ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាងត្បូង​បន្ត​សមយុទ្ធ​យោធា​ទោះ​កូរ៉េ​ខាងជើង​ព្រមាន​សងសឹក


ក្រុម​នាវិក​កូរ៉េ​ខាង​ត្បូង​ ធ្វើ​សមយុទ្ធ​នៅ​ជិត​កោះ​ Yeonpyong របស់​កូរ៉េ​ខាង​ត្បូង​ជិត​ដែន​សមុទ្រ​មាន​ជម្លោះ​ជាមួយ​កូរ៉េ​ខាង​ជើង​ ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២។​
ក្រុម​នាវិក​កូរ៉េ​ខាង​ត្បូង​ ធ្វើ​សមយុទ្ធ​នៅ​ជិត​កោះ​ Yeonpyong របស់​កូរ៉េ​ខាង​ត្បូង​ជិត​ដែន​សមុទ្រ​មាន​ជម្លោះ​ជាមួយ​កូរ៉េ​ខាង​ជើង​ ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២។​

ប្រទេស​កូរ៉េ​ខាងត្បូង​បាន​អនុវត្ដ​ផែនការ​សមយុទ្ធ​យោធា ​ជិត​តំបន់​ព្រំដែន​ជា​មួយ​កូរ៉េ​ខាងជើង​នៅ​ថ្ងៃ​ច័ន្ទ​នេះ ទោះបី​ជា​មាន​ការ​គំរាម​សងសឹក​ បើ​សិន​ជា​ព្រំដែន​កូរ៉េខាងជើង​បាន​ត្រូវ​បំពាន​ក៏ដោយ។

ការ​ហាត់​សមយុទ្ធ​នេះ​ មាន​រាប់​បញ្ចូល​ការ​ហាត់​បាញ់​កាំភ្លើង​ធំ​ កាំភ្លើង​ Mortier​ និង​ឧទ្ធម្ភាគចក្រ​ផងដែរ។

អ្នក​និយាយ​ប្រកាស​តាម​វិទ្យុ​កូរ៉េ​ខាងជើង​ម្នាក់​ព្រមាន​ថា​នឹង​វាយ​តប​មក​វិញ​ដោយ​គ្មាន​អាសូរ្យយ៉ាង​ភ្លាម​រហ័ស ហើយ​កូរ៉េ​ខាងជើង​នឹង​តាមដាន​មើល​ដឹត​ដល់​លើ​ដែន​ទឹក​របស់​ខ្លួន។

វិទ្យុ​នោះ​និយាយ​ថា​បើ​កាលណា​ជនក្បត់​ចាប់ផ្ដើម​បង្ករឿង​ ឈ្លានពាន​ចូល​ទៅ​ក្នុង​ដែនទឹក​កូរ៉េ​ខាង​ជើង​ក្នុង​ករណី​នេះ​ទោះបី​ចូល​តែ​មួយ​ប្រឡោះ​តូច​មូយ​ក៏​ដោយ យោធា​ប្រជាជន​កូរ៉េ​ខាងជើង​នឹង​តាមដាន​មើល ហើយ​ត្រៀម​ជានិច្ច​ដើម្បី​សង​សឹក។

កូរ៉េ​ខាងជើង​ចេញ​ពាក្យ​ព្រមាន​ដល់​ជន​រស់​នៅ​លើ​កោះ ​ឲ្យ​ចាក​ចេញ​ពី​លំនៅដ្ឋាន​ដើម្បី​ចៀសវាង​គ្រាប់​កំាភ្លើង​ធំ សងសឹក​ពី​កូរ៉េ​ខាងជើង​ខ្លួន​ឯង។ តែ​គេ​មិន​ឃើញ​មាន​វិធានការ​ណា​មួយ​របស់​កូរ៉េ​ខាងជើង​នៅ​ឡើយ​ទេ។

ព័ត៌មាន​អន្តរជាតិសំខាន់​ៗ​ផ្សេងទៀត៖

ក្រិក៖ គេ​រំពឹង​ថា​ ក្រុម​មន្ដ្រី​ហិរញ្ញវត្ថុ​ពី​ប្រទេស​ប្រើ​ប្រាក់​អឺរ៉ូ​នឹង​យល់​ស្រប​ទៅ​នឹង​ថវិកា​សង្គ្រោះ​ថ្មី ១៧១ ពាន់​លាន​ដុល្លារ​សម្រាប់​ប្រទេស​ក្រិក​ នៅ​ពេល​ដែល​ក្រុម​មន្ដ្រី​ទាំង​នោះ​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ទី​ក្រុង​ព្រុចសែល​ (Brussels)​ នៅ​ថ្ងៃ​ច័ន្ទ​នេះ។

ស៊ីរី៖ កាសែត​ចិន​និយាយ​ថា​បស្ចិម​ប្រទេស​ដែល​គាំ​ទ្រ​កង​កម្លាំង​ប្រឆាំង​ក្នុង​ប្រទេស​ស៊ីរី អាច​ជំរុញឲ្យ​មាន​សង្រ្គាម​ស៊ីវិល​នៅ​ប្រទេស​នោះ។

ចិន៖ អនុ​ប្រធានាធិបតី​ចិន​ លោក​ ហ្សី​ ជិងពីង​ ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​ថ្ងៃ​ទី​ពីរ ​នៅ​ក្នុង​ប្រទេស​អៀរឡង់​ថ្លែង​ថា ចិន​ប្ដេជ្ញា​នឹង​សហការ​ជាមួយ​អឺរ៉ុប ​ហើយ​លោកថ្លែង​បញ្ជាក់​ទៀត​ថា រដ្ឋាភិបាល​ទី​ក្រុង​ប៉េកាំង​កំពុង​ពិចារណា​ធ្វើ​វិនិយោគ​បន្ថែម​នៅ​ក្នុង​ប្រទេស​អឺរ៉ុប​ដើម្បី​ជួយ​ប្រទេស​នោះ​ឲ្យ​មាន​ស្ថេរភាព​ដល់​ប្រាក់​អឺរ៉ូ។

កូរ៉េ​ខាងជើង៖ កូរ៉េ​ខាងជើង​បាន​ប្រកាស់​ថា​ គណបក្ស​កាន់អំណាច​របស់​ខ្លួន​នឹង​បើក​សន្និសីទ​ពិសេសមូយនៅ​ខែ​មេសា​ ដើម្បី​បញ្ជាក់​ការដឹកនាំ​ប្រទេស​ដោយសន្ដតិវង្ស​ជំនាន់​ទី​បី​នៃ​អំបូរ​គីម។

ទន្លេមេគង្គ៖ សន្និសីទ​អំពី​អនាគត​តំបន់​ទន្លេមេគង្គ​ ប្រព្រឹត្ដ​ធ្វើ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ​និយាយ​អំពី​ការ​ចាត់ចែង​ធនធាន​អាហារ​ ទឹក​ប្រើប្រាស់​ និង​ថាមពល​ដែល​នឹង​ក្លាយ​ទៅ​ជា​រឿង​ប្រឈម​មុខ​សំខាន់​បំផុត​នៅ​ក្នុង​រយៈពេល​១០​ឆ្នាំ​ខាង​មុខ​នេះ។

អ៊ីរ៉ង់៖ ក្រុម​អធិការ​នុយក្លេអ៊ែរ​ អ.ស.ប. ​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​ក្នុង​គោល​បំ​ណង​រកមធ្យោបាយ​ដោះស្រាយ​ជម្លោះ ​អំពី​កម្មវិធី​នុយក្លេអ៊ែ​រ​របស់​អ៊ីរ៉ង់។

ស.រ.អ.៖ ទីភ្នាក់ងារ​អវកាស ​ស.រ.អ. ​បាន​ប្រារព្ធ​ខួប​ឆ្នាំ​ទី​៥០ ​នៃដំណើរ​លើក​ទី​មួយ​ទៅ​កាន់​វិថី​ព្រះ​ធរណី​ (Earth orbit) ធ្វើ​ឡើង​ដោយ​អ្នក​អវកាស​អាមេរិកាំង​ម្នាក់។

អាហ្វហ្គានីស្ថាន៖ ប៉ូលិស​ប្រទេស​អាហ្វហ្គានីស្ថាន​និយាយ​ថា ​ជន​អត្ដឃាត​គ្រាប់​បែក​បាន​វាយប្រហារ​មក​លើ​ស្ថានីយ​ប៉ូលិស នៅ​ទី​ក្រុង​ភាគខាងត្បូង​កាន់ដាហារ​បណ្ដាល​ឲ្យ​មន្ដ្រី​ប៉ូលិស​យ៉ាងតិច​ម្នាក់​ស្លាប់។

ស.រ.អ៖ ជនជាតិ​អាមេរិកាំង​ច្រើន​លាន​នាក់ ទទួល​យក​វិស្សមកាល​មួយ​ថ្ងៃ នៅ​ថ្ងៃច័ន្ទ​នេះ ដើម្បី​គោរព​ថ្ងៃ​កំណើត​ប្រធានាធិបតី​ ស.រ.អ.​ ទី​មួយ​ លោក​ ចច​ វ៉ាស៊ីងតោន​ (George Washington)។

ចិន៖ ជម្លោះ​ដែល​អាច​ចំណាយ​ប្រាក់​ច្រើន​ អំពី​ឈ្មោះ​ម៉ាក​របស់​ម៉ាស៊ីន​កុំព្យូទ័រ​ស្តើង iPad មិនមែន​ជា​បញ្ហា​តែមូយគត់ ដែល​ក្រុមហ៊ុន Apple នៅ​ក្នុង​ប្រទេស​ចិន​ប្រ​ឈមមុខ​ទេ។

ស.រ.អ.៖ ព្រឹទ្ធ​សមាជិក​ ស.រ.អ.​ លោក ​ចន​ ម៉ាក់ខេន​ (John McCain)​ ថ្លែង​ថា ​លោក​សង្ឃឹម​ថា​កិច្ចព្រមព្រាង​យុទ្ធសាស្រ្ដ​ដៃគូ​ជាមួយ​អាហ្វហ្គានីស្ថាន អាច​បញ្ចប់​បាន​នៅ​ពេល​មុន​កិច្ចប្រជុំ​របស់​អូតង់ នៅ​ខែ​ឧសភា​ តែ ​ស.រ.អ.​ នឹង​មិន​យក​មធ្យោបាយ​ណា ដែល​អាច​ធ្វើ​ឲ្យ​ទាហាន​អាមេរិកាំង​អាច​ទទួល​គ្រោះថ្នាក់​ទេ។

XS
SM
MD
LG