ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ២៣ មករា​


អ្នកលក់ដូរ​ម្នាក់រុញរទេះ​ដែល​ផ្ទុក​ដោយ​មាន់​នៅផ្សារមួយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០០៩ នៅក្រុងសៀងហៃ ប្រទេស​ចិន។
អ្នកលក់ដូរ​ម្នាក់រុញរទេះ​ដែល​ផ្ទុក​ដោយ​មាន់​នៅផ្សារមួយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០០៩ នៅក្រុងសៀងហៃ ប្រទេស​ចិន។

​ចិន៖ ​បាន​រាយការណ៍​អំពី​មនុស្ស​ទី​ពីរ​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​ក្នុង​រយៈពេល​តិច​ជាង​មួយ​ខែ​កាលពី​ថ្ងៃ​អាទិត្យ ​នៅ​ក្រោយ​ការ​ស្លាប់​នៃ​មនុស្ស​ម្នាក់​នៅវៀតណាម​និង​ក្មេង​តូច​ម្នាក់នៅកម្ពុជា។​ ពួក​មន្ត្រី​និយាយ​ថា​អ្នក​ជំងឺ​ថ្មី​ៗ​បំផុត​នេះ​បាន​ស្លាប់​កាល​ពី​ថ្ងៃ​អាទិត្យ​នៅខេត្ត​គុយស៊ូ Guizhou នា​ផ្នែក​និរតី​នៃ​ប្រទេស​ចិន ​នៅ​ក្រោយ​ពី​គាត់​បាន​ទៅ​សំរាកឯ​មន្ទីរ​ពេទ្យ​កាល​ពី​ថ្ងៃ​ទី៦​ខែ​មករា​។ ​គេ​រាយការណ៍​ថា​បុរស​អាយុ​៣៩​ឆ្នាំ​រូប​នេះ​គ្មានការ​ប៉ះពាល់​ដោយ​ផ្ទាល់​ជាមួយ​មាន់​ទា​ទេ​។

ភូមា៖ សមាជិក​សំខាន់​ម្នាក់​នៃ​ព្រឹទ្ធសភាអាមេរិកបាន​និយាយ​ថាសហរដ្ឋ​អាមេរិក​ពេញចិត្ត​នឹងការ​ជឿនលឿន​ថ្មី​ៗ​នេះ​ឆ្ពោះ​ទៅ​កាន់​ការ​កែ​ទម្រង់​ប្រជាធិបតេយ្យនៅ ភូមា តែលោក​បាន​ថ្លែង​ដែរ​ថា​រដ្ឋាភិបាល​ស៊ីវិល​ថ្មី​ភូមា​ត្រូវ​តែ​ធ្វើ​ឲ្យ​ប្រាកដ​ប្រជា​អំពី​ការ​បោះឆ្នោត​ «ដោយ​សេរី​និង​យុត្តិធ៌ម» ក្នុង​ខែ​មេសា​ខាង​មុខ​នេះ​។​ លោក​ចន ម៉ាកខេន John McCain សមាជិក​ជាន់​ខ្ពស់​នៃ​គណៈកម្មាធិការ​សេវាកម្ម​កង​ប្រដាប់​អាវុធ​របស់​ព្រឹទ្ធសភាអាមេរិកបាន​មាន​ប្រសាសន៍​ដូច​ខាង​លើ​កាល​ពី​ថ្ងៃ​អាទិត្យ​ក្នុង​ក្រុង​រ៉ង់ហ្គូន​ ក្រោយ​ជំនួប​ជាមួយ​លោក​ប្រធានាធិបតី ធាន​ ស៊ាន​ Thein Sein និង​ការ​ជួប​ដាច់​ដោយ​ឡែក​ពី​គ្នា​ជាមួយ​លោកស្រី​អោង ​សានស៊ូជី ​មេដឹកនាំ​ក្រុម​ប្រឆាំង​និង​ជា​អ្នក​ការពារ​លទ្ធិប្រជាធិបតេយ្យ​។

ស៊ីរី​៖ អារ៉ាប៊ី សាអូឌីត និយាយ​ថា​ខ្លួន​ដក​ពួក​អ្នក​សង្កេតការ​របស់​ខ្លួន​ចេញ​ពី​ ស៊ីរី​ជា​ការ​តវ៉ា​នឹង​អ្វី​ដែល​ខ្លួន​ហៅ​ថា​ជា​បរាជ័យ​របស់​រដ្ឋាភិបាល​ស៊ីរី​ក្នុង​ការ​គោរព​តាម​ផែនការ​របស់​សម្ព័ន្ធ​អារ៉ាប់​ដើម្បី​បញ្ឈប់​ការ​បង្ក្រាប​ដ៏​ឃោរឃៅ​លើ​ការ​បះ​បោរ​របស់​ក្រុម​ប្រឆាំង​ដែល​មាន​រយៈពេល​១០​ខែ​មក​ហើយ។​

លីប៊ី៖ អនុប្រធាន​នៃក្រុមប្រឹក្សា​ជាតិ​អន្តរកាល​របស់​ប្រទេស​លីប៊ី​និយាយ​ថា​លោក​លាលែង​ចេញ​ពី​តំណែង ​មួយ​ថ្ងៃ​ក្រោយ​ពី​ពួកបាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាល​បាន​ចូល​លុក​ក្នុង​ការិយាល័យ​របស់​អង្គការ​គ្រប់​គ្រង​ប្រទេស​នេះ​នៅ​ក្នុង​ក្រុង​បេងហ្កាហ្ស៊ី នា​ប៉ែក​ខាង​កើត​ប្រទេស។

យេម៉ែន៖ ពួកមន្ត្រី​យេម៉ែន និយាយ​ថា​លោក​ប្រធានាធិបតី​អាលី អាប់ឌុលឡា សាឡេះ Ali Abdullah Saleh បាន​ធ្វើ​ដំណើរ​ចាក​ចេញ​ ពី​ប្រទេស​ដើម្បី​ទៅ​ព្យបាល​របួសនៅ​សហរដ្ឋអាមេរិក ដោយ​លោក​បាន​សន្យា​ថា​នឹង​វិល​ត្រទ្បប់​ទៅ​កាន់​ យេម៉ែនវិញ​ដើម្បី​បន្ត​ដឹកនាំ​គណបក្ស​គ្រប់គ្រង​ប្រទេស​របស់​លោក។​

នីហ្សេរីយ៉ា៖ លោកប្រធានាធិបតី​នី​ហ្សេរីយ៉ាហ្គោដឡាក់ ចូណាថាន Goodluck Jonathan ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​កាណូ Kano នា​ប៉ែក​ខាង​ជើង​ប្រទេស​កាលពី​ថ្ងៃ​អាទិត្យ ​នៅ​ពេល​ដែល​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ការ​វាយ​ប្រហារ​មាន​ការ​សម្របសម្រួល​កាលពី​ថ្ងៃ​សុក្រ​ដោយ​ពួក​ជនសកម្មប្រយុទ្ធបូកូ ហារ៉ាម​ Boko Haram នៅ​តែ​កើន​ទ្បើង​ច្រើន​ថែម​ទៀត។

សហរដ្ឋអាមេរិក៖ លោក​ មិត រមនី Mitt Romney ដែល​ជា​អ្នក​សង្ឃឹម​ថា​នឹង​ក្លាយ​ទៅ​ ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​និយាយ​ថា​លោក​នឹង​ផ្សាយ​ឲ្យ​ដឹង​អំពី​ឯកសារ​ពន្ធដារ​របស់​លោក​ក្នុង​ពេល​ពីរ​ឆ្នាំ​មុន​នេះ​នៅ​សប្តាហ៍​នេះ​ ដោយ​លោក​បាន​និយាយ​ថា​វា​ជា​កំហុស​ក្នុង​ការ​ឃោសនា​បោះឆ្នោត​របស់​លោក​ដែល​មិន​បាន​ធ្វើដូច្នេះ​កាល​ពី​ពេល​មុន​។

វីដេអូថ្មីៗបំផុត

XS
SM
MD
LG