អ៊ីរ៉ុង៖ កាលពីថ្ងៃសៅរ៍ ប្រធានាធិបតីអ៊ីរ៉ង់ ម៉ាមូដ អាម៉ាឌិននីចាដ (Mahmoud Ahmadinejad) បានប្រកាសថាប្រទេសអ៊ីរ៉ង់នឹងលាតត្រដាងឱ្យដឹងក្នុងពេលឆាប់ៗនេះអំពីសមិទ្ធិថ្មីៗខាងបរមាណូ។ ក្នុងការប្រជុំមហាជនមួយដើម្បីប្រារព្ធខួបឆ្នាំទី៣៣នៃការបដិវត្តន៍អ៊ីស្លាមរបស់ប្រទេសនេះក្នុងទីលាន អាហ្សាឌី (Azadi) ដ៏ល្បីល្បាញនៃក្រុង តេហេរ៉ង់ (Teheran) លោកអាម៉ាឌិននីចាដ បាននិយាយថា៖ «តាមបំណងព្រះអាទិទេព ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះពិភពលោកនឹងឃើញអ៊ីរ៉ង់បង្ហាញសមិទ្ធិផលខាងបរមាណូធំៗខ្លះ។»
ភូមា៖ មនុស្សរាប់ពាន់នាក់បានឈរតាមដងផ្លូវក្នុងប្រទេសភូមាដោយគ្រវីទង់និងបដាសម្រាប់លោកស្រីអង សានស៊ូជី នៅពេលលោកស្រីធ្វើដំណើរពីក្រុង យ៉ាងហ្គូន (Yangoon) ទៅកាន់ទីប្រជុំជន ខោហ៍មូ (Kawhmu) ក្នុងតំបន់ជនបទដើម្បីឃោសនាបោះឆ្នោតសម្រាប់អាសនៈក្នុងសភា។
ស៊ីរី៖ ទីភ្នាក់ងារព័ត៌មានរបស់រដ្ឋស៊ីរីបានផ្សាយថាពួកជនប្រដាប់អាវុធបានបាញ់សម្លាប់នាយទាហានស៊ីរីម្នាក់នៅក្នុងរដ្ឋធានីដាម៉ាស់។
អេហ្ស៊ីប៖ ក្រុមសកម្មជននៅទូទាំងអេហ្ស៊ីបបានធ្វើកូដកម្មនិងបាតុកម្មកាលពីថ្ងៃសៅរ៍ដើម្បីប្រារព្ធខួបឆ្នាំទីមួយនៃការបណ្តេញលោកប្រធានាធិបតី ហសនី ម៉ូបារ៉ាក (Hosni Mubarak) ចេញពីតំណែង តែមានមនុស្សមិនច្រើនពេកទេដែលចូលរួមក្នុងព្រឹត្តិការណ៍ទាំងនេះ។
ក្រិក៖ ពួកមេដឹកនាំក្រិកដែលរួមមានលោក ជដ ផាផៀនដ្រឹក (George Papandreou) មេដឹកនាំគណបក្សសង្គមនិយមនិងលោក អានតូនីស សាម៉ារ៉ាស (Antonis Samaras) មេដឹកនាំគណបក្សប្រជាធិបតេយ្យថ្មីបានធ្វើការអង្វរថ្មីៗសុំឲ្យមានការគាំទ្រដល់ការកាត់បន្ថយថវិកាពីសមាជិកសភា។ លោកផាផៀនដ្រឹក បានព្រមានថាការគ្មានជោគជ័យក្នុងការអនុម័តិវិធានការត្បិតត្បៀតចំណាយនឹងនាំទៅកាន់មហន្តរាយចំពោះប្រទេស។
អឺរ៉ុប៖ ប្រធានាធិបតីមកពីប្រទេស៨ជាសមាជិកនៃសហភាពអឺរ៉ុបបាននិយាយថាពួកគេធុញទ្រាន់ដោយឃើញ«វិបត្តិ»ពិភពលោកចងភ្ជាប់ជាមួយការចរចាទាំងអស់ដែលទាក់ទិនជាមួយតំបន់ប្រើប្រាស់ប្រាក់អឺរ៉ូ ហើយសហភាពអឺរ៉ុបគួរតែបំបាត់ចោលវិបត្តិនេះហើយដោះស្រាយបញ្ហាឯទៀតៗវិញ។