អេហ្ស៊ីប៖ សកម្មជនអេហ្ស៊ីបរាប់ពាន់នាក់បានដើរជាក្បួននៅទីលានតារៀរ ក្នុងរដ្ឋធានីក្រុងគែរកាលពីថ្ងៃសុក្រ ដើម្បីធ្វើបាតុកម្មថ្មីៗប្រឆាំងនឹងពួកមេដឹកនាំយោធារបស់អេហ្ស៊ីប មួយឆ្នាំបន្ទាប់ពីទម្លាក់ប្រធានាធិបតីហ៊ូស្នី មូបារ៉ាក់ចេញពីអំណាច។
សហរដ្ឋអាមេរិក៖ សេដ្ឋកិច្ចអាមេរិក ដែលធំជាងគេបង្អស់របស់ពិភពលោកបានរីកចម្រើនក្នុងជំហានដ៏លឿនបំផុតក្នុងរយៈពេលមួយឆ្នាំកន្លះមកដល់ឆ្នាំ២០១១នេះ តែសំណួរសួរថាតើការជឿនលឿននេះនឹងបន្តក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀតឬទេ។
អឺរ៉ុប៖ ពួកមន្ត្រីអឺរ៉ុបកំពុងសម្តែងនូវសុទិដ្ឋិនិយមថាក្រិក នឹងបញ្ចប់កិច្ចព្រមព្រៀងក្នុងពេលឆាប់ៗនេះជាមួយម្ចាស់បំណុលឯកជនរបស់ខ្លួនដើម្បីកាត់បំណុលចំនួន១៣០ពាន់លានដុល្លារបស់ខ្លួន។
ទីបេ៖ អង្គការសិទ្ធិមនុស្សទីបេ និយាយថាកងកម្លាំងសន្តិសុខចិន បានបាញ់ទៅលើហ្វូងបាតុករនៅក្នុងខេត្តស៊ីឈួន ភាគនារតីនៃប្រទេសចិនដោយសម្លាប់បុរសម្នាក់ហើយនឹងធ្វើឲ្យមនុស្ស៣នាក់ទៀតរងរបួស។
បារាំង៖ លោកហាមីដ កាហ្សាយ ប្រធានាធិបតីអាហ្វហ្គានីស្ថាន បានជួបជាមួយលោក នីកូឡាស សាកូហ្ស៊ី ប្រធានាធិបតីបារាំងកាលពីថ្ងៃសុក្រ គឺមួយសប្តាហ៍បន្ទាប់ពីមេដឹកនាំបារាំង បានគម្រាមដកកងទ័ពរបស់លោកចេញពីអាហ្វហ្គានីស្ថាននៅពេលឆាប់ៗនេះ។
ស៊ីរី៖ អំពើហិង្សានៅស៊ីរីបានរាលដាលកាន់តែធំឡើងកាលពីថ្ងៃសុក្រ ដោយធ្វើឲ្យចំនួនមនុស្សស្លាប់ឡើងទៅដល់ជាង៧០នាក់ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ នៅពេលដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិព្យាយាមទប់ស្កាត់ការបង្ហូរឈាម។
អ៊ីរ៉ង់៖ លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ កំពុងជំរុញឲ្យ អ៊ីរ៉ង់បន្តការចរចាជាមួយប្រទេសលោកខាងលិច ដែលសង្ស័យថាអ៊ីរ៉ង់កំពុងធ្វើកម្មវិធីអាវុធនុយក្លេអ៊ែរ។ រដ្ឋាភិបាលទីក្រុងតហេរ៉ង់និយាយយ៉ាងទទូចថាកម្មវិធីបរមាណូរបស់ខ្លួនគឺក្នុងគោលបំណងសន្តិភាពតែប៉ុណ្ណោះ។
អ៊ីរ៉ាក់៖ មន្រ្តីអ៊ីរ៉ាក់និយាយថាមានមនុស្សយ៉ាងហោចណាស់ក៏៣១នាក់ដែរបានត្រូវសម្លាប់កាលពីថ្ងៃសុក្រ នៅពេលដែលគ្រាប់បែកផ្ទុកក្នុងរថយន្តបានផ្ទុះនៅជិតពិធីបុណ្យសពនៅក្នុងសង្កាត់ដ៏សំខាន់មួយរបស់ពួកនិកាយស៊ីអ៊ីត នៅក្នុងរដ្ឋធានីអ៊ីរ៉ាក់។