ស.រ.អ.៖ លោក ម៊ីត រ៉ូមនី (Mitt Romney) បេក្ខជនសង្ឃឹមថានឹងឡើងកាន់តំណែងជាប្រធានាធិបតី ស.រ.អ. បានស៊ូទ្រាំនឹងការទិតៀនពីបេក្ខជនដទៃទៀតនៃគណបក្សសាធារណរដ្ឋ ក្នុងពេលដែលមានការជជែកដេញដោលគ្នាផ្សព្វផ្សាយតាមទូរទស្សន៍ នៅក្នុងរដ្ឋ New Hampshire ប៉ុន្មានថ្ងៃបុណ្ណោះមុនការបោះឆ្នោតបឋមនៅក្នុងរដ្ឋភាគឦសានប្រទេសនោះ។
ស៊ីរី៖ ក្រុមរដ្ឋមន្ដ្រីក្រសួងការបរទេសនៃសម្ព័ន្ធអារ៉ាប់ នឹងជួបប្រជុំគ្នានៅថ្ងៃអាទិត្យនេះដើម្បីពិនិត្យមើលឡើងវិញនូវកិច្ចការបេសកម្មរបស់ក្រុមអ្នកសង្កេតការ នៅក្នុងប្រទេសស៊ីរី ដែលមិនអាចបញ្ចប់ការវាយបង្រ្កាបដ៏បង្ហូរឈាម អស់រយៈពេល ១០ខែ មកលើក្រុមបាតុករស៊ីវិលប្រឆាំងរដ្ឋាភិបាលស៊ីរី។
មិកស៊ីកូ៖ ប៉ូលិសប្រទេស មិកស៊ីកូ (Mexico) បានចាប់ខ្លួនអតីតកីឡាករបាល់ទាត់ អ្នកយាមហ្គោលតាមបទពាក់ព័ន្ធនឹងក្រុមអ្នកចាប់មនុស្សធ្វើចំណាប់ខ្មាំង។
អង់គ្លេស៖ នាយករដ្ឋមន្ដ្រីប្រទេសអង់គ្លេស បានចេញពាក្យសុំទោស ក្រោយពីលោកបានត្រូវទិតៀនធ្ងន់ធ្ងរពីអ្នកតាក់តែងច្បាប់ថ្នាក់ខ្ពស់ម្នាក់ លើរឿងដែលលោកបានប្រៀបធៀបមន្ដ្រីនោះទៅនឹងជម្ងឺអាក្រក់មូយហៅថាធួររ៉េត (Tourette)។
ហ្វីលីពីន៖ ប្រធានាធិបតីប្រទេស ហ្វីលីពីន បិននិហ៊្គូ អាឃ្វីណូ (Benigno Aquino) នៅថ្ងៃអាទិត្យនេះបានព្រមានថា អាជ្ញាធរបានរកឃើញផែនការរបស់ក្រុមភេរវជន ដែលចង់វាយប្រហារមកលើពិធីបុណ្យសាសនាដ៏ធំមូយនៅក្នុងរដ្ឋធានី ម៉ានីល។
អេស៉្បាញ៖ ក្រុមបាតុករច្រើនពាន់ម៉ឺននាក់បាននាំគ្នាដើរ នៅលើផ្លូវទាំងឡាយក្នុងតំបន់ខាងជើងប្រទេស អេស៉្បាញ ក្នុងទីក្រុង ប៊ៀលប៉ាវ (Bilbao) កាលពីថ្ងៃសៅរ៍ ដើម្បីទាមទារសិទ្ធិឲ្យអ្នកទោសជាប់គុកនៃក្រុមបះបោរ ETA រួចពីទោសនៅក្នុងតំបន់លំនៅដ្ឋានរបស់គេ។
បារ៉ែន៖ ក្រុមបាតុករនិយមលទ្ធិប្រជាធិបតេយ្យរាប់រយនាក់ដឹកនាំដោយក្រុមជំទាស់និកាយ ស៊ីអីត (Shi'ite) នៅក្នុងប្រទេស បារ៉ែន (Bahrain) បានមកជួបចប្រជុំគ្នា ក្នុងរដ្ឋធានី ម៉ាណាម៉ា (Manama) កាលពីថ្ងៃសៅរ៍ ទោះបីជាមានការហាមប្រាមពីរដ្ឋាភិបាលក៏ដោយ។
ជប៉ុន៖ ពិពណ៌តាំងវត្ថុសិល្បៈបូរាណមានតម្លៃឥតគណនាមកពីប្រទេសចិន បានប្រព្រិត្តធ្វើឡើងកាលពីថ្ងៃសុក្រ ក្នុងសារមន្ទីរជាតិនៃទីក្រុងតូក្យូ។
កេនយ៉ា៖ ប្រទេស កេនយ៉ា (Kenya) ថ្លែងកាលពីថ្ងៃសៅរ៍ថា ការទម្លាក់គ្រាប់បែកពីយន្ដហោះបានសម្លាប់មនុស្សយ៉ាងតិច ៦០ នាក់នៃកងជីវពលពាក់ព័ន្ធនឹងក្រុមភេរវកម្ម អាលកៃដា (al-Qaida) ក្នុងតំបន់ភាគខាងត្បូងប្រទេស សូមាលី (Somalia) ដែលនេះជាផ្នែកមូយនៃកិច្ចប្រឹងប្រែងដើម្បីបង្ខំក្រុមនោះឲ្យចេញពីដែនដី សូម៉ាលី។