ភូមា៖ ក្រុមអង្គការការពារសិទ្ធិមនុស្សអន្ដរជាតិនិយាយថាភូមាបានបង្ហាញសញ្ញានៃការកែទម្រង់នៅឆ្នាំ២០១១ តែមិនបានដោះស្រាយបញ្ហាធ្ងន់ធ្ងរនៃការរំលោភលើសិទ្ធិមនុស្សទេ។ ក្នុងសេចក្ដីរាយការណ៍ផ្សព្វផ្សាយកាលពីថ្ងៃអាទិត្យ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch នៃទីក្រុងញូវ យ៉កបានឲ្យតម្លៃទៅរដ្ឋាភិបាលភូមាដែលបានដោះលែងអ្នកទោសនយោបាយជាច្រើនរយនាក់ តែបានអំពាវនាវឲ្យមានដំណើរការឯករាជ្យដើម្បីវាស់វែងស្ថានការណ៍និងទីកន្លែងរបស់អ្នកទោសដទៃ។
ជប៉ុន៖ ក្រុមអ្នកជំនាញពីអង្គការថាមពលបរិមាណូរបស់អង្គការសហប្រជាជាតិ បានចាប់ផ្ដើមធ្វើទស្សនកិច្ចមួយសប្ដាហ៍នៅជប៉ុន តាមសេចក្ដីស្នើសុំរបស់រដ្ឋាភិបាល ដើម្បីជួយធ្វើការវាស់វែងសុវត្ថិភាពនៅក្នុងរោងចក្រនុយក្លេអ៊ែរជប៉ុន។
អ៊ីរ៉ង់៖ សហភាពអឺរ៉ុបបានចេញច្បាប់ហាមប្រាមមិនឲ្យទិញប្រេងពីអ៊ីរ៉ង់ ហើយបានរំាងខ្ទប់ទ្រព្យសម្បត្ដិរបស់ធនាគារកណ្ដាលរបស់ប្រទេសនោះ។ នេះជាផ្នែកមូយនៃយុទ្ធនាការរបស់បស្ចិមប្រទេសដែលដាក់សម្ពាធ មកលើរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ ដើម្បីឲ្យព្យួរកម្មវិធីនុយក្លេអ៊ែរដ៏ចម្រូងចម្រាស់មួយ។
កែនយ៉ា៖ តុលាការឧក្រិដ្ឋកម្មអន្ដរជាតិបានចេញដីកាកោះហៅឲ្យជនជាតិកែនយ៉ាល្បីឈ្មោះ៤នាក់មកឲ្យតុលាការកាត់ក្ដីពីបទចោទប្រកាន់ថា ជនទាំងនោះបានជួយរៀបចំបង្កើតអំពើឃោរឃៅអស់រយៈពេល៤ ឆ្នាំក្រោយពីការបោះឆ្នោតថ្នាក់ជាតិ។
ស៊ីរី៖ បានបដិសេធសេចក្ដីស្នើជាថ្មីរបស់សម្ព័ន្ធភាពអារ៉ាប់ដើម្បីបញ្ចប់ការបះបោររយៈពេល១០ខែប្រឆាំងរដ្ឋាភិបាលស៊ីរី។ សេចក្ដីស្នើដែលផ្ដើមគំនិត ទទួលការយល់ព្រមពីក្រុមរដ្ឋមន្ដ្រីការបរទេសនៃសម្ព័ន្ធភាពអារ៉ាប់ ក្នុងទីក្រុងគែរ កាលពីថ្ងៃអាទិត្យតម្រូវឲ្យប្រធានាធិបតីស៊ីរី គឺលោកបាសា អាល់ អាសាដ Bashar Al Assad បង្វែរអំណាចទៅឲ្យអនុប្រធានាធិបតីរបស់លោក ហើយអនុញាតឲ្យមានការបង្កើតរដ្ឋាភិបាលសាមគ្គីជាតិមូយ ចូលរួមដោយក្រុមប្រឆាំងក្នុងរយៈពេល ពីរខែបន្ទាប់។
អេហ្ស៊ីប៖ សភាជាន់ទាបថ្មីទើបបានត្រូវតែងតាំងនៅក្នុងប្រទេសអេហ្ស៊ីប បានបើកកិច្ចប្រជុំលើកដំបូង ដោយមានអ្នកតាក់តែងច្បាប់ភាគច្រើន មកពីគណបក្សអ៊ីស្លាមចាប់តាំងពីមានការបះបោរបណ្ដេញប្រធានាធិបតីកាន់អំណាចផ្ដាច់ការ ហ៊ុសនី មូបារ៉ាក់ចេញពីអំណាចកាលពីមូយឆ្នាំមុន ។
ប៉ាគីស្ថាន៖ យោធាបានច្រានចោលជាផ្លូវការនូវលទ្ធផលការស៊ើបអង្កេតរបស់សហរដ្ឋអាមេរិកអំពីការវាយប្រហារដោយយន្ដហោះ អូតង់ កាលពីឆ្នាំមុនដែលបណ្ដាលឲ្យស្លាប់ទាហានបាគីស្ថាន២៤នាក់នៅតាមព្រំដែនជាមួយអាហ្វហ្គានីស្ថាន។
រុស្ស៊ី៖ មន្ដ្រីរៀបចំការបោះឆ្នោតជាតិនិយាយថាមេដឹកនាំគណបក្សប្រឆាំងគឺលោក ហ្រ្គ៊ីហ្គោរី យ៉ាវលីនស្គី Grigory Yavlinsky បានត្រូវហាមឃាត់មិនឲ្យឈរឈ្មោះប្រកួតតទល់លោក វ្លាឌីមៀរ ពូទីន ដោយសារតែលោកមានបញ្ហាក្នុងការចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត។
សហរដ្ឋអាមេរិក៖ ការប្រកួតដណ្ដើមយកបេក្ខភាពប្រធានាធិបតី នៃគណបក្សសាធារណរដ្ឋ បានវិលមកកាន់រដ្ឋហ្វ្លរីដា Florida ដែលមានមនុស្សរស់នៅច្រើនសន្ធឹក ដែលនឹងធ្វើការដេញដោលគ្នាជាលើកទី១៨រវាងបេក្ខជនសេសសល់នៅយប់ថ្ងៃច័ន្ទ។