វៀតណាម៖ កសិករវៀតណាមម្នាក់ក្លាយទៅជាជនរងគ្រោះទីមួយស្លាប់ដោយជំងឺគ្រុនផ្ដាសាយបក្សី (H5N1) នៅក្នុងប្រទេសវៀតណាមក្នុងរយ:ពេលជិតពីរឆ្នាំ។ ព្រមពេលនេះដែរមានសេចក្ដីរាយការណ៍មួយថាមានអ្នករងគ្រោះម្នាក់បានស្លាប់នៅប្រទេសកម្ពុជា។
បាគីស្ថាន៖ លោក យូសូវ រ៉ាសា ហ្គីឡានី (Yusuf Raza Gilani) នាយករដ្ឋមន្ដ្រីបាគីស្ថាន បានបង្ហាញខ្លួនមុខតុលាការកំពូល ដើម្បីប្រឈមនឹងការចោទថា លោកមិនស្ដាប់បង្គាប់ចៅក្រម។ ដោយមានវត្ដមានកងសន្ដិសុខជាច្រើននៅតុលាការក្នុងថ្ងៃព្រហស្បតិ៍នេះ លោកហ្គីឡានីបានការពារសេចក្ដីសម្រេចរបស់លោក ដែលមិនសុំឲ្យអាជ្ញាធរស្វ៊ីសបើករឿងពុករលួយទសវត្សរ៍១៩៩០ប្រឆាំងលោកប្រធានាធិបតី អាស៊ីហ្វអាលីហ្សារដារី (Asif Ali Zardari) សាជាថ្មី។ លោកហ្គីឡានីនិយាយថា ក្នុងនាមជាប្រមុខរដ្ឋ ប្រធានាធិបតីហ្សារដារីមានអភ័យឯកសិទ្ធិ។
ស៊ីរី៖ ក្រុមអ្នកឃ្លាំមើលនៃសម្ព័ន្ធភាពអារ៉ាប់កំពុងតែរៀបចំរាយកាណ៍អំពីស្ថានការណ៍នៅប្រទេសស៊ីរី ក្រោយពីបានទៅធ្វើបេសកកម្មមួយខែនៅទីនោះ ដើម្បីពិនិត្យមើលការខំប្រឹងប្រែងរបស់រដ្ឋាភិបាលអនុវត្ដផែនការបញ្ឈប់ការបង្ក្រាបយ៉ាងបង្ហូរឈាមទៅលើការបះបោររយ:ពេល១០ខែ។
អ៊ីតាលី៖ នៅថ្ងៃព្រហស្បតិ៍ក្រុមអ្នកមុជទឹកអ៊ីតាលីស្វែងរកជាថ្មីទៀតមនុស្សយ៉ាងតិច២១នាក់ដែលបាត់ខ្លួនដោយសារនាវាកម្សាន្តមួយដែលគឿងនៅឆ្នេរសមុទ្រភាគពាយ័ព្យនៃប្រទេសអ៊ីតាលី។
ចិន៖ លោកលី ទៀ (Li Tie) អ្នកនិពន្ធនិងជាសកម្មជនប្រជាធិបតេយ្យបានទទួលសាលក្រមឲ្យជាប់ពន្ធនាគារ១០ឆ្នាំ ក្រោយពីបានសរសេរបទនិពន្ធមួយចំនួនសុំឲ្យពលរដ្ឋការពារសិទ្ធិរបស់ខ្លួន។
ចិន៖ លោកនាយករដ្ឋមន្រ្តីចិន វ៉ិន ជាបាវ (Wen Jiabao) និយាយថាលោកជំទាស់នឹងសកម្មភាពជ្រុលហួសទាំងអស់របស់ប្រទេសអ៊ីរ៉ង់ ដែលចង់បិទច្រកសមុទ្រហរមូស (Hormuz)។
បង់ក្លាដែស៖ ក្រុមមន្ដ្រីយោធានៅប្រទេសបង់ក្លាដែសឲ្យដឹងថា គេបានរកឃើញការឃុបឃិតមួយរបស់ក្រុមអ្នកកាន់សាសនមានជំនឿជ្រុលហួសចង់រំលំរដ្ឋាភិបាល។
សូម៉ាលី៖ អង្គការគ្រូពេទ្យគ្មានព្រំដែន (Doctors Without Borders) ដែលមានទីស្នាក់ការនៅស.រ.អ.ឲ្យដឹងថា ខ្លួនបិទមជ្ឈមណ្ឌលពេទ្យធំៗពីរនៅរដ្ឋធានីនៃប្រទេសសូម៉ាលីហើយ ក្រោយពីបុគ្គលិកពីរនាក់របស់ខ្លួនត្រូវបានសម្លាប់កាលពីខែមុន។ អង្គការនេះឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ថាខ្លួនបានបិទមជ្ឈមណ្ឌលមួយមានគ្រែសម្រាប់អ្នកជំងឺចំនួន១២០គ្រែនៅសង្កាត់ហូដាននៃទីក្រុងម៉ូហ្គាឌីស្យូ។