អ៊ីតាលី៖ ម្ចាស់នាវាកម្សាន្តអ៊ីតាលី កូស្តា ខនខរដៀ (Costa Concordia) ដែលបានគឿងកាលពីថ្ងៃសុក្រកន្លងទៅនេះនិងបានបណ្តាលឱ្យមនុស្សយ៉ាងតិចណាស់៦នាក់ស្លាប់នោះ បាននិយាយថា កាពីទែននៃកប៉ាល់នេះមាន"កំហុសក្នុងការសម្រេចចិត្ត"។
នីហ្សេរីយ៉ា៖ លោកប្រធានាធិបតី ហ្គូឡាក់ ចូណាថាន់ (Gooluck Jonathan) នៃប្រទេសនីហ្សេរីយ៉ា (Nigeria) បានប្រកាសថារដ្ឋាភិបាលលោកនឹងកាត់បន្ថយតម្លៃប្រេងឥន្ធនៈ នៅក្រោយពេលមានកូដកម្មនិងការតវ៉ានៅទូទាំងប្រទេសអស់រយៈពេលមួយអាទិត្យកន្លងមកប្រឆាំងទៅនឹងការទ្បើងថ្លៃប្រេងយ៉ាងឆាប់រហ័ស។
កាតា៖ ព្រះចៅស៊ុលតង់ ព្រះនាម សៀក ហាមាដ ប៊ីន ខៃហ្វា អាល ថានី (Sheikh Hamad bin Khaifa al-Thani) នៃប្រទេសកាតា (Qatar) បានអំពាវនាវឱ្យមានការបញ្ជូនក្រុមទាហានអារ៉ាប់ទៅកាន់ប្រទេសស៊ីរីដើម្បីបញ្ឈប់អំពើហិង្សាដែលកំពុងបន្តមាននៅក្នុងប្រទេសនេះ។
កូរ៉េខាងជើង៖ ទីភ្នាក់ងារព័ត៌មាន អាសូសីអេតធីដ (Associated Press) បានបើកការិយាល័យមួយនៅក្នុងរដ្ឋធានីព្យុងយ៉ាង (Pyongyang) នៃប្រទេសកូរ៉េខាងជើងហើយ ដែលក្លាយទៅជាអង្គការព័ត៌មានអន្តរជាតិទីមួយដែលមានវត្តមានជាអចិន្ត្រៃយ៍ដើម្បីយកព័ត៌មានពីប្រទេសជាតិនៅដាច់ពីគេនេះ ជាពាក្យពេចន៍ រូបភាពនិងវីដេអូ។