តុលាការឧក្រិដ្ឋកម្មសង្គ្រាមគាំទ្រដោយអ.ស.ប.ក្នុងប្រទេសកម្ពុជាបានចេញដីកាឱ្យមេគុកសំខាន់ជាងគេនៃពួកខ្មែរក្រហមចំណាយពេលវេលាដែលនៅសេសសល់ក្នុងជីវិតរបស់គាត់នៅក្នុងពន្ធនាគារសម្រាប់ឧក្រិដ្ឋកម្មដែលតុលាការនេះនិយាយថាជា"ឧក្រឹដ្ឋកម្មមួយក្នុងចំណោមឧក្រិដ្ឋកម្មដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិដែលបានកត់ត្រាទុក"។
សេចក្តីសម្រេចនេះបានបង្កើនសាលក្រមកាត់ទោសមួយរបស់តុលាការជាន់ទាបដែលបានកាត់ទោសឱ្យគាត់ជាប់គុកតែ១៩ឆ្នាំដែលបានត្រូវតវ៉ាដោយពួកព្រះរាជអាជ្ញាថាទោសនេះស្រាលពេក។
លោក គង់ ស្រ៊ីម (Kong Srim) ប្រធានក្រុមជំនុំជម្រះនេះបាននិយាយនៅពេលអានសាលក្រមនេះថាលោក កាំង ហ្គេច អ៊ាវ (Kaing Guek Eav) ហៅ ឌុច ជាបុគ្គលម្នាក់ដែល“សាហាវយង់ឃ្នង" ដែលសមនឹងទទួល"ទោសធ្ងន់បំផុតដែលមាន។"
តុលាការនេះបានឱ្យដឹងថាឌុចបានមើលការខុសត្រូវ "រោងចក្រមរណៈ"មួយនៅឯគុកទួលស្លែងក្នុងទសវត្សរ៍ឆ្នាំ១៩៧០ហើយគាត់ជាអ្នកទទួលខុសត្រូវដល់ការស្លាប់នៃមនុស្សប្រមាណ១ម៉ឺន៤ពាន់នាក់។
ឌុចបានទទួលសារភាពអំពីមុខនាទីរបស់គាត់ក្នុងឧក្រិដ្ឋកម្មទាំងនេះ ក៏ប៉ុន្តែគាត់បានសុំឱ្យការលើកលែងទោសដោយនិយាយថាគាត់គ្រាន់តែបានទទួលបញ្ជាយ៉ាងតឹងរឹងពីពួកមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ប៉ុណ្ណោះ។
ព័ត៌មានអន្តរជាតិសំខាន់ៗដទៃទៀត៖
អេហ្ស៊ីប៖ ពួកមន្ត្រីសុខាភិបាលក្នុងប្រទេសអេហ្ស៊ីបបាននិយាយថាបាតុករ២នាក់ដែលខឹងសម្បានឹងកុបកម្មកីឡាបាល់ទាត់ដ៏ប្រល័យកាលពីថ្ងៃពុធនេះ បានត្រូវគេបាញ់ ហើយសម្លាប់នៅក្នុងការប៉ះទង្គិចជាមួយពួកប៉ូលីសនៅក្នុងក្រុងស៊ឺស (Suez)។
អ.ស.ប/ស៊ីរី៖ នៅថ្ងៃសុក្រនេះ ពួកសមាជិកនៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប.បានពិចារណាអំពីសេចក្តីព្រាងលើសេចក្តីសម្រេចថ្មីមួយដើម្បីបញ្ឈប់ការបង្ហូរឈាមក្នុងប្រទេសស៊ីរីជាមួយវិសោធនកម្មមួយដែលបានត្រូវរៀបរៀងទ្បើងដើម្បីពុះពារទៅនឹងការជំទាស់របស់ប្រទេសរុស្ស៊ី។
ស៊ីរី៖ ក្រុមអ្នកសិទ្ធិមនុស្សមួយដែលមានមូលដ្ឋានក្នុងស.រ.អា.បាននិយាយថាពួកគេមានភស្តុតាងដែលថាកងកម្លាំងស៊ីរីបានចាប់ពួកក្មេងៗដែលមានអាយុត្រឹម១៣ឆ្នាំហើយបានធ្វើទារុណកម្មពួកគេនៅពេលសាកសួរចម្លើយ។
អូតង់/អាហ្វហ្គានីស្ថាន៖ នៅក្នុងការប្រជុំ២ថ្ងៃក្នុងក្រុងព្រុចសែល (Bruxelles) ពួករដ្ឋមន្ត្រីការពារប្រទេសនៃអង្គការអូតង់បានចូលរួមជាមួយស.រ.អា.និងប្រទេសបារាំងក្នុងការអំពាវនាវដល់កងកម្លាំងអាហ្វហ្គានីស្ថានឱ្យធ្វើការនាំមុខក្នុងកិច្ចប្រតិបត្តិការប្រយុទ្ធទាំងអស់នៅក្នុងប្រទេសរបស់ពួកគេនៅត្រឹមឆ្នាំ២០១៣តទៅ--គឺមួយឆ្នាំមុនពេលកំណត់ដែលបានគ្រោងទុក។
សូម៉ាលី៖ អ.ស.ប.បានប្រកាសជាផ្លូវការអំពីការចប់គ្រោះទុរភិក្សក្នុងប្រទេសសូម៉ាលី ក៏ប៉ុន្តែបានព្រមានថាប្រជាពលរដ្ឋជិតមួយភាគបីក្នុងប្រទេសដែលយារយីដោយសារសង្គ្រាមមួយនេះនៅតែត្រូវការជំនួយម្ហូបអាហារជាបន្ទាន់។