ស៊ីរី៖ រដ្ឋាភិបាលនៃប្រទេសស៊ីរីដែលជួបបញ្ហាចាក់ច្រែះនោះ បានការពាររដ្ឋធានីរបស់ខ្លួនពីពួកយុទ្ធជនឧទ្ទាមកាលពីថ្ងៃអាទិត្យ ដោយការដាក់ពង្រាយកងកម្លាំងសន្តិសុខនៅពាសពេញទីក្រុងនេះហើយមានពួកទាហានប្រមាណ២០០០នាក់គាំទ្រដោយកងរថក្រោះនិងរថពាសដែកបានធ្វើការវាយលុកមួយដើម្បីវាយយកតំបន់ជាយក្រុងមកវិញ។
អឺរ៉ុប៖ ពួកមេដឹកនាំអឺរ៉ុបបានកំណត់នឹងពិភាក្សាគ្នាអំពីបទបញ្ញត្តិថ្មីៗសម្រាប់ត្រួតពិនិត្យឱនភាពនិងមូលនិធិសង្គ្រោះមួយដែលបានស្នើឡើង នៅពេលដែលពួកគេធ្វើការរិះរកដំណោះស្រាយមួយសម្រាប់វិបត្តិប្រាក់បំណុលក្នុងទ្វីបនេះ។
ចិន៖ ទីភ្នាក់ងារព័ត៌មានផ្លូវការនៃប្រទេសចិនបានឱ្យដឹងថាកម្មករចិន២៩នាក់ដែលត្រូវបានចាប់ជំរិតដោយពួកឧទ្ទាមកាលពីថ្ងៃសៅរ៍នាភាគខាងត្បូងនៃប្រទេសស៊ូដង់នៅតែឋិតក្នុងការឃុំឃាំងនៅទ្បើយ ស្របពេលដែលបណ្តាញផ្សាយព័ត៌មានរបស់រដ្ឋនៃប្រទេសស៊ូដង់បាននិយាយថាពួកយោធាបានរំដោះកម្មករបាន១៤នាក់ហើយ។
អាហ្វហ្គានីស្ថាន៖ ពួកមន្ត្រីតាលីបង់បាននិយាយថាអ្នកចរចារបស់ពួកតាលីបង់អាហ្វហ្គានីស្ថាននឹងជួបប្រជុំជាមួយពួកមន្ត្រីស.រ.អា.នៅក្នុងប្រទេសកាតា ដើម្បីឱ្យមានកិច្ចពិភាក្សាជាលំដាប់មួយ ក្នុងគោលបំណងកសាងទំនុកចិត្តរវាងភាគីទាំងពីរមុនកិច្ចចរចាសន្តិភាពនៅពេលខាងមុខនេះ។
បាគីស្ថាន៖ ប្រទេសបាគីស្ថានបានដកបម្រាមធ្វើដំណើរលើអតីតឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំស.រ.អា.ហើយ ដែលបានឋិតនៅក្រោមការស៊ើបអង្កេតពីរឿងទាក់ទិនរបស់លោកជាមួយនឹងអនុស្សារណៈដ៏ចម្រូងចម្រាសមួយដែលត្រូវបានបញ្ជូនទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន (Washington) ដើម្បីសុំជំនួយពីអាមេរិកក្នុងការរារាំងកុំឱ្យមានរដ្ឋប្រហារយោធាដូចដែលបានអះអាងមួយ។