តៃវ៉ាន់៖ ប្រធានាធិបតីតៃវ៉ាន់ ម៉ាអ៊ីងជាវ (MaYing-jeou) បានទទួលជ័យជំនះនៅក្នុងការបោះឆ្នោតកាលពីថ្ងៃសៅរ៍ ដោយបានទទួលសន្លឹកឆ្នោតគាំទ្រ៥១ភាគរយ ច្រើនជាងលោកស្រី ឆាយ អ៊ីនវិន (Tsai Ing-wen) មេដឹកនាំក្រុមប្រឆាំងដែលបានទទួល៤៦ភាគរយ។ លោក ម៉ាបាននិយាយប្រាប់ពួកអ្នកគាំទ្រលោកថាចំណងទាក់ទងជាមួយប្រទេសចិននឹងរលូនជាងមុននៅក្នុងអណត្តិខាងមុខរបស់លោក ដែលពោរពេញទៅដោយការទុកចិត្តគ្នាទៅវិញទៅមក និងការទាក់ទងគ្នានឹងប្រកបដោយសន្តិវិធីជាងមុន។
នីហ្សេរីយ៉ា៖ មានមនុស្សយ៉ាងតិចណាស់៤នាក់បានស្លាប់នៅក្នុងអំពើហិង្សាថ្មីៗបំផុតក្នុងប្រទេសនីហ្សេរីយ៉ា។ អាជ្ញាធរនិយាយថាជនរងគ្រោះទាំង៤នាក់នេះបានត្រូវសម្លាប់កាលពីយប់ថ្ងៃសុក្រនៅក្នុងការវាយប្រហារ២ដោយពួកជនប្រដាប់អាវុធជិះម៉ូតូទៅលើកន្លែងលក់ស្រាបៀរក្រៅអាគារ។
សហរដ្ឋអាមេរិក៖ លោកប្រធានាធិបតីបារ៉ាក់អួបាម៉ាបានសន្យាថានឹងផ្តល់ការលើកទឹកចិត្តដល់ក្រុមហ៊ុនដែលបង្កើតការងារក្នុងសហរដ្ឋអាមេរិកនិងដាក់ទ័ណ្ឌកម្មចំពោះក្រុមហ៊ុនដែលបញ្ជូនការងារទៅប្រទេសក្រៅ។
អ៊ីរ៉ាក់៖ ការបំផ្ទុះគ្រាប់បែកអត្តឃាតមួយនៅនៅជិតក្រុង បាសរ៉ា (Basra) ក្នុងផ្នែកខាងត្បូងអ៊ីរ៉ាក់បានបណ្តាលឱ្យពួកអ្នកធ្វើធម្មយាត្រាស៊ីអ៊ីត (Shi'tes) យ៉ាងតិចណាស់៥៣នាក់ស្លាប់។ នេះជាការវាយប្រហារថ្មីៗបំផុតក្នុងបណ្តាការវាយប្រហារមួយចំនួនលើពួក ស៊ីអ៊ីតកាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
អ៊ីតាលី៖ ពួកមន្ត្រីអ៊ីតាលីបាននិយាយថាពួកអ្នកធ្វើការគ្រាមានអាសន្នស្វែងរកគ្រប់សព្វក្នុងនាវាកម្សាន្តដ៏ប្រណីតឈ្មោះកុនកូដាយ (Costa Concordia) ដែលលិចពាក់កណ្តាលនិងនៅក្នុងផ្ទៃសមុទ្រជុំវិញកប៉ាល់នេះដើម្បីរកមនុស្សរាប់សិបនាក់ដែលបានបាត់ខ្លួនក្រោយពីនាវានេះបានគឿងនៅទល់មុខឆ្នេរសមុទ្រ ទូសខេនណី (Tuscany)។
អាល្លឺម៉ង់៖ លោកស្រី អែនជេឡា មឺខែល (Angela Merkel) អធិការបតីនៃប្រទេសអាល្លឺម៉ង់បានមានប្រសាសន៍ថាការបន្ថយពិន្ទុឥណទាននៃប្រទេស៩ក្នុងទ្វីបអឺរ៉ុបបង្ហាញថាសហភាពអឺរ៉ុបមាន «ពេលយ៉ាងយូរ» នៅខាងមុខដើម្បីធ្វើឱ្យពួកអ្នកបណ្តាក់ទុនមានការទុកចិត្តទ្បើងវិញ។