អ៊ីរ៉ាក់៖ មានមនុស្សយ៉ាងតិចណាស់៣២នាក់បានស្លាប់នៅក្នុងការវាយប្រហារដោយការបំផ្ទុះគ្រាប់បែកអត្តឃាតយ៉ាងជាក់ស្តែងមួយទៅលើពួកអ្នកធ្វើធម្មយាត្រានិកាយស៊ីអ៊ីត (Shi'ite) មួយក្រុមនៅជិតក្រុងបាស្រា (Basra) នាប៉ែកខាងត្បូងនៃប្រទេសអ៊ីរ៉ាក់។
អឺរ៉ុប៖ ក្រុមហ៊ុនឱ្យពិន្ទុឥណទាន ស្ទេនដាដ អេន ផួរ (Standard and Poor's) បានបញ្ចុះពិន្ទុប្រទេសចំនួន៩ក្នុងទ្វីបអឺរ៉ុបកាលពីថ្ងៃសុក្រនេះដោយនិយាយថាពួកមេដឹកនាំនៃប្រទេសទាំងនេះបានចាត់វិធានការយឺតពេកក្នុងការពង្រឹងវិស័យហិរញ្ញវត្ថុនៃតំបន់ចាយប្រាក់អឺរ៉ូដែលមានវិបត្តិ។
អាមេរិក/ភូមា៖ លោកប្រធានាធិបតីស.រ.អា. បារ៉ាក់ អូបាម៉ា បានហៅសេចក្តីសម្រេចចិត្តរបស់ប្រទេសភូមាក្នុងការដោះលែងអ្នកទោសនយោបាយរាប់រយនាក់នេះថាជា"ជំហានដ៏សំខាន់មួយក្នុងការឆ្ពោះទៅកាន់កំនែទម្រង់ប្រជាធិបតេយ្យ"។
អង្គការសហប្រជាជាតិ៖ លោក បាន គីមូន អគ្គលេខាធិការអ.ស.ប. បានមានប្រសាសន៍ថាលោក”មានការខ្វល់ខ្វាយជាខ្លាំង”អំពីកង្វះខាតនៃការរំសាយអាវុធពីក្រុមជនសកម្មប្រយុទ្ធនិងក្រុមនយោបាយ ហេបូឡា (Hezbollah)។
អ៊ីតាលី៖ ពួកមន្ដ្រីអ៊ីតាលីបានថ្លែងថា មានមនុស្សយ៉ាងតិច ៣នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀតរបួស នៅពេលដែលនាវាកំសាន្ដប្រណិតមួយគ្រឿងបានបើកគឿងលើដីនៃឆ្នេរសមុទ្រនៃតំបន់ទុស្កានី (Tuscany) កាលពីថ្ងៃសុក្រនេះ។ ចំនួនអ្នកស្លាប់នេះគឺតិចជាងសេចក្ដីរាយការណ៍លើកដំបូង។
តៃវ៉ាន់៖ មណ្ឌលបោះឆ្នោតដើម្បីជ្រើសរើសប្រធានាធិបតីតៃវ៉ាន់បានបិទបញ្ចប់ហើយ ហើយលទ្ធផលដំបូងបានបង្ហាញឲ្យឃើញថាប្រធានាធិបតីកាន់អំណាចបច្ចុប្បន្ន លោក ម៉ា យិង ជូ ធ្វើការនាំមុខ។
ដាណឺម៉ាក៖ បណ្ដាញទូរទស្សន៍ រូច ធីវី (Roj TV) របស់ក្រុមជនជាតិឃឺត (Kurdish) ដែលមានទីតាំងនៅក្នុងទីក្រុងកូប៉ិនហាក (Copenhague) បានប្តឹងឧទ្ធរណ៍ទៅនឹងសេចក្ដីសម្រេចរបស់តុលាការនៃប្រទេសដាណឺម៉ាក ដែលបានរកឃើញថា ទូរទស្សន៍នោះបានបំពានលើច្បាប់ប្រឆាំងនឹងភេរវកម្ម។
ក្វាតេម៉ាឡា៖ ពួកមន្ដ្រីនៃប្រទេស ក្វាតេម៉ាឡា (Guatemala) បានថ្លែងថា មេដឹកនាំនៃគណបក្សប្រឆាំងម្នាក់ និង បងប្រុសរបស់លោក បានត្រូវគេបាញ់សម្លាប់ មូយថ្ងៃមុនពេលប្រធានាធិបតីថ្មីរៀបចំឡើងកាន់តំណែង។
អាមេរិក/អាហ្រ្វិក៖ លោកស្រី ហីលឡារី ក្លីនតុន រដ្ឋមន្ដ្រីការបរទេសស.រ.អា នឹងធ្វើទស្សនកិច្ចទៅប្រទេស ៤នៅតំបន់អាហ្វ្រិកខាងលិចនៅដើមសប្ដាហ៍ក្រោយនេះ ក្នុងគោលបំណងដើម្បីផ្តោតទៅលើបញ្ហាអភិបាលកិច្ចល្អ និង ការអភិវឌ្ឍន៍សេដ្ឋកិច្ច។