ជនជាតិទីបេត៍ក្នុងប្រទេសចិនភាគខាងលិច ចាប់ប្រារព្វធ្វើពិធីបុណ្យចូលឆ្នាំទីបេត៍ កាលពីថ្ងៃពុធដោយស្ងប់ស្ងាត់ បន្ទាប់ពីមានការដុតសម្លាប់ខ្លួនមួយចំនួន ដើម្បីតវ៉ាប្រឆាំងនឹងការគ្រប់គ្រងរបស់ចិន។ ក្នុងពេលច្រើនសប្តាហ៍មុនការចាប់ផ្តើមពិធីបុណ្យ ចិនបានបង្ក្រាបសកម្មភាពរបស់ជនជាតិទីបេត៍ ដោយកាត់ផ្តាច់គមនាគមន៍ជាមួយតំបន់ធំរបស់ជនជាតិទីបេត៍ និងបន្ថែមកងកម្លាំងនគរបាលនៅពាសពេញទីក្រុងរបស់ជនជាតិនេះ។
អ៊ីរ៉ង់៖ នាយកអធិការកិច្ចនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ និយាយថាទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់ប្រទេស អ៊ីរ៉ង់ បានបញ្ចប់ ដោយក្រុមរបស់លោកមិនអាចទៅពិនិត្យមើលបន្ទាយទាហានសំខាន់មួយ ហើយពុំការព្រមព្រៀងគ្នាជាមួយរដ្ឋាភិបាលក្រុងតេហេរ៉ង់អំពីមធ្យបាយទៅមុខទៀតនោះទេ។
ព័ត៌មានអន្តរជាតិសំខាន់ៗដទៃទៀត៖
ភូមា៖ និយាយថាខ្លួននឹងចាប់ផ្តើមធ្វើការរៀបចំដើម្បីទទួលមុខនាទីជាប្រធាននៃសមាគប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងឆ្នាំ២០១៤។ អង្គការក្នុងតំបន់និយាយថា លោករដ្ឋមន្រ្តីការបរទេសភូមា មួង លវីន Maung Lwin បានពណ៌នានៅក្នុងកិច្ចប្រជុំមួយជាមួយអគ្គលេខាធិការអាស៊ាន លោកស៊ូរីន ពិតសុវណ្ណ នៅរដ្ឋធានីណាយពីដាវ អំពីការរៀបចំខ្លួននេះថាជា«កិច្ចការដ៏ធំមួយ»សម្រាប់ប្រទេសលោក។
ជប៉ុន៖ ឯកសាររបស់ និយតករត្រួតពិនិត្រនុយក្លេអ៊ែរ សហរដ្ឋអាមេរិក ហៅកាត់ថា NRC បានបង្ហាញថា មន្ត្រីបានធ្វើការក្នុងបរិយាកាស«ច្របូកច្របល់» ក្នុងពេលប៉ុន្មានថ្ងៃដំបូងនៃវិបត្តិនុយក្លេអ៊ែររបស់ជប៉ុនកាលពីឆ្នាំមុន។
សូម៉ាលី៖ កងទ័ពរដ្ឋាភិបាលប្រទេសអេត្យូពីនិងសូម៉ាលី ដណ្តើមយកបានទីតាំងដ៏សំខាន់មួយរបស់ពួក សកម្មប្រយុទ្ធអាល់ ស្ហាបាប់ នៃប្រទេសសូម៉ាលី។
ស៊ីរី៖ ការបាញ់កាំភ្លើងធំឥតឈប់ឈរនៅថ្ងៃពុធទៅលើតំបន់ដ៏រឹងមាំរបស់ក្រុមប្រឆាំងនៅទីក្រុងហូមស៍ បានសម្លាប់មនុស្សយ៉ាងតិច១៩នាក់ រួមទាំងអ្នកសារព័ត៌មានបស្ចឹមប្រទេស២នាក់ នៅពេលកងកម្លាំងរដ្ឋាភិបាលបង្កើនការវាយប្រហាររបស់ខ្លួន។
អាហ្វហ្គានីស្ថាន៖ លោកប្រធានាធិបតី ហាមីដ កាហ្សាយ បានអំពាវនាវឲ្យមានភាពស្ងប់ស្ងៀម ក្រោយការវាយប្រយុទ្ធគ្នាជាច្រើនថ្ងៃរវាងកងកម្លាំងសន្តិសុខ អាហ្វហ្កានីស្ថាន និងក្រុមបាតុករដែលបានបណ្តាលឲ្យមានមនុស្សស្លាប់យ៉ាងតិច ៧នាក់នៅពាសពេញប្រទេស។