ​ទង្គិច​ដោយ​ហិង្សា​ក្នុង​ប្រទេស​អេហ្ស៊ីប បាន​ចូល​ក្នុង​ថ្ងៃ​ទី​៣​ហើយ ស្របពេល​ដែល​ពួក​បាតុករ​រាប់​ពាន់​នាក់​បាន​តវ៉ា​ប្រឆាំង​ការ​ខ្វះ​ចំណាត់​ការរបស់​ពួក​អាជ្ញាធរ​ក្នុង​អំឡុង​ពេល​នៃ​ការត់​ជាន់​គ្នា​ស្លាប់​ដ៏​ឃោរឃៅនៅ​ឯ​ក្នុង​ការ​ប្រកួត​បាល់​ទាត់នៅ​ដើម​សប្តាហ៍​នេះ។

ស.រ.អា៖ យោធា​សហរដ្ឋ​អាមេរិក​បាន​បញ្ជារ​ឲ្យ​តុលាការ​សឹក​យក​អ្នក​វិភាគ​របាយការណ៍​សម្ងាត់​ថ្នាក់​ទាប​ម្នាក់​ទៅ​ធ្វើ​ការ​ចោទ​ប្រកាន់​ពី​បទ​បញ្ចេញ​ឯកសារ​សម្ងាត់ទៅ​ឲ្យ​វីគីលីក (Wikileaks)។

អាហ្វហ្គានីស្ថាន៖ របាយការណ៍​មួយ​របស់​អង្គការ​សហប្រជាជាតិបាន​ឲ្យ​ដឹង​ថា​មាន​ជន​ស៊ីវិល​ជាង​៣​ពាន់​នាក់បាន​ស្លាប់​ក្នុ​ង​ជម្លោះនៃ​ប្រទេស​អាហ្វហ្គានីស្ថាន​កាល​ពី​ឆ្នាំ​មុន ដែល​ជា​ចំនួន​អ្នក​ស្លាប់​ប្រចាំ​ឆ្នាំ​ដ៏​អាក្រក់​បំផុតនៅ​ក្នុង​សង្គ្រាម​រាប់​ទសវត្សរ៍​មក​នេះ។

រុស្ស៊ី៖ គេ​រំពឹង​ថា​ពលរដ្ឋ​រុស្ស៊ី​ជា​ច្រើន​ម៉ឺន​នាក់​នឹង​ស៊ូទ្រាំ​នឹង​អាកាស​ធាតុ​រងា​នៅ​ក្នុង​រដ្ឋធានី​ម៉ូស្គូ​នៅ​ថ្ងៃសៅរ៍នេះ​ដើម្បី​ចូលរួម​ក្នុង​អ្វី​ដែល​អាច​ជា​ការ​ធ្វើ​មិទ្ទិញ​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ដ៏​ធំ​លើក​ដំបូង​នៃ​ឆ្នាំ​នេះ។

ស.រ.អា៖ ទីផ្សារ​មូលប័ត្រ​របស់​ស.រ.អា​បាន​ឡើង​ខ្ពស់​ជា​ខ្លាំង​កាល​ពី​ថ្ងៃ​សុក្រ​នេះ ក្រោយ​ពី​ពួក​អ្នក​ជំនាញ​របស់​រដ្ឋាភិបាល​បាន​រាយការណ៍​អំពី​កំណើន​ទី​ផ្សារ​ការងារ​ខ្លាំង និង​អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​ចុះទាប។

ស.រ.អា៖ ប្រធានាធិបតី​ស.រ.អា​លោក បារ៉ាក់ អូបាម៉ា បាន​ជំរុញ​សភា​ស.រ.អា​ឲ្យ​អនុម័ត​ទៅ​លើ​គំរោង​លំនៅឋាន​មួយ ដែល​លោក​ថ្លែង​ថា​នឹង​ជួយ​សន្សំ​ប្រាក់​ដល់​ម្ចាស់​គេហដ្ឋាន​រាប់ពាន់ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ពី​ការ​ខ្ចី​ប្រាក់​ទិញ​ផ្ទះ។

ប៉ាពូអាស៊ី នូវែលហ្គីណេ៖ នៅក្នុងប្រទេស ប៉ាពូអាស៊ី នូវែលហ្គីណេ (Papua New Guinea) ក្រុម​អ្នក​ជួយ​សង្រ្គោះ​បាន​ស្រង់​យក​សាកសព​មនុស្ស​៤​នាក់​ចេញ​ពី​សាឡាង​ដែល​បាន​លិច​កាល​ពី​ពីរ​ថ្ងៃ​មុន​នោះ នៅ​ជិត​ឆ្នេរ​សមុទ្រ​នៃ​ប្រទេស​នេះ។ ពួក​អាជ្ងាធរ​បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា​មាន​មនុស្ស​ប្រហែល​ជា​១០០​ទៀត​កំពុង​នៅ​តែ​បាត់​ខ្លួន​នៅ​ឡើយ។

អាហ្វ្រិក​ខាងត្បូង៖ នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ មេ​ដឹកនាំ​យុវជន​ដែល​កំពុង​មាន​បញ្ហា​នៃ​សភា​ជាតិ​អាហ្រ្វិក (Afican National Congress) ដែល​កំពុង​កាន់​អំណាច បាន​ត្រូវ​គេ​រំពឹង​ថានឹង​ដឹង​នៅ​ថ្ងៃ​សៅរ៍​នេះ អំពី​ថា​តើ​ការ​ប្តឹង​ឧទ្ធរណ៍​ពី​ការ​ព្យួរ​ចេញ​ពី​គណបក្ស​របស់​គាត់​បាន​ជោគជ័យ​ឬ​ទេ។

XS
SM
MD
LG