សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបបានសម្តែងសុទិដ្ឋិនិយមប្រកបដោយការប្រយ័ត្នប្រយែងកាលពីថ្ងៃសុក្រទាក់ទងនឹងសំណើររបស់ប្រទេសអ៊ីរ៉ង់ដែលសុំចាប់ផ្តើមការចរចាឡើងវិញជាមួយនឹងមហាអំណាចពិភពលោកអំពីកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។
ដោយបានថ្លែងនៅឯក្រសួងការបរទេសកាលពីថ្ងៃសុក្រលោកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកនិងលោកស្រីកាថឺរីន អាសស្តុន (Catherine Ashton) នាយកខាងគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបបាននិយាយថាពួកគេកំពុងតែពិនិត្យវាយតម្លៃលើលិខិតមួយរបស់ប្រទេសអ៊ីរ៉ង់ដែលសុំឱ្យចាប់ផ្តើមការចរចាឡើងវិញក្រោយពីបានជាប់គាំងមួយរយៈមក។ លិខិតដែលផ្ញើមកដោយលោក សាអ៊ីដ ចាលីលី(Saeed Jalili) អ្នកចរចាអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ធ្វើឡើងជាការឆ្លើយតបនឹងលិខិតរបស់លោកស្រី អាសស្តុន ដែលបានផ្ញើទៅកាលពីខែតុលា។
លោកស្រីគ្លីនតុនបានហៅការឆ្លើយតបរបស់អ៊ីរ៉ង់ថាជាជំហានដ៏សំខាន់។
លោកស្រីគ្លីនតុនមានប្រសាសន៍ថាសហគមន៍អន្តរជាតិកំពុងសង្ឃឹមថាប្រទេសអ៊ីរ៉ង់បង្ហាញថាខ្លួនបានត្រៀមខ្លួននឹងចូលមកតុចរចាប្រកបដោយមធ្យោបាយប្រកបដោយការស្ថាបនានិងភាពម៉ឺងម៉ាត់។ ការឆ្លើយតបរបស់រដ្ឋាភិបាលអ៊ីរ៉ង់នេះគឺជាអ្វីដែលយើងរងចាំជាយូរមកហើយ។
ព័ត៌មានអន្តរជាតិសំខាន់ៗផ្សេងទៀត៖
ស.រ.អា៖ អាជ្ញាធរសហព័ន្ធសហរដ្ឋអាមេរិកនិយាយថាពួកគេបានចាប់ខ្លួនបុរសម្នាក់នៅ ជិតអគាររដ្ឋសភាកាពីតូលរបស់សហរដ្ឋអាមេរិក ហើយពួកគេនិយាយថាបុរសនោះបានព្យាយាមធ្វើការវាយប្រហារភេវរកម្ម។
ស.រ.អា៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា មានប្រសាសន៍ថាលោកបានបញ្ជាឱ្យទីភ្នាក់ងារឥណទានសម្រាប់ការនាំចេញរបស់អាមេរិកជំរុញការផ្តល់ហិរញ្ញប្បទានដល់ផលិតផលអាមេរិកាំងឱ្យបានច្រើន ប្រយោជន៍ជួយដល់ការខិតខំប្រឹងប្រែងថ្មីមួយដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មបរទេសដ៏រ៉ាំរ៉ៃដែលប្រទេសនេះជួបប្រទះ។
ជប៉ុន៖ អធិរាជអាគីហ៊ីតុ (Akihito) នៃប្រទេសជប៉ុនបានទទួលការវះកាត់បេះដូងប្រកបដោយជោគជ័យ។ បណ្តាញទូរទស្សន៍ជាតិអ៊ែនអេកខេ (NHK) បាននិយាយថាការវះកាត់នោះធ្វើឡើងនៅឯមន្ទីរពេទ្យនៃសាកលវិទ្យាល័យក្រុងតូក្យូ នៅថ្ងៃសៅរ៍នេះហើយមានរយៈពេលប្រហែលប្រាំម៉ោង។
អ៊ឺរ៉ុប៖ សម្តេចប៉ាប បេណេឌិក (Benedict) បានជួបជាមួយក្រុមបុព្វជិតធំៗនៃវិហាររ៉ូម៉ាំងកាតូលិកដើម្បី ពិភាក្សាគ្នាអំពីវិធីដែលត្រូវពង្រឹងព្រះវិហារដោយសារតែមាននិន្នាការកាន់តែធំឡើងក្នុងការមិនយកសាសនាជាធំនៅក្នុងពិភពពួកបច្ចឹមប្រទេស។
សូម៉ាលី៖ មេដឹកនាំសូម៉ាលី បានបញ្ចប់សន្និសីទក្នុងរដ្ឋភុនឡែន (Puntland) នៃប្រទេសសូម៉ាលី ដោយចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយតាមរយៈការបោះឆ្នោត។