នៅថ្ងៃព្រហស្បតិ៍នេះ ពលរដ្ឋកូរ៉េខាងជើងបានប្រារព្ធខួបកំណើតទី៧០ឆ្នាំរបស់លោក គីម ជុង អ៊ីល (Kim Jong Il) អតីតមេដឹកនាំដែលបានស្លាប់បាត់បង់ជីវិត។ ពិធីនោះប្រកបដោយមនោសញ្ចេតនា ប៉ុន្តែមានភាពស្ងាត់ស្ងៀម ហើយមានការរៀបចំជាពិធីផ្សេងៗក្នុងទីក្រុងព្យុងយ៉ាងក្រោមអាកាសធាតុត្រជាក់និងមានខ្យល់បោកបក់ខ្លាំងៗ។
ក្រុមយោធាជាច្រើនក្រុមនិងហ្វូងជនស៊ីវិលដ៏ធំបានឱនក្បាលគោរពជាបន្តបន្ទាប់ស្រុះគ្នាហើយដាក់ផ្កា គីមជុងហ្គីលា (Kimjongilia) ដែលជាផ្កាគេយកឈ្មោះតាមអតីតមេដឹកនាំរូបនេះនៅក្រោមផ្ទាំងរូបថតរបស់គាត់ដែលមានទឹកមុខញញឹមដាក់ព្យួរនៅទីលានគីម អ៊ីលស៊ុង ក្នុងរដ្ឋធានីព្យុងយ៉ាង។
ព័ត៌មានអន្តរជាតិសំខាន់ៗដទៃទៀត៖
ចិន/អាមេរិក៖ អនុប្រធានាធិបតីចិន លោក ហ្សី ជីន ភីង (Xi Jinping) បានយកឈ្នះទឹកចិត្តប្រជាពលរដ្ឋអាមេរិកាំងសាមញ្ញនៅក្នុងទស្សនកិច្ចរបស់លោកទៅសហគមន៍កសិកម្មមួយក្នុងរដ្ឋអាយអូវ៉ា (Iowa) កាលពីថ្ងៃពុធ។ ដំណើរទស្សនកិច្ចលើកនេះ មានរយៈពេល២៧ឆ្នាំហើយចាប់តាំងពីលោកបានមកធ្វើទស្សនកិច្ចនៅទីនេះម្តងក្នុងនាមជាមន្រ្តីថ្នាក់កណ្តាលម្នាក់។
ថៃ៖ អាជ្ញាធរថៃនិយាយថា ជនជាតិអ៊ីរ៉ង់បីនាក់ដែលត្រូវបានចាប់ខ្លួនទាក់ទងនឹងការបំផ្ទុះគ្រាប់បែកក្នុងទីក្រុងបាងកកនាសប្តាហ៍នេះជាផ្នែកមួយនៃគម្រោងធ្វើឃាតអ្នកការទូតអ៊ីស្រាអែល។
អាមេរិក/អ៊ីរ៉ង់៖ សហរដ្ឋអាមេរិកបាននិយាយបន្ធូរបន្ថយចំពោះការអះអាងរបស់ប្រទេសអ៊ីរ៉ង់ ថាខ្លួនមានការជឿនលឿនទៅមុខក្នុងកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ដោយបញ្ជាក់ថារដ្ឋាភិបាលទីក្រុងតេហេរ៉ង់មានអារម្មណ៍រងការគាបសង្កត់ដោយសារតែមានការដាក់ទណ្ឌកម្មពីអន្តរជាតិនិងចង់បង្វែរអារម្មណ៍ចេញពីការដាក់ឱ្យនៅឯកោខាងផ្នែកការទូតដែលកាន់តែកើនឡើងៗ។
អាមេរិក៖ ក្រុមសមាជិកសភាសហរដ្ឋអាមេរិកមកពីគណបក្សទាំងពីរបានសម្រេចនូវការព្រមព្រៀងមួយលើច្បាប់ដើម្បីពន្យាពេលកាត់ពន្ធលើប្រាក់ចំណូលនិងប្រាក់កម្រៃសម្រាប់អ្នកអត់ការងារធ្វើរហូតដល់ចុងឆ្នាំ២០១២។
បាគីស្ថាន៖ ការវាយប្រហារមួយដែលគេសង្ស័យថាធ្វើឡើងដោយយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិកបានសម្លាប់ជនសកម្មប្រយុទ្ធយ៉ាងហោចណាស់៥នាក់ដែរនៅតំបន់ជនជាតិភាគតិចបាគីស្ថាននាភាគពាយ័ព្យប្រទេសដែលជាតំបន់ជិតនឹងព្រំដែនប្រទេសអាហ្វហ្គានីស្ថាន។
អង់គ្លេស៖ លោក ដេវិដ កាម៉េរូន (David Cameron) នាយករដ្ឋមន្រ្តីអង់គ្លេសនឹងធ្វើដំណើរទៅប្រទេសស្កុតឡែន នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីចរចាលើផែនការធ្វើប្រជាមតិទាមទារឯករាជ្យមួយដែលលោកបានសន្យាថានឹងប្រឆាំង។