អេហ្ស៊ីប៖ រដ្ឋអាជ្ញាអេហ្ស៊ីបនឹងជជែកវែកញែកលើកចុងក្រោយរបស់ខ្លួននៅក្នុងការកាត់ទោសអតីតប្រធានាធិបតីហូស្ន៊ី មូបារ៉ាក់។ ការកាត់ទោសអាចនឹងចាប់ផ្តើមនៅថ្ងៃអង្គារនៅតុលាការក្នុងរដ្ឋធានីគែរ។
លោកមូបារ៉ាក់ ត្រូវរងការចោទប្រកាន់ពីអំពើពុករលួយនិងការពាក់ព័ន្ធក្នុងការស្លាប់ពួកបាតុករប្រឆាំងរដ្ឋាភិបាលរាប់រយនាក់ក្នុងអំឡុងពេលនៃបាតុកម្មកាលពីឆ្នាំទៅ ដែលបានទម្លាក់មេដឹកនាំដ៏យូរអង្វែងចេញពីតំណែង។ លោកមិនសារភាពទទួលកំហុសនោះទេ។
កូនប្រុស២នាក់របស់លោកនិងអតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិងមន្រ្តីជាន់ខ្ពស់ក្នុងជួរប៉ូលីសជាចុងចោទរួមដៃ។
កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូង លី ម្យុងបាក់ និយាយថាគាត់មានឱកាសដើម្បីធ្វើឲ្យមានទំនាក់ទំនងកាន់តែប្រសើរឡើងជាមួយកូរ៉េខាងជើង តែលោកព្រមានថាកូរ៉េខាងជើងត្រូវបញ្ចៀសការបង្កហេតុនានា។
សហរដ្ឋអាមេរិក៖ អ្នកប្រកួតប្រជែងតំណែងបេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកខាងគណបក្សសាធារណរដ្ឋកំពុងធ្វើយុទ្ធនាការណ៍នៅនាទីចុងក្រោយនៅក្នុងរដ្ឋ អាយអូវ៉ាភាគកណ្តាល មុនពេលការធ្វើការសាកល្បងការបោះឆ្នោតលើកដំបូងនៅថ្ងៃអង្គារដើម្បីជ្រើសរើសបេក្ខជនចូលរួមការបោះឆ្នោតថ្នាក់ជាតិនៅខែវិច្ឆិកា។
សហរដ្ឋអាមេរិក៖ ភាពអត់ការងារធ្វើនៅក្នុងសហរដ្ឋអាមេរិក បានប្រសើរឡើងកាលពីឆ្នាំទៅ តែនៅតែខ្ពស់ជាងកម្រិតធម្មតា ហើយបានក្លាយជាបញ្ហានយោបាយដ៏សំខាន់មួយមុនពេលបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកា។
អឺរ៉ុប៖ អេស្ប៉ាញបានព្រមានកាលពីថ្ងៃច័ន្ទថាឱនភាពរបស់រដ្ឋាភិបាលកាលពីឆ្នាំទៅ អាចច្រើនជាងតួលេខដែលខ្លួនបានព្យាករណ៍កាលពីប៉ុន្មានថ្ងៃមុន។
ប៉ាគីស្ថាន៖ អង្គការណាតូសង្ឃឹមថានឹងផ្សះផ្សារទំនាក់ទំនងជាមួយប៉ាគីស្ថានយ៉ាងឆាប់រហ័សដើម្បីបើកផ្លូវផ្គត់ផ្គង់ដ៏សំខាន់សម្រាប់កងទ័ពរបស់ខ្លួនដែលកំពុងប្រយុទ្ធនៅអាហ្វហ្គានីស្ថានដែលជាប្រទេសជិតខាងឡើងវិញ។
អ៊ីរ៉ង់៖ រូបិយប័ណ្ណរបស់អ៊ីរ៉ង់បានធ្លាក់ចុះដល់កម្រិតទាបបំផុតបើប្រៀបធៀបនឹងដុល្លាអាមេរិក២ថ្ងៃបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីដែលអាចមានផលប៉ះពាល់ធនាគារកណ្តាលនិងប្រព័ន្ធហិរញ្ញវត្ថុរបស់អ៊ីរ៉ង់។
ស៊ីរី៖ ប្រធានសម្ព័ន្ធអារ៉ាប់ និយាយថាពួកអ្នកលួចឆ្មក់បាញ់និងការបាញ់ប្រហារតបតគ្នានៅតែជាការគម្រាមកំហែងនៅក្នុងទីក្រុងនានានៅស៊ីរី ទោះបីមានវត្តមានពួកអ្នកឃ្លាំមើលរបស់សម្ព័ន្ធអារ៉ាប់ក៏ដោយ។
តូកគី៖ ការផ្ទុះគ្រាប់បែកនៅព្រឹកនេះក្នុងតំបន់ភាគកណ្តាលតួកគីបានសម្លាប់កម្មករនៅឃ្លាំងផ្ទុកគ្រាប់រំសេវ។