អេហ្ស៊ីប៖ ពួកសកម្មជននៅក្នុងប្រទេសអេហ្ស៊ីបបាននាំគ្នាដើរតវ៉ានៅលើដងផ្លូវទាំងឡាយកាលពីថ្ងៃព្រហស្បតិ៍នេះ ដោយបន្ទោសប៉ូលិសដែលខកខានមិនបានបញ្ចៀសអំពើហិង្សានៅឯការប្រកួតបាល់ទាត់មួយ ដែលបណ្ដាលឲ្យមនុស្ស ៧៤នាក់បានស្លាប់និង រាប់រយនាក់ផ្សេងទៀតរងរបួស នៅឯទីក្រុងផត សេត (Port Said) នាភាគខាងជើងប្រទេស។
ក្រុមបាតុករមានការខឹងសម្បាថា ប៉ូលិសកុបកម្មភាគច្រើននៅក្នុងកីឡាដ្ឋាននោះ មើលទៅហាក់ដូចជាបានឈរនៅទ្រឹងមើលព្រឹត្តិការណ៍ដ៏អាក្រក់បំផុតនៃអំពើហិង្សាដែលបង្កឡើងដោយកីឡាបាល់ទាត់ ក្នុងប្រវត្ដិសាស្រ្ដអេហ្ស៊ីបកាលពីយប់ថ្ងៃពុធនេះ។ អ្នកខ្លះទៀតមានការព្រួយបារម្ភថាអ្នកក្រុមអ្នកគាំទ្រខ្លះបានត្រូវអនុញ្ញាតឲ្យកាន់អាវុធចូលទៅក្នុងកីឡាដ្ឋាន។
អំពើហិង្សានោះបានផ្ទុះឡើងនៅពេលដែលក្រុមអ្នកគាំទ្ររបស់ក្រុម អាល មាស្រី (Al Masry) បានរត់ប្រសាចចូលទៅក្នុងទីវាលប្រកួត នៅពេលបញ្ចប់នៃការប្រកួត ហើយបានវាយទៅលើពួកកីឡាករនិងអ្នកគាំទ្រនៃក្រុមភ្ញៀវ អាល អាលី (Al Ahly)។
Elizabeth Arrott នៃវីអូអេរាយការណ៍ថា បរិយាកាសនៅថ្ងៃព្រហស្បតិ៍នេះមានភាពតានតឹងនៅទីនោះ ដោយគេឃើញមានការពង្រាយទាហានដើម្បីការពារមិនឲ្យមានអំពើឃោរឃៅតទៅទៀត។
ព័ត៌មានអន្តរជាតិសំខាន់ៗដទៃទៀត៖
អូតង់/អាហ្វហ្គានីស្ថាន៖ ក្រុមរដ្ឋមន្ដ្រីការពារប្រទេសនៃអង្គការអូតង់នឹងជួបពិភាក្សាគ្នានៅក្នុងទីក្រុង ព្រុចសែលនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សាអំពីការផ្លាស់ប្តូរដែលអាចទៅរួចមួយចំនួនសម្រាប់ផែនការយុទ្ធសាស្ត្ររបស់ក្រុមសម្ព័ន្ធមិត្ដនៅក្នុងប្រទេស អាហ្វហ្គានីស្ថាន រាប់បញ្ចូលទាំងការបញ្ចប់កិច្ចប្រតិបត្ដិការយោធាមុនពេលកំណត់ផងដែរ។
បាគីស្ថាន៖ តុលាការកំពូលនៃប្រទេសបាគីស្ថាន បានចេញបញ្ជាឲ្យលោកនាយករដ្ឋមន្ដ្រី យូសូហ្វ រ៉ាហ្សា ហ្គីឡានី (Yusuf Raza Gilani) ចូលមកបង្ហាញខ្លួននៅមុខតុលាការ នៅថ្ងៃទី ១៣ ខែ កុម្ភៈនេះដើម្បីកាត់ទោសពីបទមិនគោរពសាលក្រមតុលាការ។
អ.ស.ប/ស៊ីរី៖ ក្រុមអ្នកការទូតនៃក្រុមប្រឹក្សាសន្ដិសុខ អ.ស.ប.បានបន្ដកិច្ចចរចារបស់ខ្លួននៅថ្ងៃព្រហស្បតិ៍នេះ ដែលមានគោលដៅនឹងបញ្ចុះបញ្ចូលឲ្យរុស្ស៊ីគាំទ្រដល់សេចក្ដីសម្រេចមូយដែលគាំទ្រដោយផែនការនៃសម្ពន្ធអារ៉ាប់ដើម្បីបញ្ចប់អំពើឃោរឃៅដ៏ប្រល័យជាច្រើនខែកន្លងមកនេះនៅក្នុងប្រទេសស៊ីរី។
ប៉ាពូអាស៊ីនូវែលហ្គីណេ៖ ក្រុមអ្នកដំណើរប្រមាណជាង២០០នាក់ បានត្រូវគេជួយសង្គ្រោះជីវិតពីសាឡាងមួយ ដែលបានលេចនៅដើមថ្ងៃព្រហស្បតិ៍នេះ នៅជិតឆ្នេរសមុទ្រ ភាគខាងជើងនៃប្រទេស ប៉ាពួ នូវែលហ្គីណេ (Papua New Guinea)។
ហ្វីលីពីន៖ យោធាហ្វីលីពីនបាននិយាយថាមេដឹកនាំជាន់ខ្ពស់បីរូប នៃក្រុមភេរវកម្មដែលជាបណ្តាញរបស់ក្រុមអាលកៃដា (al-Qaida) ពីរក្រុមបានស្លាប់ក្នុងការវាយប្រហារតាមយន្ដហោះនៅកម្រងកោះជនបទ ចូឡូ (Jolo) នៃភាគខាងត្បូងប្រទេស។
សូម៉ាលី៖ គណកម្មាធិការ កាកបាទក្រហមអន្ដរជាតិ បានបដិសេធការចោទប្រកាន់មកលើខ្លួនដោយក្រុមបះបោរមួយក្រុមនៅក្នុងប្រទេសសូម៉ាលី ថាបានចែកចាយអាហារខូចគុណភាពដល់អ្នកទទួលអំណោយនៅតំបន់ភាគខាងត្បូងប្រទេស។
ជប៉ុន៖ កាលពីថ្ងៃពុធនេះ រោងចក្រនុយក្លែអ៊ែរជប៉ុន ហ្វូគូហ្សីម៉ា (Fukushima) ដែលបានបាក់បែកនោះ បានលេចចេញជាតិវិទ្យុសកម្មម្តងទៀតហើយ ដោយបានបញ្ចេញទឹកដែលមានជាតិវិទ្យុសកម្ម ប្រមាណ ៨ តោន។ តែក្រុមមន្ដ្រីរបស់ក្រុមហ៊ុនអគ្គីសនីតូក្យូ (TEPCO) ដែលជាអ្នកគ្រប់គ្រងរោងចក្រនោះបាននិយាយថា ទឹកនោះមិនបានហូរចូលទៅក្រៅរោងចក្រទេ។