ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ២ មករា


នាយករដ្ឋមន្រ្តី​ឥណ្ឌា ម៉ាណូហាន ស៊ីញ នៅ​ខាងស្តាំង និង​នាយករដ្ឋមន្រ្តី​ជប៉ុន ខាងឆ្វេង ក្នុង​រូបថតមុនពេល​កិច្ចពិភាក្សា​មួយ​នៅក្រុងញូដេលី ឥណ្ឌា ថ្ងៃទី២៨ ធ្នូ ២០១១។
នាយករដ្ឋមន្រ្តី​ឥណ្ឌា ម៉ាណូហាន ស៊ីញ នៅ​ខាងស្តាំង និង​នាយករដ្ឋមន្រ្តី​ជប៉ុន ខាងឆ្វេង ក្នុង​រូបថតមុនពេល​កិច្ចពិភាក្សា​មួយ​នៅក្រុងញូដេលី ឥណ្ឌា ថ្ងៃទី២៨ ធ្នូ ២០១១។

ឥណ្ឌា៖ នឹង​បើក​ឲ្យ​អ្នក​វិនិយោគ​ទុន​ជាបុគ្គល​បរទេស​ធ្វើការ​ជួញ​ដូរ​ក្នុង​ផ្សារ​ភាគហ៊ុនជា​លើក​ដំបូង ​នៅ​ក្នុង​ការ​ចាត់​វិធានការ​មួយដើម្បី​ទាក់​ទាញ​ប្រាក់​បរទេស​ថែម​ទៀត​។ រដ្ឋាភិបាល​ឥណ្ឌា​បាន​និយាយកាល​ពី​ថ្ងៃ​អាទិត្យថាខ្លួន​នឹង​អនុញ្ញាត​ឱ្យ​ពួក​អ្នក​បណ្តាក់​ទុន​បរទេស​ដែល​មាន​លក្ខណៈ​សម្បត្តិគ្រប់គ្រាន់វិនិយោគ​ដោយ​ផ្ទាល់​ក្នុង​ផ្សារ​លក់​ដូរ​ហ៊ុន​ដើម្បី ​«​ពង្រីក​ក្រុម​អ្នក​បណ្តាក់​ទុន​ ទាក់​ទាញ​មូលនិធិ​បរទេស​ថែម​ទៀត​និង​កាត់​បន្ថយ​ភាព​ប្រែប្រួល​នៃ​ផ្សារ​លក់​ដូរ​ហ៊ុន​។​» ​បទ​បញ្ញត្តិ​ថ្មី​នេះ​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី ១៥​ខែ​មករា។​

សកលលោក​៖ មាន​ការ​អុជ​កាំជ្រួចភ្លឺ​ចិញ្ចាច​ចាប់​តាំង​ពី​ក្រុង​ស៊ីដនីដល់​ញូវយ៉ក និង​រដ្ឋធានី​នៅ​ទូទាំង​ពិភពលោក ​នៅខណៈ​ដែល​មនុស្ស​រាប់​សិប​លាន​នាក់​បាន​ស្វាគមន៍​ការ​ឈាន​ចូល​ឆ្នាំ​២០១២ ​ជាមួយ​ការ​ប្រារព្ធ​ដ៏​អធឹក​អធម ការ​សូត្រ​ធម៌​បួងសួង​និង​សេចក្តី​សង្ឃឹម​សម្រាប់​អនាគត​ល្អ​ប្រសើរ​ជាង​មុន​។​

សហរដ្ឋអាមេរិក នៅ​ពេល​ដែល​ឆ្នាំ​ថ្មី​បាន​ឈាន​ចូល​ដល់​ក្នុង​រដ្ឋ​អាយអូវ៉ា​ ដែល​មាន​ធាតុអាកាស​ត្រជាក់​ ពួក​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​មាន​សកម្មភាព​មមាញឹក​ដោយ​ពួក​គេ​ជាប់​រវល់​ក្នុង​ការ​ទាក់​ទាញ​ទឹក​ចិត្ត​ក្រុម​អ្នក​បោះឆ្នោត​ក្នុង​២​ថ្ងៃ​មុន​ការ​ធ្វើ​សាកល្បង​ដ៏​ធំ​លើក​ទី​មួយ​នៅ​ក្នុង​ដំណើរការ​តែងតាំង​បេក្ខជន​របស់​គណបក្ស​។​

អ៊ីរ៉ង់​៖ បាន​និយាយ​ថា​ខ្លួន​បាន​ធ្វើការ​ពិសោធន៍​ដោយ​ជោគជ័យ​និង​បាន​ផលិត​បំពង់​ឥន្ធនៈ​បរមាណូ​សម្រាប់​ប្រើ​ប្រាស់​ក្នុង​រោង​ចក្រ​បរមាណូ​។ ​អ៊ីរ៉ង់​ក៏​បាន​និយាយ​ដែរ​ថាខ្លួន​បាន​សាកល្បង​បាញ់​កាំជ្រួច​មីស៊ីល​តម្រង់ទៅ​លើ​អាកាស​មាន​រយៈ​ចម្ងាយ​មធ្យម​មួយ​នៅ​ជិត​ច្រក​សមុទ្រ​យុទ្ធ​សាស្ត្រហរមុស។

បារ៉ែន​៖ សាក្សី​ឃើញ​ហេតុការណ៍​ដោយ​ផ្ទាល់​និយាយ​ថា​ប៉ូលីស​ទប់​ទល់​នឹង​កុបករ​នៅ​ក្នុង​ប្រទេស​បារ៉ែន​ដែល​គ្រប់គ្រង​ដោយ​និកាយ​ស៊ូនី បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​និង​បោះ​គ្រាប់​បែក​បញ្ឈប់​សកម្មភាព ​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​កាលពី ​ថ្ងៃ​អាទិត្យ​ជា​មួយ​ក្រុម​អ្នក​គាំ​ទ្រ​ការប្រឆាំង​និកាយ​ស្ហ៊ីអ៊ីត​ នៅ​ក្រោយ​ពិធី​បុណ្យ​សព​បាតុករ​ម្នាក់​អាយុ​១៥​ឆ្នាំ​ដែល​បាន​ត្រូវ​សម្លាប់​មួយ​ថ្ងៃ​មុន​នោះ។

រុស្ស៊ី៖ ក្រុម​សកម្មជន​ប្រឆាំង​ដែល​ស្រែក​បន្ទរ​ពាក្យ​ស្លោក​ថា «ប្រទេស​រុស្ស៊ី​នឹង​មាន​សេរីភាព» ​បាន​ធ្វើ​បាតុកម្ម​នៅ​ក្នុង​ទីលាន​ជ័យ​ជំនះ​ក្រុងម៉ូស្គូ​កាល​ពី​ថ្ងៃ​សៅរ៍​ដើម្បី​តវ៉ា​ទាមទារ​សិទ្ធិ​របស់​ពួក​គេ​ក្នុង​ការ​ប្រមូល​ផ្តុំ​គ្នា​ដែល​ត្រូវ​បានធានា​ដោយ​មាត្រា​៣១​នៃ​រដ្ឋធម្មនុញ្ញ​រុស្ស៊ី។

នីហ្សេរីយ៉ា៖ កង​រថក្រោះ​និង​ក្រុម​ទាហានយាម​ល្បាត​នៅ​ក្នុងផ្នែកនានា​នៃ​ភាគ​ខាង​ជើង​របស់នីហ្សេរីយ៉ា ក្រោយ​ពី​ប្រធានាធិបតី​នៃប្រទេស​នេះ​បាន​ប្រកាស​ស្ថានភាព​គ្រា​មាន​អាសន្ន​នៅ​ក្នុង​តំបន់​ទាំង​ទ្បាយ​ដែល​មាន​ការ​វាយ​ប្រហារ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ដោយ​ពួក​សកម្មប្រយុទ្ធ​អ៊ីស្លាម​និយម។​

XS
SM
MD
LG