ឥណ្ឌា៖ ហាងកាហ្វេ ស្តារបាក់ស៍ (Starbucks) នឹងបើកហាងជាលើកដំបូងរបស់ខ្លួននៅ ឥណ្ឌានៅឆ្នាំនេះ ដែលជាផ្នែកមួយនៃការរកស៊ីរួមគ្នា៥០ភាគរយទល់នឹង៥០ភាគរយជាមួយក្រុមហ៊ុន ភេសជ្ជៈពិភពលោក តាតា (Tata Global Beverages) នៃប្រទេសនេះ។
សហរដ្ឋអាមេរិក៖ យោងតាមការស្ទង់មតិរបស់វិទ្យាស្ថានបោះឆ្នោតនៃសកលវិទ្យាល័យ ឈីននីផាស (Quinnipiac) លោកមីត រ៉ូមនី បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋរូបនេះកំពុងនាំមុខដោយ៤៣ភាគរយទល់នឹង២៩ភាគរយរបស់លោកញូត ជីងរីក (Newt Gingrich) មុនពេលនៃការបោះឆ្នោតបឋមសំខាន់មួយខាងគណបក្សសាធារណរដ្ឋក្នុងរដ្ឋ ហ្លរីដា (Florida)។
ស៊ីរី៖ កងទ័ពរដ្ឋាភិបាលបានសម្លាប់មនុស្សយ៉ាងហោចណាស់ក៏២៨នាក់ដែរ ភាគច្រើនជាជនស៊ីវិល និងកាន់កាប់តំបន់ជាច្រើននៅជាយក្រុងដាម៉ាសឡើងវិញនៅក្នុងការប្រយុទ្ធជាមួយពួកកងទ័ពសេរីស៊ីរីដែលដឹកនាំការងើបបះបោររយៈពេល១០ខែប្រឆាំងនឹងការគ្រប់គ្រងបែបអត្តធិបតេយ្យរយៈពេល១១ឆ្នាំរបស់ប្រធានាធិបតី បាសារអាលអាសាទ (Bashar al-Assad)។
ចិន៖ ចិនបានធ្វើការប្រឆាំងតវ៉ាជាផ្លូវការមួយដល់ជប៉ុនលើផែនការរបស់រដ្ឋាភិបាលទីក្រុងតូក្យូក្នុងការដាក់ឈ្មោះប្រជុំកោះក្នុងមហាសមុទ្រប៉ាស៊ីហ្វិកដែលរួមបញ្ចូលទាំងប្រជុំកោះ តោយូ (Diaoyu) ឫ សេនកាកឺ (Senkaku) បានទាមទារដោយប្រទេសទាំងពីរ។
អ៊ឺរ៉ុប៖ ពួកមេដឹកនាំអឺរ៉ុបបានចាប់ផ្តើមសន្និសីទកំពូលលើកតំបូងសម្រាប់ឆ្នាំ២០១២របស់ខ្លួននៅក្នុង ព្រុចសែល (Brussels) ដែលមានគោលបំណងធ្វើការត្រួតត្រាការចំណាយថ្មីលើរដ្ឋាភិបាលនិមួយៗ តែក៏កំពុងប្រឈមមុខភាពលំបាកខាងសេដ្ឋកិច្ចរបស់ទ្វីបនោះផងដែរ។
សហភាពអាហ្វ្រិក៖ មេដឹកនាំសហភាពអាហ្វ្រិកបានបរាជ័យក្នុងការជ្រើសរើសប្រធានថ្មីសំរាប់គណកម្មការសហភាពអាហ្វ្រិក កាលពីថ្ងៃច័ន្ទ នៅសន្និសីទកំពូលអាហ្វ្រិកក្នុងរដ្ឋធានី អាឌីសអាបេបា (Addis Ababa) នៅពេលដែលបេក្ខជនទាំងពីរគឺលោកជែន ភីង (Jean Ping) នៃប្រទេសហ្គាបុង និងលោក នកូសាហ្សាណា ដ្លាមីនី ហ្សូម៉ា (Nkosazana Dlamini -Zuma) មិនអាចទទួលបានសំឡេង២ភាគ៣ដែលតម្រូវឲ្យមានដើម្បីទទួលជ័យជំនះ។
សូម៉ាលី៖ កងទ័ពអេត្យូពី បានឆ្លងចូលក្នុងទៅដល់ទីក្រុង ឡូខ (Luq) ក្នុងតំបន់ ជីដូ(Gedo) ភាគនារតីនៃប្រទេស ហើយកំពុងដើឆ្ពោះទៅកាន់ទីតាំងដ៏រឹងមាំដ៏សំខាន់របស់ពួក អាស សាបាប (al-Shabab) ទំនងជាបើកយុទ្ធនាការណ៍ខាងយោធាប្រឆាំងនឹងក្រុមកងជីវពលអ៊ីស្លាម។
សហរដ្ឋអាមេរិក៖ បានប្រាប់ឲ្យដឹងថាប្រាក់ចំណូលរបស់កម្មករអាមេរិកាំងនៅក្នុងខែធ្នូនេះបានកើនឡើង ដែលជាហេតុធ្វើឲ្យមានដាក់ប្រាក់កាន់តែច្រើនចូលក្នុងខ្ទង់គណនីយសន្សំ។
អ៊ឺរ៉ុប៖ អាកាសធាតុកកត្រជាក់បានសម្លាប់មនុស្សយ៉ាងហោចណាស់ក៏១៤នាក់ដែរនៅពាសពេញតំបន់អឺរ៉ុបខាងកើតនៅពេលដែលសីតុណ្ហភាពបានធ្លាក់ចុះក្នុងរយៈពេល ៣ទៅ៤ថ្ងៃកន្លងមកនេះ ហើយត្រូវគេរំពឹងនឹងធ្លាក់ចុះរឹតតែខ្លាំងឡើង។
ន័រវែស៖ តុលាការទីក្រុងអូស្លូនៃប្រទេសន័រវេសបានកាត់ទោសលោកមីខែល ដាវុធ (Mikael Davud) ជាប់ពន្ធនាគារចំនួន៧ឆ្នាំ និងលោក សាវ៉ាន់ សាដេក (Shawan Sadek) ឲ្យជាប់គុក៣ឆ្នាំកន្លះចំពោះការរៀបចំផែនការដាក់គ្រាប់បែកនៅការិយាល័យកាសែតហុល្លង់មួយដែលបានបោះពុម្ភផ្សាយគំនូត្លុកកំប្លែងរបស់ព្យាការី ម៉ូហាម៉ាត់ (Muhammad)។