លោក ហ្សី ជិនពីង (Xi Jinping) អនុប្រធានាធិបតីចិន នឹងជួបសន្ទនានៅថ្ងៃអង្គារនេះ ជាមួយលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា នៅឯសេតវិមានដោយគេរំពឹងថាលោកនឹងអំពាវនាវឲ្យមានវិធានការកសាងទំនុកចិត្តរវាងប្រទេសទាំងពីរ។
អនាគតមេដឹកនាំប្រទេសចិនរូបនេះ នឹងចាប់ផ្ដើមបើកការចរចាពីរម៉ោង ជាមួយលោកអនុប្រធានាធិបតី ចូហ បៃឌិន (Joe Biden) រួចនឹងមានកិច្ចប្រជុំមូយនៅក្នុងការិយាល័យឯកជនរបស់ប្រធានាធិបតី បារ៉ាក់ អូបាម៉ា។ ប្រធានបទដែលអាចនឹងលើកឡើងក្នុងកិច្ចពិភាក្សា រួមមានបញ្ហាទំនាស់សេដ្ឋកិច្ច ការពង្រឹងកិច្ចការពារប្រទេសទៅវិញទៅមក និងបញ្ហាសិទ្ធិមនុស្ស រាប់ទាំងរឿងព្រះសង្ឃទីបេដុតខ្លួនឯងជាបន្តបន្តាប់មកនេះផងដែរ។
នៅក្រោយពេលអាហារថ្ងៃត្រង់នៅឯក្រសួងការបរទេស ដែលធ្វើបដិសណ្ឋារកិច្ចដោយលោក ចូបៃឌិន និងលោកស្រីរដ្ឋមន្ដ្រីការបរទេស ហ៊ីល ឡារី គ្លីនតុន លោក ហ្សីកំណត់នឹងទៅជួបជាមួយមន្ត្រីយោធានៅឯមន្ទីរប៉ងតាហ្គោន ហើយបន្ទាប់មកបើកការចរចាជាមួយមេដឹកនាំពាណិជ្ជកម្មចិននិងអាមេរិក។
ព័ត៌មានអន្តរជាតិសំខាន់ៗផ្សេងទៀត៖
ថៃ៖ មានការបំផ្ទុះគ្រាប់បែកយ៉ាងតិចពីរដង បានធ្វើឲ្យភ្ញាក់ផ្អើលដល់តំបន់ជិតខាងទីក្រុងបាងកកដ៏មមាញឹកមួយកាលពីថ្ងៃអង្គារនេះ ។ បណ្ដាញព័ត៌មានថៃនិយាយថាមានមនុស្សម្នាក់រងរបួសធ្ងន់ធ្ងរ។
អាស៊ី ៖ ក្រុមអាជ្ញាធរមកពីប្រទេសអាស៊ីចំនួន១៣ បានព្រមព្រាងគ្នាដើម្បីធ្វើឲ្យប្រសើរឡើងដល់កិច្ចសហប្រតិបត្តិការណ៍ឆ្លងដែនដើម្បីទប់ស្កាត់ការរត់ពន្ធដោយខុសច្បាប់លើសត្វខ្លានិងពពួកសត្វព្រៃដែលហៀបនឹងផុតពូជដទៃទៀត។
ឥណ្ឌា៖ មន្ដ្រីនៃក្រសួងមហាផ្ទៃឥណ្ឌា ថ្លែងថាគ្រាប់បែកបានផ្ទុះបំប៉ើងរថយន្ដរបស់ស្ថានទូតអ៊ីស្រាអែលមួយគ្រឿង កាលពីថ្ងៃច័ន្ទក្នុងកណ្ដាលរដ្ឋធានី ញូវ ដែលី ពោលគឺប៉ុន្មានវិនាទីប៉ុណ្ណោះក្រោយពីគ្រាប់បែកនោះបានត្រូវចង់ភ្ជាប់នឹងរថយន្ដនោះ សបង្ហាញឲ្យឃើញថាការវាយប្រហារនោះប្រព្រឹត្ដឡើងដោយអ្នកដែលត្រូវបានហ្វឺកហ្វឺនយ៉ាងស្ទាត់ជំនាញម្នាក់។
ជប៉ុន៖ ក្រុមអ្នកវិទ្យាសាស្រ្ដជប៉ុននិយាយថាឃើញមានហានិភ័យកាន់តែខ្លាំងឡើងពីការរញ្ជួយដីនៅពេលអនាគត នៅឯរោងចក្រនុយក្លេអ៊ែរ ហ្វូគូហ្សីម៉ា នៅក្រោយពេលការរញ្ជូយផែនដីដ៏ខ្លាំង និងមហារលកយក្សស៊ូណាមី ដែលធ្វើឲ្យខូចខាតធ្ងន់ធ្ងរដល់រោងចក្រនោះកាលពីឆ្នាំមុន។
ស៊ីរី៖ សកម្មជនការពារសិទ្ធិមនុស្សនៅក្នុងប្រទេសស៊ីរី និយាយថាកងកម្លាំងរដ្ឋាភិបាលបានវាយប្រហារមកលើទីក្រុងហូមដែលជាចំណុចផ្ទុះអំពើឃោឃៅ ដោយបាញ់គ្រាប់ផ្លោងយ៉ាងធ្ងន់ធ្ងរ មួយថ្ងៃក្រោយពីនាយករបស់អង្គការការពារសិទ្ធិមនុស្សរបស់អ.ស.បបាននិយាយថាបរាជ័យរបស់ក្រុមប្រឹក្សាសន្ដិសុខអ.ស.បក្នុងការចាត់វិធានការ បានបណ្ដាលឲ្យរដ្ឋាភិបាលរបស់ប្រធានាធិបតី បាស្សា អាល អាសាដ រឹតតែខ្លាំងដៃឡើង។
ចិន៖ សេចក្ដីរាយការណ៍ថ្មីមូយបានទស្សទាយថា ប្រទេសចិននឹងចំណាយលើកិច្ចការការពារប្រទេសត្រឹមឆ្នាំ២០១៥នេះ ច្រើនជាងប្រទេសទាំងអស់នៃតំបន់អាស៊ី ប៉ាស៊ីហ្វីករួមបញ្ចូលគ្នាទៀត។
ចិន៖ អនុប្រធានាធិបតីចិន លោក ហ្សី ជិនពីង ដែលបានត្រូវគេរំពឹងថានឹងឡើងធ្វើជាមេដឹកនាំប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកលំដាប់ទីពីរ ជាកូនអតីតមេដឹកនាំចិនមូយរួបដែលបានត្រូវធ្វើទុក្ខបុកម្នេញនៅក្រោមរបបម៉ៅសេទុង។
ក្រិច៖ ប្រទេសក្រិកនិយាយថានឹងបើកការបោះឆ្នោតជាតិនៅខែមេសាខាងមុខនេះ ដើម្បីជំនួសរដ្ឋាភិបាលបណ្ដោះអាសន្នរបស់លោកនាយករដ្ឋមន្ដ្រី លូកាស់ ផាផាឌីមូស (Lucas Papademos) មូយថ្ងៃក្រោយពីក្រុមបាតុករបានបះបោរប្រឆាំងនឹងប្រាក់ចំណាយបន្ថែម និងការកាត់បន្ថយការងារ។
ចិន៖ មានព្រះសង្ឃក្មេងម្នាក់ទៀតហើយដែលបានដុតខ្លួនឯង នៅតំបន់នីរតីនៃប្រទេសចិន ដែលជាអ្វីដែលសកម្មជនទីបេនិយាយថា ជាយុទ្ធនាការកាន់តែខ្លាំងជាធ្លុងមួយប្រឆាំងនឹងរបបគ្រប់គ្រងចិន។បារ៉ែន៖ ប៉ូលីសនៃប្រទេសបារ៉ែន បានបាញ់គ្រាប់បែកចេញទឹកភ្នែក និងគ្រាប់បែកសម្លេងមកលើហ្វូងបាតុករជាច្រើនម៉ឺននាក់ ដែលបានព្យាយាមកាន់កាប់ទីកន្លែងសំខាន់នៅកណ្ដាលក្រុង ម៉ាណាម៉ា នៅពេលមួយថ្ងៃមុនខួបទីមួយនៃការបះបោរតវ៉ាទាមទារលទ្ធិប្រជាធិបតេយ្យ។