ប្រទេសភូមានិយាយថា ខ្លួនចង់ចាប់ផ្តើមរៀបចំផែនការឡើងកាន់តំណែងជាប្រធានសមាគមនអាស៊ាននៅឆ្នាំ២០១៤។
ប្លុកអាស៊ាននិយាយថា រដ្ឋមន្ដ្រីការបរទេសភូមា លោក ម៉ូង លវិន (Maung Lwin) បានពិពណ៌នាអំពីការរៀបចំខ្លួននោះថាជា«កាតព្វកិច្ចដ៏ធំ»ដល់ប្រទេសរបស់លោកនៅពេលមានកិច្ចប្រជុំមួយកាលពីថ្ងៃអង្គារជាមួយអគ្គលេខាធិការសមាគមអាស៊ាន លោក សុរិន ពិត សុវណ្ណ (Surin Pitsuwan) នៅក្នុងរដ្ឋធានីណៃពិដោ។
លោក ម៉ូង លវិន ថ្លែងថា លោកនឹងបញ្ជូនគណៈប្រតិភូភូមាទៅកាន់លេខាធិការដ្ឋានអាស៊ាននិងក្រុមមួយទៀត ដើម្បីរៀនសូត្រអំពីកិច្ចប្រជុំអាស៊ាននៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំនេះដែលជាកិច្ចប្រឹងប្រែងមួយរបស់ប្រទេសភូមា។
មេដឹកនាំអាស៊ានបានយល់ព្រមឲ្យភូមាឡើងកាន់តំណែងជាប្រធានរបស់អាស៊ាននៅឆ្នាំ២០១៤ ក្នុងពេលមានកិច្ចប្រជុំប្រចាំឆ្នាំនៅក្នុងកោះបាលីប្រទេសឥណ្ឌូណេស៊ីកាលពីខែវិច្ឆិកាមុន។
ព័ត៌មានអន្តរជាតិសំខាន់ៗដទៃទៀត៖
កម្ពុជា៖ យោងតាមទីភ្នាក់ងារសារព័ត៌មានបារាំង AFP ប្រភេទថ្មីមួយនៃសត្វពពួកតឹកកែ (តុកកែ) ជីងចក់ និងបង្គួយ ដោយមានស្បែកពណ៌ឥន្ទធនូ កន្ទុយវែង និងជើងខ្លីបំផុត បានត្រូវក្រុមអភិរក្សសត្វរកឃើញនៅក្នុងព្រៃនៃតំបន់ឦសានប្រទេសកម្ពុជា នៅថ្ងៃពុធនេះ។ អ្នកវិទ្យាសាស្រ្ដបានហៅសត្វនោះថា Lygosoma Veunsaiensis ក្នុងការផ្ដល់កិត្ដិយសដល់តំបន់អភិរក្ស វឺនសៃ (វីរជ័យ) សៀមប៉ាង ក្នុងខេត្ដរតនៈគីរី ដែលជាទីកន្លែងគេរកឃើញសត្វនោះ។
ទីបេត៍៖ ជនជាតិទីបេត៍រស់នៅតំបន់ពាយ័ព្យប្រទេសចិន បានប្រារព្ធពិធីបុណ្យប្រពៃណីចូលឆ្នាំថ្មីដោយក្រៀមក្រោះ នៅថ្ងៃពុធនេះ ក្រោយពីមានព្រះសង្ឃច្រើនអង្គ បានដុតខ្លួនក្នុងការតវ៉ាប្រឆាំងការគ្រប់គ្រងរបស់ចិន។
ក្រិក៖ នាយករដ្ឋមន្ដ្រីប្រទេសក្រិក លោក លូខឺស ប៉ាប៉ាដេម៊ូស (Lucas Papademos) ថ្លែងថា ប្រទេសរបស់លោកមានកិច្ចការច្រើនណាស់ ដែលត្រូវសម្រេចមុននឹងទទួលយកថវិកាសង្រ្គោះថ្មី ១៧២ពាន់លានដុល្លារពីសហភាពអឺរុប និងពីអង្គការមូលនិធិរូបិយវត្ថុអន្ដរជាតិ IMF។
អ៊ីរ៉ង់៖ នាយកអធិការកិច្ចការនុយក្លេអ៊ែររបស់អ.ស.ប.ថ្លែងថា ទស្សនកិច្ចពីរថ្ងៃនៅក្នុងប្រទេសអ៊ីរ៉ង់បានត្រូវចប់ដោយក្រុមអធិការរបស់លោកមិនអាចទៅទស្សនាទីកន្លែងយោធាសំខាន់ ដោយគ្មានការយល់ព្រមពីរដ្ឋាភិបាលតេហេរ៉ង់ទេ។
ឥណ្ឌូណេស៊ី៖ កងកម្លាំងសន្តិសុខប្រទេសឥណ្ឌូណេស៊ីបានវាយសម្រុកចូលទៅក្នុងគុកមួយដែលអ្នកទោសកំពុងបះបោរ ហើយក្នុងនោះមានជនជាតិអូស្ត្រាលី១២នាក់ផងដែរ។
ស៊ីរី៖ ការបាញ់គ្រាប់កាំភ្លើងធំទម្លាក់មកលើទីក្រុងហូមក្នុងប្រទេសស៊ីរី បានសម្លាប់អ្នកកាសែតបស្ចិមប្រទេសពីរនាក់ ខណៈដែលសកម្មជនការពារសិទ្ធិមនុស្ស និងប្រទេសរុស្សីដែលគាំទ្ររដ្ឋាភិបាលទីក្រុងដាម៉ាសកំពុងអំពាវនាវឲ្យមានកិច្ចសង្រ្គោះមនុស្សជាតិ។
កូរ៉េខាងជើង៖ អ្នកចរចាថ្នាក់ខ្ពស់ពីស.រ.អ.និងកូរ៉េខាងជើងនឹងត្រូវជួបប្រជុំគ្នានៅក្នុងទីក្រុងប៉េកាំង ដែលគេសង្ឃឹមថានឹងនាំឲ្យមានការចាប់ផ្ដើមការចរចាភាគី៦ប្រទេស ក្នុងគោលដៅពន្យល់រដ្ឋាភិបាលព្យ៉ុងយ៉ាងឲ្យបោះបង់ចោលកម្មវិធីផលិតអាវុធនុយក្លេអ៊ែរ។
អាហ្វហ្គានីស្ថាន៖ ជនជាតិអាហ្វហ្គានីស្ថានយ៉ាងតិច៤នាក់ស្លាប់នៅពេលដែលប៉ូលីសបាញ់មកលើក្រុមអ្នកបះបោរខឹងក្រោធជាច្រើនរយនាក់ក្នុងថ្ងៃទីពីរនៃការតវ៉ាដ៏ហិង្សាមកលើកងកម្លាំងអូតង់ (NATO) ដែលបានបំផ្លាញគម្ពីរ កូរ៉ាន (Quran) យ៉ាងមិនសមរម្យ។