ចិន៖ កាលពីថ្ងៃពុធ ប្រទេសចិន បានរិះគន់សហរដ្ឋអាមេរិកយ៉ាងខ្លាំងចំពោះការដាក់ទណ្ឌកម្មថ្មីៗនេះប្រឆាំងប្រទេសអ៊ីរ៉ង់លើកម្មវិធីចម្រូងចម្រាសនុយក្លេអ៊ែរបស់ប្រទេសនោះ។
អ្នកនាំពាក្យក្រសួងការបរទេសចិន ហុង ឡី បានប្រាប់ពួកអ្នកយកព័ត៌មានក្នុងទីក្រុងប៉េកាំងថា ការសន្ទនានិងការចរចា មិនមានការដាក់ទណ្ឌកម្ម ជាមធ្យោបាយដ៏ល្អបំផុតដើម្បីកាត់បន្ថយការតានតឹងនិងដោះស្រាយជម្លោះ។
ស.រ.អា៖ អ្នកតំណាងរាស្រ្តមីស៊ែល បាចមេននៃរដ្ឋមីនីសូតាបានបញ្ចប់យុទ្ធនាការប្រធានាធិបតីសហរដ្ឋអាមេរិករបស់លោកស្រី ក្នុងពេលប៉ុន្មានម៉ោងបន្ទាប់ពីបានជាប់លេខប្រាំមួយនៅក្នុងការប្រជុំសន្និបាត Caucus របស់គណបក្សសាធារណរដ្ឋនៅរដ្ឋអាយអូវ៉ា។
ស.រ.អា៖ ប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា នឹងធ្វើយុទ្ធនាការដើម្បីជាប់ឆ្នោតជាប្រធានាធិបតីម្តងទៀតនៅរដ្ឋអូហាយ៉ូ ភាគកណ្តាលខាងលិចសហរដ្ឋអាមេរិកកាលពីថ្ងៃពុធ ជាទីកន្លែងដែលលោកប្រធានាធិបតីត្រូវគេរំពឹងនឹងថ្លែងតតាំងនឹងការរិះគន់យ៉ាងខ្លាំងលើនយោបាយសេដ្ឋកិច្ចរបស់លោកនៅពេលដែលការប្រកួតប្រជែងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១២ ក្តៅគគុក។
ស.រ.អា៖ រដ្ឋមន្រ្តីក្រសួងការពារប្រទេសសហរដ្ឋអាមេរិក ឡេអុន ប៉េណាតា ត្រូវគេរំពឹងថានឹងប្រកាសផែនការមួយដែលនឹងបញ្ចប់យុទ្ធសាស្រ្តនៃការថែរក្សាកងទ័ពដែលមានសមត្ថភាពប្រយុទ្ធសង្គ្រាមពីរនៅពេលតែមួយរបស់ក្រសួងការពារប្រទេស។
កូរ៉េខាងជើង៖ អ្នកការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ឃឺត ខាំបេល បានធ្វើការចរចាជាមួយមន្រ្តីជាន់ខ្ពស់ចិន កាលពីថ្ងៃពុធនៅក្រុង ប៉េកាំងស្តីពីស្ថេរភាពនៅក្នុងប្រទេស កូរ៉េខាងជើង ក្រោយមរណភាពរបស់អតីតមេដឹកនាំគីម ជុងអ៊ីល។
តួកគី៖ រដ្ឋមន្រ្តីការបរទេសតួកគី អាមេត ដាវូតុគ្លូ នឹងអញ្ជើញទៅអ៊ីរ៉ង់ ដើម្បីធ្វើការចរចាអំពីកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ។
អាហ្វហ្គានីស្ថាន៖ ប្រធានាធិបតីហាមីដ កាហ្សាយ បានស្វាគមន៍កិច្ចចរចារវាងពួក តាលីបានអាហ្វហ្គានីស្ថាន និងអាមេរិក និងផែនការរបស់ក្រុមបះបោរ អ៊ីស្លាមនេះ ដែលចង់បើកការិយាល័យមួយនៅក្នុងប្រទេសកាតា នៅឈូងសមុទ្រពែក្សផង។