អ៊ីរ៉ង់៖ មេដឹកនាំកំពូល អាយ៉ាតូឡា អាលី ខាមេនី (Ayatollah Ali Khameni) របស់អ៊ីរ៉ង់បានព្រមានកាលពីថ្ងៃសុក្រថាអ៊ីរ៉ង់នឹងធ្វើការសងសឹកប្រឆាំងការដាក់ទ័ណ្ឌកម្មប្រេងដោយប្រទេសលោកខាងលិច ហើយនិងគំរាមកំហែងវាយប្រហារ នៅពេលសេចក្តីរាយការណ៍ផ្សាយព័ត៌មានអាមេរិកមានការភ័យខ្លាចថាអ៊ីស្រាអែលអាចវាយប្រហារអ៊ីរ៉ង់ក្នុងរយៈពេលបីទៅបួនខែខាងមុខទៀតនេះ។
សូម៉ាលី៖ អង្គការសហប្រជាជាតិបានប្រកាសជាផ្លូវការដើម្បីបញ្ចប់ភាពអត់ឃ្លាននៅសូម៉ាលី តែបានព្រមានថា ប្រជាពលរដ្ឋជិតមួយភាគបីរបស់ប្រទេសដែលហែកហួរដោយសារសង្គ្រាមនេះនៅត្រូវការជំនួយម្ហូបអាហារនៅឡើយ។
អេហ្ស៊ីប៖ អំពើហិង្សាបានរាលដាលនៅពាសពេញទីក្រុងនានាកាលពីថ្ងៃសុក្រដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់៣នាក់ និង៣០នាក់រងរបួល។ កំហឹងរបស់ប្រជាជននិងក្រុមបាតុករលើអសមត្ថភាពរបស់កងកម្លាំងសន្តិសុខដើម្បីរារាំងការរត់ជាន់គ្នា និងការស្លាប់មនុស្សយ៉ាងហោចណាស់ក៏៧៤នាក់ស្លាប់ក្នុងការប្រកួតបាល់ទាត់កាលពីថ្ងៃសុក្របានវិវត្តទៅជាបាតុកម្ម អំពាវនាវឲ្យក្រុមប្រឹក្សាយោធាប្រគល់អំណាចទៅឲ្យរដ្ឋាភិបាលស៊ីវិល។
អាហ្វហ្គានីស្ថាន៖ លោក អេនដឺ ហ្វក រ៉ាសមូលសេន (Anders Fogh Rasmussen) អគ្គលេខាធិការ អង្គការអូតង់ មានប្រសាសន៍ថាកងទ័ពចម្រុះ នឹងបន្តប្រយុទ្ធជាមួយកងទ័ពអាហ្វហ្គានីស្ថាន នៅពេលដែលការផ្ទេរខាងសន្តិសុខកើតមានឡើងនៅអាហ្វហ្គានីស្ថាន។
សហរដ្ឋអាមេរិក៖ ប្រាប់ឲ្យដឹងថា ទីផ្សារការងាររបស់ខ្លួន កើនឡើងយ៉ាងឆាប់រហ័សការងារ២សែន៤ម៉ឺន៣ពាន់ បានត្រូវបង្កើតនៅក្នុងខែមករា ហើយថាអត្រាអត់ការងារធ្វើរបស់ខ្លួន បានធ្លាក់មកត្រឹម 8,3 ភាគរយដែលជាចំនួនទាបបំផុតក្នុងរយៈពេលជិត៣ឆ្នាំនេះ។
សហរដ្ឋអាមេរិក៖ នាយករដ្ឋមន្រ្តី ដេវីត ខាមេរ៉ន (David Cameron) និងភរិយារបស់លោកគឺលោកជំទាវ សាម៉ាថា (Samatha) នៃប្រទេសអង់គ្លេសនឹងបំពេញទស្សនៈកិច្ចរយៈពេល២ថ្ងៃជាផ្លូវការនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃទី១៣ខែមិនា។
ស៊ីរី៖ ពួកសកម្មជនរាយការណ៍ថាមានមនុស្សយ៉ាងហោចណាស់ក៏១២នាក់បានស្លាប់ នៅពេលដែលការប្រឆាំងតវ៉ានិងការប៉ះទង្គិចបានផ្ទុះឡើងទូទាំងប្រទេស នៅខណៈដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិតស៊ូដើម្បីធ្វើសេចក្តីសម្រេចចិត្តដើម្បីជួយបញ្ចប់ការបង្ហូរឈាមនោះ។
ប៉ាគីស្ថាន៖ មន្រ្តីសន្តិសុខនិយាយថាពួកកងជីវពលបានវាយសង្គ្រប់ចំណុចឆែកឆេររបស់កងទ័ពក្នុងតំបន់ពាយ័ព្យនៅប៉ាគីស្ថានបានសម្លាប់ទាហាន៧នាក់និងធ្វើឲ្យ៣នាក់ទៀតរងរបួស។
រុស្ស៊ី៖ មេដឹកនាំរបស់ពួកឧទ្ទាមអ៊ីស្លាមបានបញ្ជាឲ្យបញ្ឈប់វាយប្រហារលើជនស៊ីវិល។ លោក ដូកូ អឺម៉ារ៉ូវ (Doku Umarov) និយាយថា លោកកំពុងជំរុញឲ្យក្រុមទាំងអស់ធ្វើកិច្ចប្រតិបត្តិការណ៍ពិសេសនៅរុស្ស៊ីដើម្បីបញ្ឈប់ការវាយប្រហារដែលអាចធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋសន្តិភាព។