សហរដ្ឋអាមេរិក៖ លោកអូបាម៉ាបានប្រកាសនៅក្នុងសុន្ទរកថាប្រចាំសប្តាហ៍របស់លោកថាលោកនឹងធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាមួយក្នុងសេតវិមាននៅថ្ងៃពុធដើម្បីជួបជាមួយពួកមេដឹកនាំជំនួញនិងសុំដល់ពួកមេដឹកនាំជំនួញឱ្យរក្សាទុកការងារនៅក្នុងប្រទេសជាជាងនាំការងារខាងឧស្សាហកម្មរបស់ពួកគេទៅកាន់ប្រទេសក្រៅ។
នីហ្សេរីយ៉ា៖ ការបាញ់គ្នាជាច្រើនកន្លែងរវាងពួកអ្នកវាយប្រហារដែលគេមិនស្គាល់អត្តសញ្ញាណនិងពួកប៉ូលីសកាលពីព្រឹកថ្ងៃសៅរ៍នៅផ្នែកឦសាននៃប្រទេស បានធ្វើឱ្យអ្នកស្រុកច្រើននាក់ក្នុងក្រុងផូធីសគុំរត់ចោលផ្ទះសំបែងពួកគេដើម្បីសុវត្ថិភាព។
អាហ្វហ្គានីស្ថាន៖ គណៈកម្មការមួយដែលបានត្រូវបង្កើតទ្បើងដោយលោកប្រធានាធិបតីហាមីត កាស្សាយ បានចោទប្រកាន់យ៉ាងខ្លាំងប្រឆាំងសហរដ្ឋអាមេរិកថាបានរំលោភនិងធ្វើទារុណកម្មលើជនជាតិអាហ្វហ្គានីស្ថានដែលជាប់ឃុំឃាំងក្នុងគុកមួយនៅជិតមូលដ្ឋានកងទ័ពអាកាស បាក្រាម នៅខាងជើងរដ្ឋធានីកាប៊ុល ដែលជាគុកមួយស្ថិតនៅក្រោមការចាត់ចែងកិច្ចការដោយសហរដ្ឋអាមេរិក។
សហរដ្ឋអាមេរិក៖ ពួកឥស្សរជនដែលសង្ឃឹមថានឹងទៅជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋប្រឈមមុខគ្នាក្នុងការជជែកដេញដោលគ្នា២លើក
(យប់ថ្ងៃសៅរ៍និងព្រឹកថ្ងៃអាទិត្យ) នៅដំណាច់សប្តាហ៍នេះនៅពេលដែលពួកគេប្រុងប្រៀបសម្រាប់ការបោះឆ្នោតដំបូងនៅថ្ងៃអង្គារក្នុងរដ្ឋ ញូវ ហេមស្ហៀ នាប៉ែកឦសានសហរដ្ឋអាមេរិក។
អ៊ីរ៉ុង់៖ លោក រ៉ាមីន មេមែនផារ៉ាស់ អ្នកនាំពាក្យនៃក្រសួងការបរទេសអ៊ីរ៉ង់បានហៅការជួយសង្គ្រោះជនជាតិអ៊ីរ៉ង់១៣នាក់ដោយកងទ័ពជើងទឹកអាមេរិកនេះថាជាសកម្មភាព «មនុស្សធ៌ម» មួយនៅក្នុងអត្ថាធិប្បាយទៅកាន់វិទ្យុអាល អាឡាម របស់រដ្ឋនៃប្រទេសអ៊ីរ៉ង់។ តែទីភ្នាក់ងារព័ត៌មាន ហ្វារ ពាក់កណ្តាលផ្លូវការរបស់ប្រទេសអ៊ីរ៉ង់បានបដិសេធការជួយសង្គ្រោះនេះហើយថាវាជាការយកឧប្បត្តិហេតុជាអលជ្ជីមួយមកសម្រួលធ្វើជាវិនាដកម្មបែប «Hollywood»។
ស៊ីរី៖ រដ្ឋាភិបាលរបស់ប្រធានាធិបតី បាសារ អាល អាសាទ បាននិយាយថាការផ្ទុះធ្វើឱ្យខ្ទេចខ្ទីកាលពីថ្ងៃសុក្រដែលបានធ្វើឱ្យមនុស្សជាង៦០នាក់់ទៀតត្រូវរបួសជាការវាយប្រហារ«ភេរវកម្ម»មួយដោយក្រុមប្រឆាំងដែលបានធ្វើយុទ្ធនាការ១០ខែមកហើយឱ្យមានការដកប្រធានាធិបតីពីតំណែង។
អាហ្វហ្គានីស្ថាន៖ នាង សាហារ ហ្គូល នារីអាហ្វហ្គានីស្ថានអាយុ១៥ឆ្នាំម្នាក់ដែលរងទារុណកម្មក្នុងកណ្តាប់ដៃគ្រួសារប្តីនាង បានចោទប្រកាន់ពួកជនទាំងនេះថាបានដាក់ខ្សែភ្លើងឱ្យឆក់នាង ហើយបានវាយដំនាងជាមួយខ្សែភ្លើងផងដែរនិងទាមទារចង់ឱ្យអាជ្ញាធរដាក់គុកពួកជនទាំងនេះដោយសារឧក្រិដ្ឋកម្មពួកគេ។