ស.រ.អា៖ លោកស្រី ហ្គាប្រីអេល ហ្គីហ្វហ្វដ (Gabrielle Giffords) សមាជិកាសភាស.រ.អា បានដឹកនាំពិធីដុតទៀនមួយនៅក្នុងក្រុង ធូសុន (Tucson) នៃរដ្ឋអារីហ្សូណា (Arizona) នាប៉ែកនិរតីនៃស.រ.អ.ដើម្បីកំណត់ខួបមួយឆ្នាំនៃការបាញ់កាំភ្លើងដ៏ខ្លាំងក្លាមួយដែលបានបណ្តាលឲ្យមនុស្ស៦នាក់ស្លាប់ ហើយបណ្តាលឱ្យលោកស្រីមានរបួសធ្ងន់ធ្ងរ។
ភូមា៖ ប្រេសិតជាន់ខ្ពស់ស.រ.អាពីរនាក់ បានអញ្ជើញទៅដល់ប្រទេសភូមាហើយ ដើម្បីធ្វើការចរចាជាមួយពួករដ្ឋមន្រ្តីរដ្ឋាភិបាលអំពីកម្មវិធីហិរញ្ញវត្ថុខ្នាតតូច និងបញ្ហាជួញដូរមនុស្ស។ លោក ដេរិក មិចឆែល (Derek Mitchell) ប្រេសិតពិសេសស.រ.អា ទទួលបន្ទុកកិច្ចការប្រទេសភូមា និងលោក លូអីស ដឹ បាកា (Luis Cde Baca) ប្រេសិតស.រ.អាទទួលបន្ទុកបញ្ហាជួញដូរមនុស្សនឹងជួបជាមួយរដ្ឋាភិបាលស៊ីវិលថ្មីរបស់ភូមា។
ម៉ាឡេស៊ី៖ តុលាការជាន់ខ្ពស់នៃប្រទេសម៉ាឡេស៊ី (Malaysia) បានកាត់ក្តីឲ្យមេដឹកនាំគណបក្សប្រឆាំង លោក អានវ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) រួចខ្លួនពីបទរំលោភសេពសន្ធវៈ។ ចៅក្រមបានសម្រេចនៅថ្ងៃចន្ទនេះថា DNA ដែលបានត្រូវប្រើដោយពួកព្រះរាជអាជ្ញាជាភ័ស្តុតាងដែលមិនអាចជឿទុកចិត្តបានទេ។ ចៅក្រមរូបនេះក៏បាននិយាយដែរថាគ្មានភ័ស្តុតាងដែលគួរឱ្យជឿគ្រប់គ្រាន់ដែលបញ្ជាក់ថាលោក អានវ៉ា បានប្រព្រឹត្តសេពសន្ធវៈជាមួយអតីតសហការីប្រុសម្នាក់របស់លោកនោះទេ។
ស៊ិរី៖ ពួករដ្ឋមន្ត្រីការបរទេសនៃសម្ព័ន្ធអារ៉ាប់បានអំពាវនាវដល់ប្រទេសស៊ិរីឲ្យគោរពតាមកិច្ចព្រមព្រៀងរបស់ខ្លួនដើម្បីបញ្ឈប់អំពើហិង្សាប្រឆាំងនឹងក្រុមបាតុករ ហើយពួកគេបានយល់ព្រមបង្កើនចំនួនពួកអ្នកសង្កេតការដែលអនុលោមទៅតាមផែនការនេះ។
អ៊ីរ៉ង់៖ តុលាការអ៊ីរ៉ង់មួយបានកាត់ទោសប្រហារជីវិតបុរសជនជាតិអាមេរិកាំងម្នាក់ពីបទចារកម្មឲ្យទីភ្នាក់ងារស៊ើបការសម្ងាត់ស.រ.អ. ហៅកាត់ថា ស៊ីអាយអេ (CIA)។ទីភ្នាក់ងារព័ត៌មាន ហ្វាស (Fars) ពាក់កណ្តាលផ្លូវការនៃប្រទេសអ៊ីរ៉ង់បានផ្សាយនៅថ្ងៃចន្ទនេះថា ការកាត់ទោសប្រឆាំងនឹង លោក អាមៀរ ម៉ាហ្សេអ៊ី ហេកម៉ាទី (Amir Mirzaei Hekmati) គឺទាក់ទិននឹងការពាក់ព័ន្ធរបស់គាត់ជាមួយទីភ្នាក់ងារសម្ងាត់ ស៊ីអាយអេ និងកិច្ចសហប្រតិបត្តិការរបស់គាត់ជាមួយ«ប្រទេសជាសត្រូវ»មួយនេះ៕