ប៉ាគីស្ថាន៖ ជនប្រដាប់អាវុធនៅតំបន់ពាយ័ព្យបាគីស្ថានបានបាញ់សម្លាប់អ្នកកាសែតធ្វើការឲ្យវិទ្យុសម្លេងសហរដ្ឋអាមេរិក។ មូការ៉ាម ខាន់ អាទីហ្វ Mukarram Khan Aatif ដែលធ្លាប់រាយកាណ៍ឲ្យវិទ្យុវីអូអេ ឌីវ៉ា Deewa radio បានរងគ្រោះពីការវាយប្រហារកាលពីថ្ងៃអង្គារ នៅក្នុងវិហារម៉ូស្ក ជិតផ្ទះរបស់គាត់ ក្នុងស្រុកស្ហាបកាដារ Shabqadar ចម្ងាយប្រមាណ៣៥គីឡូម៉េត្រពីទីក្រុងប៉េស្សាវ៉រ។
កូរ៉េខាងត្បូង៖ មន្ដ្រីថ្នាក់ខ្ពស់អាមេរិក កូរ៉េខាងត្បូង និងប្រទេសជប៉ុនបានប្រជុំគ្នា កាលពីថ្ងៃអង្គារនេះនៅរដ្ឋធានីវ៉ាស៊ីនតោនដើម្បីផ្ដោតទៅលើការចរចា៦ភាគីលើ កម្មវិធីនុយក្លេអ៊ែរ របស់កូរ៉េខាងជើង។
អ្នកការទូតទាំងនោះបានប្រជុំគ្នាដើម្បីរៀបចំវិធានការទៅមុខនៅក្នុងកិច្ចចរចាភាគី ៦ប្រទេស ជាលើកទីមួយចាប់តាំងពីមរណភាពរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម យុងអ៊ីលកាលពីខែមុន។
ភូមា៖ មេដឹកនាំសម្លេងភាគច្រើននៅក្នុងព្រឹទ្ធសភាអាមេរិក លោក មីត្យ ម៉ាកខុនណែល Mitch McConnell ថ្លែងនៅថ្ងៃអង្គារនេះថាមន្ដ្រីអាមេរិកនឹងទទួលឥទ្ធពលខ្លាំងពីទស្សនៈរបស់មេដឹកនាំនិយមលទ្ធិប្រជាធិបតេយ្យភូមា អោង សាន សូជី ថាតើត្រូវបន្ធូរការដាក់ទណ្ឌកម្មសេដ្ឋកិច្ច មកលើប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍នោះឬទេ?
អ៊ីតាលី៖ ខ្សែអាត់ថតសម្លេង ចេញពីការឆ្លើយឆ្លងគ្នារវាង កងឆ្មាំការពារឆ្នេរសមុទ្រអ៊ីតាលី និងមេបញ្ជាការនាវាកំសាន្ដប្រណិតដែលក្រឡាប់បង្ហាញឲ្យឃើញថា មេបញ្ជាការនាវិកនោះបដិសេធមិនស្ដាប់បញ្ជាឲ្យវិលមកកាន់នាវាវិញ។
យេម៉ែន៖ រដ្ឋមន្ដ្រីការបរទេសយេម៉ែនថ្លែងថា ការបោះឆ្នោតដែលគ្រោងធ្វើនៅខែក្រោយដើម្បីជ្រើសរើសប្រធានាធិបតីជំនួសមេដឹកនាំដែលមានបញ្ហាគឺលោកអាលី អាប់ឌុលឡា សាឡេះ Ali Abdullah Saleh អាចបានត្រូវពន្យាពេលដោយបញ្ហាសន្ដិសុខក្នុងប្រទេស។
ស៊ីរី៖ អំពើឃោរឃៅបានផ្ទុះឡើងនៅស៊ីរី ឯសមាជិកបស្ចិមប្រទេសនៃក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ បានប៉ះទង្គិចជាមួយរុស្ស៊ីអំពីមធ្យោបាយដើម្បីបញ្ឈប់ការបង្ហូរឈាម ក្នុងការបះបោររយៈពេល ១០ខែប្រឆាំងប្រធានាធិបតី បាសា អាល់អាសាដ Bashar Al Assad។
កាហ្សាក់ស្ថាន៖ ក្រុមបាតុករច្រើនរយនាក់នៅកាហ្សាក់ស្ថាន កាលពីថ្ងៃអង្គារបាននាំគ្នាតវ៉ាប្រឆាំងការបោះឆ្នោតដែលគេចោទថា ជាការកេងបន្លំសន្លឹកឆ្នោតដែលផ្ដល់សម្លេងភាគច្រើននៅក្នុងរដ្ឋសភាឲ្យ គណបក្សដឹកនាំប្រទេស របស់ ប្រធានាធិបតីនឹស៊ុលតាន ណាហ្សាបាយេវ Nursultan Nazarbayev ។
រុស្ស៊ី៖ និយាយថាបរាជ័យនៃយានអវកាសរុករករបស់ខ្លួន ដែលមានទិសដៅទៅរកព្រះច័ន្ទ នៃភពព្រះអង្គារអាចមានមូលហេតុមកពី វិទ្យុសកម្មចេញពីរ៉ាដារបស់អាមេរិក។
អ៊ីរ៉ង់៖ និយាយថា មន្ដ្រីនុយក្លេអ៊ែរ ថ្នាក់ខ្ពស់របស់អង្គការសហប្រជាជាតិនឹងធ្វើដំណើរទៅអ៊ីរ៉ង់ នៅចុងខែនេះដើម្បីវែកញែកអំពីការព្រួយបារម្ភរបស់ខ្លួនចំពោះកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។