ថៃ៖ ទីភ្នាក់ងារព័ត៌មាន AFP រាយការណ៍ពីទីក្រុងបាងកកថា សកម្មជននយោបាយថៃម្នាក់ទទួលសាលក្រមនៅថ្ងៃអង្គារឲ្យជាប់គុកប្រាំពីរឆ្នាំកន្លះ ស្ថិតក្នុងការកាត់ឲ្យមានទោសមួយបន្តបន្ទាប់ក្នុងពេលថ្មីៗនេះ យោងតាមច្បាប់ចម្រូងចម្រាស់ទាក់ទងការប្រមាថមើលងាយព្រះចេស្ដាមហាក្សត្រ។
តុលាការឧក្រិដ្ឋកម្មនៅទីក្រុងបាងកកបានកាត់ទោសលោក ស៊ុរ៉ាឆៃ ដាន់វ៉ាត្ថាណានុសន ឲ្យមានទោសក្នុងបទមើលងាយព្រះចេស្ដាព្រះរាជវង្សានុវង្ស ពេលលោកធ្វើសុន្ទរកថាជាសាធារណ:ឲ្យដល់ក្រុមអ្នកគាំទ្រក្រុមពាក់អាវក្រហមរបស់លោកនៅឆ្នាំ២០០៨និង២០១០។ លោកការ៉ុម ប៉ុលផនក្លាំង មេធាវីការពារលោកប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថាលោកគ្រោងនឹងឡើងប្តឹងឧទ្ធរជំទាស់សាលក្រមនេះ។
ចិន៖ ការខ្វែងគំនិតគ្នាអំពីកំណែទម្រង់សេដ្ឋកិច្ចនៅចិនបានលាតត្រដាងនៅថ្ងៃអង្គារ នៅពេលដែលបុរសតវ៉ាប្រឆាំងម្នាក់បានបង្អាក់សន្និសីទកាសែតរបស់លោករ៉ូបឺតត៍ ហ្សូលីក Robert Zoellick ទេសាភិបាលធនាគារពិភពលោកនៅទីក្រុងប៉េកាំង។
ចិន៖ ទីភ្នាក់ងារព័ត៌មានក្យូដូរាយការណ៍ពីទីក្រុងហាណូយថាក្រុមមន្ដ្រីថ្នាក់ខ្ពស់ដប់នាក់មកពីសមាគមអាស៊ាន ជួបប្រជុំគ្នានៅថ្ងៃអង្គារនៅទីក្រុងហាណូយ ដើម្បីពិភាក្សាគ្នាអំពីគោលជំហររួមរបស់សមាគមអាស៊ានចំពោះជម្លោះដែនដីរវាងប្រទេសចិននិងកោះតៃវ៉ាន់នៅសមុទ្រចិនខាងត្បូង។ ប្រភពនៃសមាគមអាស៊ានប្រាប់ទីភ្នាក់ងារព័ត៌មានក្យូដូថាការជជែកគ្នាធ្វើឡើងដើម្បីពង្រឹងទស្សន:របស់ប្រទេសឥណ្ឌូនេស៊ី វៀតណាម ហ្វីលីពីន និងថៃ។ ហ្វីលីពីនចង់ឲ្យប្រើពាក្យខ្លាំងៗទៀត ចំណែកឯម៉ាឡេស៊ីនិងប្រ៊ុយណេចង់បានដំណោះស្រាយតាមរបៀបសន្ដិវិធី។
ចិន៖ ទីភ្នាក់ងារព័ត៌មានស៊ីនហួ Xinhua បានរាយការណ៍ថា រដ្ឋាភិបាលចិននឹងពិនិត្យមើលបញ្ហាសង្គមដែលអាចជម្រុញឲ្យមានឧបទ្ទវហេតុយ៉ាងច្រើនសន្ធឹកនៅតំបន់ជនបទ។ នៅក្នុងគោលការណ៍ណែនាំសម្រាប់ឆ្នាំ២០១២ រដ្ឋាភិបាលកណ្ដាលសម្រេចព្រឹងការត្រួតពិនិត្យលើក្រុមមន្ដ្រី ហើយនិងដាក់ទណ្ឌកម្មខ្លាំងទៀតទៅលើជនល្មើស។
វៀតណាម៖ ទីភ្នាក់ងារព័ត៌មាន AFP រាយការណ៍ពីទីក្រុងហាណូយថាគណបក្សកុម្មុយនិស្ដនៃប្រទេសវៀតណាមកំពុងតែពិចារណាអំពីមធ្យោបាយយ៉ាងណាដើម្បីដោះស្រាយបញ្ហាមន្ដ្រីពុករលួយ ដែលធ្វើឲ្យសីលធម៌ចុះអន់ថយយ៉ាងធ្ងន់ធ្ងរត្រឡប់ទៅភាពដើមវិញ។ ការធ្វើដូច្នេះគឺដើម្បីឲ្យពលរដ្ឋមានទំនុកចិត្ដ។
សហរដ្ឋអាមេរិក៖ សេចក្ដីរាយការណ៍សេដ្ឋកិច្ចនៅថ្ងៃអង្គារបង្ហាញឲ្យឃើញការធ្លាក់ចុះតម្លៃផ្ទះ ហើយថយចុះការបញ្ជាទិញទំនិញឧស្សាហកម្មមួយចំនួន។
អ៊ីរ៉ង់៖ ដោយការតានតឹងអន្ដរជាតិមានកម្រិតខ្ពស់ផ្តោតលើ អំពីកម្មវិធីនុយក្លេអ៊ែរដ៏ចម្រូងចម្រាស់ កាលពីថ្ងៃអង្គារ ប្រទេសអ៊ីរ៉ង់បានបញ្ជាក់ម្ដងទៀតថាខ្លួនចង់ធ្វើការចរចាជាមួយទីភ្នាក់ងារនៃអ.ស.ប ពិនិត្យមើលនុយក្លេអ៊ែរ។
ស៊ីរី៖ នាយកផ្នែកសិទ្ធិមនុស្សអង្គការសហប្រជាជាតិអំពាវនាវឲ្យមានបទឈប់បាញ់គ្នាជាផ្នែកមនុស្សធម៌ជាបន្ទាន់នៅ ស៊ីរី ខណ: ដែលកងកម្លាំងស្មោះត្រង់ចំពោះលោកប្រធានាធិបតីបាសារ អាល់ អាសាដសម្លាប់មនុស្សរាប់សិបនាក់ទៀតនៅក្នុងការវាយប្រហារទៅលើតំបន់ពួកបះបោរ។
ប៉ាគីស្ថាន ៖ ក្រុមមន្ដ្រីប៉ាគីស្ថានបានឲ្យថាបុរសម្នាក់ប្រដាប់អាវុធក្លែងខ្លួនដោយស្លៀកពាក់ឯកសណ្ឋានយោធាបានបញ្ឈប់រថយន្ដដឹកអ្នកដំណើរមួយគ្រឿងនៅតំបន់ខាងជើងប្រទេសនេះ ហើយបាញ់សម្លាប់អ្នកជិះកាន់និកាយស៊ីអ៊ីត១៨នាក់។
សេនេហ្កាល់៖ ទំនងដូចជានឹងឈានទៅរកការបោះឆ្នោតជ្រើសរើសប្រធានាធិបតីយកចាញ់ឈ្នះ រវាងលោកប្រធានាធិបតីកាន់កាប់អំណាចអាប់ឌូឡាយេ វេដ Abdoulaye Wade ហើយនិងលោកអតីតនាយករដ្ឋមន្ដ្រីម៉ាក់គីសាល់ Macky Sall។