ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាន គឺមូន ថា​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​​យល់​ពី​«ភាព​អាសន្ន»​នៅ​ស៊ីរី


លោក បាន គីមូន (Ban Ki-moon) អគ្គលេខាធិការ​​អង្គការ​សហប្រជាជាតិ​ថ្លែង​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​​កាល​ពី​ថ្ងៃ​អង្គារ​ទី​៣១​ មករា នៅ​ក្នុង​ក្រុង​អាម៉ាន់ (Amman) ប្រទេស​ហ្ស៊កដានី ដែល​ជា​ទី​សំចត​ទី​១​​នៅ​ក្នុង​ទស្សនកិច្ច​តំបន់​មជ្ឈិម​បូព៌ា។
លោក បាន គីមូន (Ban Ki-moon) អគ្គលេខាធិការ​​អង្គការ​សហប្រជាជាតិ​ថ្លែង​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​​កាល​ពី​ថ្ងៃ​អង្គារ​ទី​៣១​ មករា នៅ​ក្នុង​ក្រុង​អាម៉ាន់ (Amman) ប្រទេស​ហ្ស៊កដានី ដែល​ជា​ទី​សំចត​ទី​១​​នៅ​ក្នុង​ទស្សនកិច្ច​តំបន់​មជ្ឈិម​បូព៌ា។

អង្គការ​សហប្រជាជាតិ/ស៊ីរី៖ អគ្គលេខាធិការ​អ.ស.ប លោក បាន គីមូន បាន​ថ្លែង​ថា​ក្រុម​ប្រឹក្សា​សន្ដិសុខ​បាន​ទទួល​ស្គាល់​អំពី​ភាព​បន្ទាន់​នៃ​សភាពការណ៍​ក្នុង​ប្រទេស​ស៊ីរី ខណៈ​ពេល​ដែល​ប្រជាជាតិ​អារ៉ាប់​ និង​បស្ចិម​ប្រទេស​ជំរុញ​ដល់​ក្រុមប្រឹក្សា​សន្តិសុខ​ឲ្យ​អនុម័ត​សេចក្ដី​សម្រេច​មួយ​ដែល​អំពាវនាវ​ឲ្យ​ប្រធានាធិបតី​ស៊ីរី លោក បាស្សា អាល អាសាដ (Bashar Al Assad) ចុះ​ចេញ​ពី​តំណែង។

ប្រេសិត​រុស្ស៊ី​ទៅ​កាន់​សហភាព​អឺរុប​ និយាយ​ថា​ លោក​មើល​ឃើញ​ថា​នឹងមិន​មាន​ឱកាស​ណា​មួយ​ទេ​ដែល​ក្រុម​ប្រិក្សា​សន្ដិសុខ​អសប​ អាច​អនុម័ត​លើសេចក្ដី​សម្រេច​អំពី​ស៊ីរី​ទេ​ ខណៈ​ដែល​ក្រុម​អារ៉ាប់​និង​បស្ចឹមប្រទេស​ខិតខំ​រុញ​ច្រាន​ឲ្យ​ចាត់​វិធានការ​ដើម្បី​បញ្ឈប់​អំពើ​ឃោរឃៅ​នៅ​ក្នុង​ប្រទេស​ស៊ីរី។​

លោក​ Vladimir Chizhov ថ្លែង​ប្រាប់​បណ្ដាញ​ព័ត៌មាន​រុស្ស៊ី Interfax កាល​ពី​ថ្ងៃ​ពុធថា​សេចក្ដី​ស្នើ​នោះ​មិនមាន​មាត្រា​គន្លឹះ​ ហើយ​មិន​អាច​ធ្វើ​អន្ដរាគមន៍​យោធា​បាន​ឡើយ។

សេចក្ដី​អត្ថាធិប្បាយ​នោះ​មិន​ស្រប​ទៅ​នឹង​គំនិត​របស់​រដ្ឋមន្ដ្រី​ការបរទេស​អង់គ្លេសលោក William Hague ដែល​បាន​ថ្លែង​ប្រាប់​ក្រុមប្រឹក្សា​សន្ដិសុខ​កាល​ពី​ថ្ងៃ​អង្គារ​ថា​ សេចក្ដី​សម្រេច​ចិត្ដ​នោះ​មិន​អំពាវនាវ​ឲ្យ​មាន​វិធានការ​យោធា​ទេ​ ហើយ​អាច​ប្រើ​យោធា​បាន​លុះត្រា​តែ​បាន​ត្រូវ​អនុញ្ញាត។

ព័ត៌មាន​ដទៃ​ទៀត៖

អាមេរិក៖ បេក្ខជន​ប្រធានាធិបតិ​លោក​ មិត​ រមនី​ (Mitt Romney) បាន​ត្រូវ​លើក​ទឹក​ចិត្ដ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការ​ប្រកួត​យក​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​សាធារណរដ្ឋ ​ដោយ​បាន​ទទួល​ជោគជ័យ​លើសលប់​ក្នុង​រដ្ឋ​ផ្លរីដា (Florida)​ កាល​ពី​ថ្ងៃ​អង្គារ។

អ៊ីរ៉ង់៖ ប្រធាន​អធិការកិច្ច​របស់​ទីភ្នាក់ងារ​នុយក្លេអ៊ែរ​អ.ស.ប​ បាន​ថ្លែង​ថា​«នៅ​មានកិច្ចការ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​បំពេញ» ជាមួយ​រដ្ឋាភិបាល​អ៊ីរ៉ង់​ក្រោយ​ពី​បាន​ធ្វើការ​ចរចា​យ៉ាង​មមាញឹក​អំពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ​ អស់​រយៈ​ពេល​បី​ថ្ងៃ​កន្លង​មក។

សេណេហ្គាល់៖ ពួក​មន្ដ្រី​នៃ​ប្រទេស​សេណេហ្គាល់ (Senegal) បាន​និយាយ​ថា​ មាន​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​ម្នាក់​ដែរ​ត្រូវ​បាន​គេ​សម្លាប់​កាល​ពី​ថ្ងៃ​អង្គារ​ ខណៈ​ដែល​ប៉ូលិស​កុបកម្ម​ប្រដាប់​ទៅ​ដោយ​បំពង់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​និង​កាណុង​បាញ់ទឹក​បាន​ប៉ះ​ទង្គិច​ជាមួយ​ក្រុម​បាតុករ​ ដែល​កំពុង​អំពាវនាវ​ឲ្យ​ប្រធានាធិបតី​អាយុ​៨៥​ឆ្នាំ លោក អាប់ឌូឡាយេ វ៉ាដេ (Abdoulaye Wade) ឈប់​ឈរ​ឈ្មោះ​បោះឆ្នោត​ក្នុង​អាណត្ដិ​ទី​បី​ត​ទៅ​ទៀត។

អាមេរិក/អេហ្ស៊ីប៖ នៅ​ថ្ងៃ​អង្គារ​នេះ រដ្ឋមន្ដ្រី​ក្រសួង​យុត្ដិធម៍​នៃ​ប្រទេស​អេហ្ស៊ីប​បាន​បញ្ជូន​មក​វិញ​នូវ​សារលិខិត​មួយ​ច្បាប់​របស់​ឯកអគ្គរដ្ឋទូត​ស.រ.អា. ​ដែល​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​អេហ្ស៊ីប​លប់​ចោល​បម្រាម​មិន​ឲ្យ​ធ្វើ​ដំណើរ​លើ​ពលរដ្ឋ​អាមេរិកាំង ដែល​ធ្វើ​ការ​ជាមួយ​ក្រុម​អ្នក​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​នានា​ក្នុង​ប្រទេស​នេះ។

ចិន៖ វិស័យ​កម្មន្តសាល​របស់​ប្រទេស​ចិន​គឺ​ឃើញ​មាន​ភាព​ប្រសើរ​ឡើង​បន្តិច​ហើយ​នៅ​ខែ​មករា​នេះ ជា​ខែ​ទី​ពីរ​ជាប់​គ្នា​ហើយ​ដែល​បង្ហាញ​ពី​ភាព​វិជ្ជមាន​នោះ។ ការណ៍​នេះបង្ហាញ​ថា ​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​លំដាប់​ទី​ពីរ​របស់​ពិភពលោក​មួយ​នេះ នឹង​មិន​រងគ្រោះ​ធ្ងន់ធ្ងរ​ទេ​ពី​ភាព​ជាប់​គាំង​នៃ​សេដ្ឋកិច្ច​ពិភពលោក។

អាមេរិក៖ ក្រុម​ឯកជន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ដែល​ចំណាយ​ប្រាក់​ច្រើន​លាន​ដុល្លារ​ នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​សម្រាប់​តំណែង​ប្រធានាធិបតី​ស.រ.អ. ​បាន​ចេញមុខ​ប្រាប់​ឈ្មោះ​របស់​ខ្លួន​ដោយ​បង្ហាញ​ឲ្យ​ឃើញ​ថា​ ពលរដ្ឋ​អាមេរិកាំង​មួយ​ចំនួន​តូច​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ប្រកួត​ដណ្ដើម​កន្លែង​ប្រធានាធិបតី។

ចិន៖ ពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​រំជើបរំជួល​នៃ​ភាគ​ខាងត្បូង​ប្រទេសចិន​ វូកន (Wukan)​បាន​ចាប់ផ្ដើម​ដំណើរការ​ជ្រើសតាំង​ប្រធាន​ភូមិ​ថ្មី​របស់​ខ្លួន​ ដែល​គេ​មើល​ឃើញ​ថា​ជា​ជ័យជម្នះ​ដ៏​កម្រ​របស់​ក្រុម​បាតុករនិង​សកម្មជន​សិទ្ធិ​មនុស្ស ​នៅ​ក្នុង​ប្រទេស​ដែល​កាន់​អំណាច​ផ្ដាច់ការ​នោះ។

XS
SM
MD
LG