អ៊ីរ៉ង់និយាយថាខ្លួននឹងឈប់លក់ប្រេងឆៅឱ្យបារាំងនិងអង់គ្លេសទៀតហើយដើម្បីសងសឹកប្រឆាំងនឹងសហភាពអឺរ៉ុបដែលបានហាមឃាត់លើការនាំចេញប្រេងឆៅដ៏សំខាន់របស់រដ្ឋាភិបាលក្រុង តេហេរ៉ង់។
ក្រសួងប្រេងនៃប្រទេសអ៊ីរ៉ង់បាននិយាយកាលពីថ្ងៃអាទិត្យថាការដឹកជញ្ជូនប្រេងឆៅទាំងអស់ទៅឱ្យក្រុមហ៊ុនបារាំងនិងអង់គ្លេសបានបញ្ឈប់ហើយ ហើយថាសាធារណរដ្ឋអ៊ីស្លាមនេះបានចាត់វិធានការដើម្បីចែកចាយប្រេងឆៅរបស់ខ្លួនទៅឱ្យអតិថិជនថ្មីៗវិញ។
វិធានការនេះហាក់ដូចជាបានត្រូវរចនាទ្បើងដើម្បីជាការបង្ការទុកជាមុនការសម្រេចចិត្តរបស់សហភាពអឺរ៉ុបក្នុងការបញ្ឈប់ការនាំចូលប្រេងអ៊ីរ៉ង់ចាប់តាំងពីថ្ងៃទី០១ខែកក្កដាតទៅ។ ការដាក់ទណ្ឌកម្មនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ពួកបស្ចឹមប្រទេសដើម្បីដាក់សំពាធហិរញ្ញវត្ថុលើរដ្ឋាភិបាលក្រុងតេហេរ៉ង់ ដោយសារកម្មវិធីបរមាណូដ៏ចម្រូងចម្រាស់ ដែលពួកបស្ចឹមប្រទេសនិយាយថាមានគោលដៅផលិតអាវុធបរមាណូ។ អ៊ីរ៉ង់បានបដិសេធការចោទប្រកាន់នេះហើយ។
អ៊ីរ៉ាក់៖ មន្ត្រីសន្តិសុខអ៊ីរ៉ាក់បាននិយាយថា ការផ្ទុះគ្រាប់បែកក្នុងរថយន្តមួយគ្រឿងនៅខាងក្រៅបណ្ឌិតសភាប៉ូលីសក្នុងក្រុងបាកដាដបានបណ្តាលឱ្យប៉ូលីសទើបត្រូវជ្រើសរើសថ្មីៗនិងនាយប៉ូលីសយ៉ាងតិចណាស់១៩នាក់បានស្លាប់និងធ្វើឱ្យជាង២៦នាក់ទៀតត្រូវរបួសនៅក្នុងការវាយប្រហារដ៏ប្រល័យបំផុតក្នុងរយៈពេលច្រើនសប្តាហ៍មកហើយក្នុងរដ្ឋធានី។
ស៊ីរី៖ កងកម្លាំងសន្តិសុខស៊ីរីបានត្រូវដាក់ពង្រាយយ៉ាងច្រើននៅក្នុងសង្កាត់មួយនៃរដ្ឋធានីដាម៉ាស់ ដែលមានភាពតានតឹងដើម្បីបញ្ចៀសមិនឱ្យមានការប្រជុំមហាជនប្រឆាំងនឹងរដ្ឋាភិបាលធំបំផុតមួយដែលមិនធ្លាប់មាន ខណៈដែលអំពើហិង្សានៅតែបន្តក្នុងតំបន់ប្រជុំជនតវ៉ាឯទៀតៗក្នុងប្រទេស។
ក្រិក៖ ពលរដ្ឋក្រិករាប់ពាន់នាក់បានធ្វើបាតុកម្មនៅតាមផ្លូវនៃក្រុងអាថែន Athens ដើម្បីតវ៉ាប្រឆាំងនឹងវិធានការចំណាយត្បិតត្បៀត ខណៈដែលពួករដ្ឋមន្ត្រីនៃតំបន់ប្រើប្រាស់រូបិយប័ណ្ណអឺរ៉ូប្រុងប្រៀបបោះឆ្នោតលើការជួយសង្គ្រោះថ្មីមួយមានទឹកប្រាក់១៧១ពាន់លានដុល្លារសម្រាប់ប្រទេសជាតិនេះដែលមានបំណុលយ៉ាងច្រើន។
ម៉ិស៊ិក៖ ពួកមន្ត្រីម៉ិកស៊ិកបាននិយាយថាមានមនុស្សយ៉ាងតិចណាស់២០នាក់បានត្រូវសម្លាប់នៅក្នុងកុបកម្មក្នុងគុកមួយកន្លែងដែលបានកើតតមានទ្បើងកាលពីថ្ងៃអាទិត្យនៅភាគខាងជើងប្រទេស។
ភូមា៖ ព្រះសង្ឃប្រឆាំងនាំមុខគេមួយអង្គក្នុងប្រទេសភូមាប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ជាថ្មីទៀតតែប៉ុន្មានអាទិត្យប៉ុណ្ណោះ ក្រោយពីព្រះអង្គបានត្រូវដោះលែងពីពន្ធនាគារ។
រុស្ស៊ី៖ អ្នកបើកទ្បានរុស្ស៊ីរាប់រយនាក់បានបើករថយន្តនៅជុំវិញផ្នែកកណ្តាលនៃក្រុងម៉ូស្គូដើម្បីទាមទារឱ្យលោកនាយករដ្ឋមន្ត្រី វ្លាដឺមៀរ ពូទីន អនុញ្ញាតឱ្យមានការបោះឆ្នោតដោយសេរីក្នុងប្រទេសរុស្ស៊ី។