កូរ៉េខាងត្បូង និងស.រ.អាបានចាប់ផ្ដើម ការធ្វើសមយុទ្ធយោធារួមប្រចាំឆ្នាំនៅថ្ងៃច័ន្ទនេះទោះបីជាមានការគម្រាមពីកូរ៉េខាងជើងកាលពីសប្ដាហ៍មុនថានឹងបើកសង្រ្គាមពិសិដ្ធ បើប្រសិនជាដែនដីរបស់ខ្លួនបានត្រូវបំពាន។
អ្នកនាំពាក្យនៃក្រសួងការពារប្រទេសកូរ៉េខាងត្បូង លោក គីម មិន ស៊ូក បានហៅសមយុទ្ធនោះថា ជាសមយុទ្ធប្រក្រតី ដោយលោកនិយាយពន្យល់ទៀតថាជាសមយុទ្ធដូចគ្នាកាលពីឆ្នាំមុនៗ។
លោកថ្លែងថា កូរ៉េខាងជើង បានគម្រាមយើងរាល់ៗឆ្នាំ នៅមុនពេលធ្វើសមយុទ្ធ ដែលដាក់ឈ្មោះថា សមយុទ្ធដោះស្រាយជាគន្លឹះ (Key Resolve Exercise)។ តែយើងធ្វើសមយុទ្ធដូចបានត្រូវគ្រោងទុកជាមុន ដោយមិនខ្វាយខ្វល់ទៅនឹងការគម្រាមទេ។
បណ្ដាញព័ត៌មានរដ្ឋរបស់កូរ៉េខាងជើងនិយាយថាមេបញ្ជាការកំពូល គីម ចុង អ៊ុនបានចេញបញ្ជាឲ្យមានការប្រុងប្រៀបរៀបចំសម្រាប់សង្រ្គាម។
ព័ត៌មានអន្តរជាតិខំខាន់ៗផ្សេងទៀត៖
អាមេរិក៖ ភាពយន្ដពណ៌សខ្មៅ មានចំណងជើងថា សិល្បករ (The Artist) បានទទួលជ័យជម្នះធំធេង នៅក្នុងការផ្ដល់រង្វាន់ខ្សែភាពយន្ដអូស្ការ (Oscar)ទី៨៤កាលពីថ្ងៃអាទិត្យដោយសាររូបភាពប្រសើរជាងគេ និងរង្វាន់ធំឲ្យដល់នាយកថតភាពយន្ដនិងសិល្បករនាំមុខ។
ថៃ៖ បើយោងទៅតាមទីភ្នាក់ងារសារព័ត៌មានបារាំង AFP ប៉ូលិសថៃថ្លែងនៅថ្ងៃច័ន្ទនេះថាបានចាប់ឃុំជនជាតិអ៊ីរ៉ង់ទីបីដើម្បីសួរចម្លើយពាក់ព័ន្ធនឹងផែនការឃាតកម្មលើអ្នកការទូតអ៊ីស្រាអែលនៅក្នុងទីក្រុងបាងកក។
អាហ្វហ្គានីស្ថាន៖ ប៉ូលិសក្នុងប្រទេសអាហ្វហ្គានីស្ថាន និយាយថាមានមនុស្ស ៩នាក់បានស្លាប់ដោយសាររថយន្ដគ្រាប់បែកអត្ដឃាតមួយ នៅក្រោយអាកាសយានដ្ឋានមួយ សម្រាប់ការហោះហើរស៊ីវិល និង យោធា នាភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន ។
ចិន៖ ចិនបានរិះគន់ ឆ្លើយតបទៅនឹងលោកស្រីរដ្ឋមន្ដ្រីការបរទេស ស.រ.អា លោកស្រី ហ៊ីឡារី ក្លីនតុន ដែលបានបន្ទោស គោលជំហររបស់ ចិននិងរុស្ស៊ីមកលើរឿងនៅក្នុងប្រទេសស៊ីរី។
អូស្រ្តាលី៖ នាយករដ្ឋមន្ដ្រីនៃប្រទេស អូស្រ្តាលី លោកស្រី ជូលា ហ្គីឡាដ (Julia Gillard) កាលពីថ្ងៃច័ន្ទបានប្រកាស រឿងល្ខោននយោបាយ បានត្រូវចប់ហើយ ក្រោយពីលោកស្រីយកជ័យជម្នះលើគូប្រជែងនយោបាយ លោក ខេវិន រ៉ាដ (kevin Rudd) ដែលលោកស្រីបានឈ្នះឡើងជានាយករដ្ឋមន្ដ្រី កាលពីខែ មិថុនា ឆ្នាំ ២០១០។
រុស្ស៊ី៖ ទូរទស្សន៍ជាតិ រុស្ស៊ីនិយាយថា អាជ្ញាធររុស្ស៊ី និងអ៊ុយក្រែនបានចាប់ខ្លួនជនសង្ស័យមូយក្រុម ពីបទ ប៉ុនប៉ងធ្វើឃាតលោកនាយករដ្ឋមន្ដ្រី វលាឌីមៀរ ពូទីន (Vladimir Putin)។
អឺរ៉ុប៖ ក្រុមរដ្ឋមន្ដ្រីហិរញ្ញវត្ថុមកពីប្រទេសមានសេដ្ឋកិច្ចជឿនលឿន២០ និយាយថាសហភាពអឺរ៉ុបត្រូវប្ដេជ្ញាដាក់ថិវិកាបណ្ថែមទៀតទៅក្នុងមូលនិធិដើម្បីទប់ស្កាត់វិបត្ដិបំណុលនៅតំបន់ប្រើប្រាក់អឺរ៉ូមុននឹងប្រទេសដទៃ ផ្ដល់ប្រភពបន្ថែមទៅឲ្យអង្គការមូលនិធិរូបីយវត្ថុអន្ដរជាតិ។
ចិន៖ សេចក្ដីរាយការណ៍ថ្មីមូយនិយាយថា ការលូតលាស់សេដ្ឋកិច្ចដ៏លឿនរបស់ប្រទេសចិនមិនមាននិរន្ដរភាព ដរាបណាប្រទេសនោះ រៀបចំបង្កើតកំណែទម្រង់ទីផ្សារសេរីសំខាន់ៗ។
សេណេហ្គាល់៖ មន្ដ្រីរៀបចំការបោះឆ្នោតនៅក្នុងប្រទេសសេណេហ្គាល់ បានចាប់ផ្ដើមរាប់សន្លឹកឆ្នោត ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី កាលពីថ្ងៃអាទិត្យ។