មន្ដ្រីបាគីស្ថាននិយាយថា ពួកជនប្រដាប់អាវុធបានបាញ់កាំភ្លើងមកលើឡានក្រុងដឹកអ្នកដំណើរមួយនាភាគខាងជើងប្រទេសដែលបានសម្លាប់មនុស្សយ៉ាងតិច១៨នាក់។
ប៉ូលិសនិយាយថា ឡានក្រុងនោះកំពុងតែធ្វើដំណើរតាមខ្នងភ្នំនៃសង្កាត់កូហីស្ថាន (Kohistan) កាលពីព្រឹកថ្ងៃអង្គារ នៅពេលដែលមានការពួនស្ទាក់ដោយក្រុមប្រដាប់អាវុធមួយក្រុម។
មន្ដ្រីទាំងនោះនិយាយថា ការវាយប្រហារនោះ ទំនងដោយសារពួកដែលមាននិកាយផ្សេង។ ជនរងគ្រោះភាគច្រើនជាពួកអ៊ីស្លាមនិកាយស៊ីអ៊ីត (Shi'ite) ហើយឧក្រិដ្ឋជនប្រហែលជាមកពីក្រុមអ៊ីស្លាមនិកាយសុនី្ន (Sunni)។
ព័ត៌មានអន្តរជាតិសំខាន់ៗផ្សេងទៀត៖
អាមេរិក៖ បេក្ខជនប្រធានាធិបតីពីគណបក្សសាធារណរដ្ឋរបស់អាមេរិក លោក មិត រ៉មនី (Mitt Romney) កំពុងតែខិតខំចៀសវាងមិនឲ្យមានបរាជ័យក្នុងការបោះឆ្នោតបឋម នៅក្នុងរដ្ឋកំណើតរបស់លោកគឺរដ្ឋមិឈីគិន (Michigan) ដែលនៅទីនោះ លោកធ្លាប់នាំមុខគេក្នុងការស្ទង់មតិហើយជាកន្លែងដែលឪពុករបស់លោកធ្លាប់ធ្វើជាអភិបាលរដ្ឋដែលមានប្រជាប្រិយភាពម្នាក់។
ចិន/អាមេរិក៖ ក្រសួងការបរទេសចិនបានរិះគន់បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ លោក មីត រ៉មនី ដោយសារតែលោកបានថ្លែងអត្ថាធិប្បាយនូវអ្វី ដែលប្រទេសចិនហៅថាការរិះគន់ទៅលើចិនដោយ«ពុំមានការទទួលខុសត្រូវ»។
ថៃ៖ តុលាការនៃប្រទេសថៃបានកាត់ទោសដាក់គុក២០ឆ្នាំដល់អ្នកនយោបាយល្បីឈ្មោះដ៏ចម្រូងចម្រាសម្នាក់ក្នុងប្រទេស គឺមហាសេដ្ឋីខាងគមនាគមន៍ លោក សុងធី លិម ថុងគុល (Sondhi Limthongkul) ពីបទកេងបន្លំពន្ធដារនៃសហគ្រាស។
ភូមា៖ គណបក្សជំទាស់ដ៏ល្បីឈ្មោះនៅក្នុងប្រទេសភូមានិយាយថា ឧបសគ្គចុងក្រោយបង្អស់ នៃការឈរឈ្មោះប្រកួតតំណែងជាសមាជិករដ្ឋសភា ដោយមេដឹកនាំគណបក្ស លោកស្រី អូងសាន ស៊ូជី បានត្រូវដោះស្រាយរួច។
អ.ស.ប/ស៊ីរី៖ ទីភ្នាក់ងារសិទ្ធិមនុស្សនៃអ.ស.បនឹងជួបប្រជុំគ្នានៅក្នុងទីក្រុងហ្សឺណែវ (Geneva) ដើម្បីពិចារណាអំពីការដាក់ទណ្ឌកម្មមកលើប្រទេសស៊ីរី។
ចិន៖ ការមិនពេញចិត្ដទៅនឹងសេចក្ដីស្នើឲ្យមានការកែទម្រង់ប្រព័ន្ធសេដ្ឋកិច្ចនៅក្នុងប្រទេសចិន បានសែ្តងឡើងជាសាធារណៈកាលពីថ្ងៃអង្គារនៅពេលដែលបាតុករប្រកបដោយហិង្សាម្នាក់បានស្រែករំខានដល់សន្និសីទកាសែតរបស់ប្រធានធនាគារពិភពលោក លោក រូបឺត ហ្សូអេលីក (Robert Zoellick)។
ចិន៖ បណ្ដាញព័ត៌មានរដ្ឋរបស់ចិនបានត្អូញត្អែរចំពោះបរាជ័យរបស់ភាពយន្ដចិនដែលមានមហិច្ឆិតាបំផុត ដែលមិនបានជាប់ក្នុងបញ្ជីភាពយន្ដឆ្នើម (Academy Awards) ក្នុងឆ្នាំនេះ។
ជប៉ុន៖ ការសិក្សាថ្មីមូយបានរកឃើញថាមានការភ័យខ្លាចធំធេងនិងការភាន់ច្រឡំក្នុងចំណោមមន្ដ្រីដឹកនាំប្រទេសជប៉ុនរាប់សិបថ្ងៃមកហើយ ក្រោយពីមានមហន្ដរាយរលកយក្សស៊ូណាមីមួយដែលធ្វើឲ្យខូចខាតដល់រោងចក្រនុយក្លេអ៊ែរហ្វូគូសីម៉ា (Fukushima) កាលពីឆ្នាំមុន។
អ៊ីស្រាអែល៖ កងកម្លាំងអ៊ីស្រាអែលបានបាញ់សម្លាប់ជនប្រដាប់អាវុធម្នាក់ដែលត្រូវបានចោទថាបានឆ្លងព្រំដែនជាប់ជាមួយអេហ្ស៊ីបដោយខុសច្បាប់ចូលទៅក្នុងឧបទ្វីបស៊ីណៃ(Sinai) របស់អេហ្ស៊ីប។
ស៊ូដង់៖ ស៊ូដង់បានស្នើដល់ប្រទេសចិនឲ្យជួយដោះស្រាយជម្លោះដ៏យូរអង្វែងមួយអំពីប្រាក់ចំណូលពីប្រេងកាតជាមួយប្រទេសស៊ូដង់ខាងត្បូង ដែលទើបតែទទួលបានឯករាជ្យថ្មីៗនេះ នៅពេលដែលស៊ូដង់ខាងត្បូងនោះនិយាយថាខ្លួនកំពុងតែស្វែងរកប្រភពប្រាក់ចំណូលដទៃផ្សេងទៀត។